ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ចាម​ទទួល​បាន ពានរង្វាន់​ផ្ការំដួល​៣​ទង

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ខេត្ត និង​ខណ្ឌ​ចំនួន​៥ គឺ​ខេត្តកំពង់ចាម កំពត ព្រះ​សីហ​នុ សៀមរាប កែប ខណ្ឌដូនពេញ…

ខេត្តកំពង់ចាម ៖ ខេត្ត និង​ខណ្ឌ​ចំនួន​៥ គឺ​ខេត្តកំពង់ចាម កំពត ព្រះ​សីហ​នុ សៀមរាប កែប ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​៣​ទង ជាទី​ក្រុង​ស្អាត​លើក​ទី​២​សម្រាប់​ឆ្នាំ​២០១៨​ដល់​២០២១ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្រាប់​ខេត្តកំពង់ចាម លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ឡើង​ទទួល​ពាន ទីក្រុង​ស្អាត​ហៅ​ថា ផ្ការំដួល​៣​ទង ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​ផ្ទាល់ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប លទ្ធផល និង​លើក​ទិស​ដៅ​ការងារ​ថ្មី​របស់​ក្រសួងទេសចរណ៍ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨​នេះ​។ ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ទីក្រុង​កំពង់ចាម ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់​របស់ លោក គួ​ច ចំរើន ជា​អភិបាលខេត្ត ពិតជា​បាន​ទទួល​ការ​រាក់ទាក់ ដោយ​ភាព​ស្និទ្ធស្នាល​ពី​ប្រជាពលរដ្ឋ និង​បាន​រៀបចំ​ឲ្យ​មាន​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​បាន​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។

ចំណែកឯ​ការងារ​កសាង និង​អភិវឌ្ឍ ក៏​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ជាក់ស្តែង សួនច្បារ​ស្រស់បំព្រង មាន​រូបសំណាក​តូច​ធំ កើតឡើង សួនច្បារ ផ្កា​ចម្រុះ​ពណ៌ ស្មៅ​ខៀវស្រងាត់ ភ្លើង​បំភ្លឺ​សាធារណៈ​ភ្លឺ​ព្រោងព្រាត​ពេល​យប់​ភ្លឺ​ដូច​ថ្ងៃ​មាន​សោភ័ណ​ភាព មាន​ស្ពាន​ស្អាត ផ្លូវ​ល្អ សណ្ឋាគារ​ល្អ​សេវា​ល្អ គួរ​ជាទី​គយគន់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ថែម​ទៀត​។ ប្រជាពលរដ្ឋ​សង្ឃឹមថា ខេត្តកំពង់ចាម​នឹង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ថែម​ទៀត​ក្នុង​ឆ្នាំ​ថ្មី​២០១៨​នេះ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មាន​ផ្លូវថ្នល់ ស្ពាន សួនច្បារ រូបសំណាក​ប្រវត្តិសាស្ត្រ​នានា សាលារៀន មណ្ឌល​សុខភាព មន្ទីរពេទ្យ និង​វត្ត​អារាម​ជាដើម​។

 គួរ​រំលឹក​ថា ទេសចរណ៍​ជា​វិស័យ អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ជំរុញ​លើ​វិស័យ​ក្នុង ឆ្នាំ​២០១៧ កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ ៥.៦​លាន​នាក់ ហើយ​សង្ឃឹមថា នៅ​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍ ៧​លាន​នាក់ បង្កើត​បាន​ប្រាក់​ចំណូល ៥​ពាន់​លាន​ដុល្លារ និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ជិត ១​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ នឹង​ទទួល​បាន​ភ្ញៀវ ១៥​លាន​នាក់ រក​ប្រាក់​ចំណូល ១០​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​បាន​ប្រមាណ ២​លាន​នាក់​ផង​ដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​ធានា​បាន កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​កក់ក្តៅ​។ សម្តេច បញ្ជាក់​ថា គ្មាន​អ្នក​ទេសចរណ៍​ណា​ទៅ​លេង​កម្សាន្ត​នៅ​ប្រទេស​ដែល​មាន​សង្គ្រាម​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ