ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OpenSignal រកឃើញ​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ទាំង​ចល័ត និង​អ​ចល័ត​ប្រមាណ​ជិត​២០​ដែល​កំពុង​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ យ៉ាងនេះ​ក្ដី មាន​ក្រុមហ៊ុន​ធំ​ៗ​តែ​៣​ប៉ុណ្ណោះ​ដែល​ឈានមុខ​គេ ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ទាំង​ចល័ត និង​អ​ចល័ត​ប្រមាណ​ជិត​២០​ដែល​កំពុង​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ យ៉ាងនេះ​ក្ដី មាន​ក្រុមហ៊ុន​ធំ​ៗ​តែ​៣​ប៉ុណ្ណោះ​ដែល​ឈានមុខ​គេ ។

ថ្មី​ៗ​នេះ យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​OpenSignal ជា​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​ឯកទេស​ក្នុង​បណ្ដាញទូរស័ព្ទ​ចល័ត មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់​គ្លេស បាន​ចេញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា នៅ​កម្ពុជា មាន​ប្រតិបត្តិ​ករ​តែ​មួយ​គត់ គឺ​ក្រុមហ៊ុន Cellcard ដែល​បាន​ដាក់​ចេញ​នូវ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​4G នាំមុខ​គេ ។

របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​បញ្ជាក់​ថា ៖« បន្ទាប់​ពី​បាន​ពិនិត្យ​ទៅ​លើ​ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ឡើង​វិញ​នា​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ យើង​បាន​រក​ឃើញ​ថា​Cellcard នៅ​តែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ មិន​ត្រឹមតែ​ល្បឿន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ 4G​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ប្រតិបត្តិការ​ជា​ច្រើន​ទៀត » ។
ការ​ធ្វើតេស្ដ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន Cellcard បាន​ហក់​ឡើង​កំពូល​តារាង​ចំណាត់​ថ្នាក់​​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ 4G របស់​OpenSignal ដោយ​ការ​ទាញ​យក​ឯកសារ ឬអ្វី​ផ្សេង​ៗ​ពី​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​LTE មាន​ល្បឿន​រហូត​ដល់​១៩,៤​មេ​ហ្គា​ប៉ៃ ។

យ៉ាងណាមិញ របាយការណ៍​ក៏​បាន​រក​ឃើញ​ថា ក្រុមហ៊ុន Smart Axiata បាន​និង​កំពុង​តែ​វិវត្តន៍​នៃ​ការ​ដំណើរ​ល្បឿន​អុ​ី​ន​ធើ​រ​ណេ​តរបស់​ខ្លួន ស្ទើរតែ​ដូច​ក្រុមហ៊ុន​Cellcard​ដែរ​នា​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ប្រតិបត្តិការ​ប្រព័ន្ធ​4G របស់​ក្រុមហ៊ុន Metfone បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៦​ខែ​ដូច​គ្នា ដោយ​បាន​កើន​ឡើង​​ពី​៥៥,៩% ទៅ​៦៩,៨% ។ កំណើន​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន Metfone ក្នុង​ការ​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​ក្រុមហ៊ុន Cellcard និង​ក្រុមហ៊ុន Smart ។ បើ​ទោះជា​ក្រុម​ហ៊ុន Metfone កំពុង​ដាក់​ឱ្យ​មានដំណើរ​ការ​សេវា 4G ជាមួយ​គូប្រជែង​របស់​ខ្លួន​ក្តី ប៉ុន្តែ​ល្បឿន LTE របស់​ក្រុមហ៊ុន​នេះ​នៅ​តែ​យឺត​ដដែល ។

ក្រុមហ៊ុន OpenSignal និយាយ​ថា ៖«​យើង​បាន​រក​ឃើញ​ថា ការ​ទាញ​យក​ឯកសារ​ឬអ្វី​ផ្សេង​ៗ​ពី​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន Metfone ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​4G គឺ​មាន​ទំហំ​៣,៥​មេ​ហ្គា​ប៉ៃ ដែល​នេះ​គ្រាន់តែ​ជាមួយ​ភាគ​នៃ​ល្បឿន​អី​ុ​ន​ធើ​រ​ណេ​ត​គូប្រជែង​របស់​ខ្លួន​ប៉ុណ្ណោះ » ។

« ថ្វី​ដ្បិតតែ​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន Metfone មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុងអំឡុងពេល​ធ្វើតេស្ត​ចុង​ក្រោយ​បំផុត​របស់​យើង​ក្តី ប៉ុន្តែ​ក្រុមហ៊ុន Cellcard នៅ​តែ​ឈានមុខ​ដដែល​តាម​ការ​វាស់​ស្ទង់​របស់​យើង ។ ចំពោះ​ប្រតិបត្តិ​ករ​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន CamGSM មិន​ត្រឹមតែ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្តល់​សេវា​ល្បឿន​លឿន​4G របស់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បានការ​កោតសរសើរ​លើ​ប្រតិបត្តិការ​ប្រព័ន្ធ​3G និង​រង្វាស់​ល្បឿន​សរុប​ផ្សេង​ៗ​ទៀត​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន OpenSignal បាន​ធ្វើការ​វាស់​ស្ទង់​បទ​ពិសោធន៍​ជាក់ស្តែង​របស់​អ្នក​ប្រើប្រាស់​លើ​បណ្តាញទូរស័ព្ទ​ចល័ត ប្រដូច​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ ក្រុមហ៊ុន​ប្រមូល​បាន​២​ប៊ី​លាន​ទិន្នន័យ​ពី​ការ​វាស់​ស្ទង់​ប្រចាំ​ថ្ងៃ​ពី​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លើ​ពិភពលោក រាប់​លាន​គ្រឿង ។

ការ​វាស់​ស្ទង់​របស់​ក្រុមហ៊ុន​ធ្វើ​ឡើង​គ្រប់​ម៉ោង​ក្នុង​១​ថ្ងៃ រាល់ថ្ងៃ​ក្នុង​១​ឆ្នាំ ស្ថិត​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ធម្មតា រួម​ទាំង​ការ​ប្រើប្រាស់​នៅ​ក្នុង​-​ក្រៅ​អគារ ទីក្រុង​-​ជន​បទ និង​គ្រប់​ទីកន្លែង ។ ដោយ​ការ​វិភាគ​ទៅ​លើ​ឧបករណ៍​វាស់​ស្ទង់​ដែល​បាន​កំណត់​នៅ​តាម​កន្លែង​នៃ​អ្នក​ប្រើប្រាស់​រស់នៅ ធ្វើការ និង​ធ្វើ​ដំណើរ ក្រុមហ៊ុន​បាន​ធ្វើការ​រាយ​ការណ៍​​អំពី​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​នូវ​របៀប​នៃ​អ្នក​ប្រើប្រាស់​កំពុង​ជួប​ប្រទះ​។

ជាក់ស្ដែង ទិន្នន័យ​ដែល​ប្រមូល​បាន​ចំនួន​១០១.៤៥២.៦១៨ ត្រូវ​បាន​ប្រមូល​ពី​អ្នក​ប្រើ​ប្រាស់​ចំនួន​១១.៩១២​នាក់ ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​២ តុលា ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​​ក្រុមហ៊ុន​កំពុង​បន្ត​សម្របសម្រួល និង​កែប្រែ​វិធីសាស្ត្រ​ដើម្បី​ឱ្យ​បាន​ល្អ​បំផុត​ទៅ​តាម​ប​ម្លា​ស់​ប្តូរ​នៃ​អតិថិជន​លើ​ការ​ប្រើប្រាស់​បណ្តាញទូរស័ព្ទ​ចល័ត និង​ការ​ប្រៀបធៀប​នៃ​របាយការណ៍​លទ្ធផល​មុន​ៗ ។

តាម​របាយការណ៍​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា នៅ​ឆ្នាំ​២០១៦ មាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចំនួន​៩ និង​អ​ចល័ត​ចំនួន​៩​ដែល​បាន​ចុះបញ្ជី​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​។ ចំណែក​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីន​ធើ​រ​ណេ​ត​អ​ចល័ត​នៅ​កម្ពុជា​មាន​ចំនួន​៣៣​ក្រុមហ៊ុន និង​ចល័ត​មាន​ចំនួន​៦​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ