ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួងការបរទេស ឆ្លើយ​តប​ទៅ​នឹង​ប្រទេស​មហាអំណាច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ នេះ​បាន​ថ្លែង​ថា មហាអំណាច​ប្រទេស​លោក​ខាងលិច…

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ នេះ​បាន​ថ្លែង​ថា មហាអំណាច​ប្រទេស​លោក​ខាងលិច និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​កំពុង​ប្រើប្រាស់​ឧបាយកល​មិនល្អ មក​លើ ប្រទេស​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ​ធ្វើ​ប៉ះពាល់​ដល់​ស្ថិរភាព សន្តិភាព សេរីភាព​របស់​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​។ លោក​បាន​ថ្លែង​ដូចនេះ​នៅ​ចំពោះ​មន្ត្រី​ការទូត និង​កុងស៊ុល​កម្ពុជា​ជាង​៣០០​នាក់​នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​២០១៧ និង​ទិស​ដៅ​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស​។ សន្និបាត​ប្រចាំឆ្នាំ​នេះ មានការ​ចូលរួម​ពី​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បណ្តា​ប្រទេស​នានា​ទូ​ទាំង​ពិភពលោក ចូលរួម​ជាង​៣០០​នាក់ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២ ខែមីនា ២០១៨​។ សន្និបាត​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ពិធី​សន្និបាត​ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី (​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​)​។ លោក​រដ្ឋលេខាធិការ​បន្ត​ថា​៖”​អស់​រយៈ​មួយ​ឆ្នាំ​កន្លង​មក​ហើយ ព្យុះ​នយោបាយ​ដ៏​ឃោរឃៅ​បង្ក​ឡើង​ដោយ​ប្រទេស​មហាអំណាច និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​មួយ​ចំនួន បាន និង​កំពុង​បក់​បោក​យ៉ាង​ខ្លាំងក្លា​មក​លើ​ទឹកដី​មាតុភូមិ​កម្ពុជា សំដៅ​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព បង្ក​ភាព​ចលាចល​ក្នុង​សង្គម​ជាតិ សំដៅ​ចាប់បង្ខំ​រាជរដ្ឋាភិបាល​ឲ្យ​ដើ​តាម​គន្លង​នយោបាយ​របស់​ពួក​គេ តាម​រយៈ​ជន​លក់​ឧត្តមគតិ​ជាតិ បម្រើ​ផលប្រយោជន៍​ឱ្យ​បរទេស​។

 លោក​បាន​លើក​ឡើង​ថា​៖ ស្ថិត​នៅ​ចំពោះ​មុខ​ប្រកបដោយ​គ្រោះថ្នាក់​ចំពោះ​សង្គម​ជាតិ​បែប​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ប្រកប ដោយ​គតិបណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​ទស្សនវិស័យ​ទូលំទូលាយ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ​របស់​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ទាំង​នៅ​ក្នុង​ក្រសួង ទាំង​កំពុង​បំពេញបេសកកម្ម​នៅ​បរទេស បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ ជម្នះ​រាល់​ការ​លំបាក និង​ឧបសគ្គ​នានា ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ច្រើន​គួរ​ជាទី​មោ​ទ​នៈ​។ លោក​រដ្ឋលេខាធិការ​លើក​ឡើង​ថា កំណែទម្រង់​គិត​ចាប់តាំងពី​លោក​ទេស​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចូល​មក​ដឹកនាំ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​អស់​រយៈពេល​ជិត​២​ឆ្នាំ គោលនយោបាយ​កំណែទម្រង់​ដែល​មាន​ការដ្ឋាន​ចំនួន​៣​គឺ​ទី​១ ការដ្ឋាន​សំណង់​រូប​វន្ត​ទី​២ ការដ្ឋាន​កំណែទម្រង់​ស្ថាប័ន និង​រចនាសម្ព័ន្ធ និង​ទី​៣ ការដ្ឋាន​កំណែទម្រង់​លើ​វិស័យ​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ជា​អាទិភាព​ខ្ពស់​បំផុត របស់​លោក​ទេស​រដ្ឋមន្ត្រី​ក្នុង​ទិស​ដៅ​ជំរុញ បង្កើន​ប្រសិទ្ធភាព​ការងារ​ការទូត​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជា​បន្ទាន់ ក្នុង​ការ​ប្រឈម​ទៅ​នឹង សភាព​កា​រវិ​វត្ត​ដ៏​ឆាប់រហ័ស​នៃ​សភាព​ការ​ពិភពលោក និង​ការ​ការពារ​ផលប្រយោជន៍​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។

លោក​បន្ត​ថា​៖ នយោបាយ​កំណែទម្រង់​ផ្ទៃក្នុង​អគ្គនាយកដ្ឋាន​ចំនួន​៤ នាយកដ្ឋាន​ថ្មី​ចំនួន​១៣ និង​អង្គភាព​ថ្មី​ចំនួន​២ ចំណុះ​ឲ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​និរន្តរភាព​ការងារ​ក្នុង​ក្រសួង​ផង ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេរ​ភាគី និង​ពហុភាគី ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត និង​អង្គការ​នានា​ក្នុង​ពិភពលោក ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ការ​ថែរក្សា អធិបតេយ្យភាព បូរណភាព​ដែនដី និង​ផលប្រយោជន៍​ជាតិ​។ ក្រសួងការបរទេស​មាន​អគ្គនាយកដ្ឋាន​៤​រួម​មាន​៖ អគ្គនាយកដ្ឋាន​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក អគ្គនាយកដ្ឋាន​អឺរ៉ុប អា​មេ​រិ​ក អាហ្វ្រិក​និង​ម​ជ្ឈឹ​ម​បូព៌ា អគ្គនាយកដ្ឋាន សហប្រតិបត្តិការ​អន្តរជាតិ និង​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន​។ ស្រប​ជាមួយ​គ្នា​នេះ វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ដែល​មាន​៥​នាយកដ្ឋាន​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​បណ្តុះបណ្តាល​អ្នកការទូត​ប្រកប ដោយ​គុណភាព​។ ជាមួយនឹង​ការ​បង្កើត​ក្រុមការងារ​មួយ​ចំនួន ដូច​ជា​ក្រុមការងារ​ដើម្បី​រៀបចំ​ការ​គ្រប់គ្រង​ទិន្នន័យ​នានា​ដោយ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជាដើម​នោះ ក្រសួង​ក៏​បាន​ធ្វើ​សមាហរណកម្ម ក្រុម​ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន (IRAG) ចូល​ក្នុង​ក្រសួងការបរទេស ដើម្បី​ឲ្យ​ក្រសួង​យើង​មាន​ក្រុម​ពិចារណា​របស់​ខ្លួន ក្នុង​ការ​ផ្ដល់​ការ​វិភាគ​នយោបាយ មតិយោបល់​ជំនួយ​ដល់​ការងារ​បរទេស​។

ទាក់ទង​នឹង​កំណែទម្រង់ សេវា​សាធារណៈ ក្រសួង​បាន​សម្រេច​បាន​នូវ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ការ​រៀបចំ​តារាង​តម្លៃ​សេវា​សាធារណៈ​ផ្នែក​កុងស៊ុល​នៅ​ទីស្តីការក្រសួង និង​នៅ​តាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស ការ​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ទិដ្ឋាការ​អេ​ឡិ​ក​ត្រូ​និក ការ​រៀបចំ​ប្រព័ន្ធ Hotline សម្រាប់​គ្រប់​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទំនាក់ទំនង​ទៅ​ស្ថាន​បេសកកម្ម​ការទូត ការ​រៀបចំ​ដាក់​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ដើម្បី​គ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ និង​បុគ្គលិក ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ពាក់​ព​ន្ធ័​នៃ​រដ្ឋ​ម្ចាស់ផ្ទះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​ពលរដ្ឋ​ខ្មែរ​ភ្លាម​ៗ​។ ចំពោះ​វិស័យ​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​៖ ដោយ​មានការ​គាំទ្រ​ពី សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្ទាល់ ចំពោះ​ជីវភាព​របស់​មន្ត្រីរាជការ បុគ្គលិក​នៅ​ក្នុង​ក្រសួង ចំពោះ​ការ​រស់នៅ និង​ការ​បំពេញការងារ​ឲ្យ​មាន​លក្ខណៈ​សមរម្យ​ជា​អ្នកការទូត​កម្ពុជា​នៅ​បរទេស ក្រសួង​បាន​សម្រេច​ចាប់ពី ដើមឆ្នាំ​២០១៧ ដំឡើង​ប្រាក់ខែ និង​ប្រាក់​ឈ្នួល​ផ្ទះ​ជូន និង​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សហ​ព័ទ្ធ និង​កូន​ក្រោម​អាយុ​១៨​ឆ្នាំ​។ លោក​រដ្ឋលេខាធិការ​អះ​អា​ថា កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ទូទៅ របស់​ស្ថាន​បេសកកម្ម​នានា​ក៏​ត្រូវ​បាន​ពិនិត្យ​កែសម្រួល​ស្រប​តាម​ទំហំ​ការងារ និង​លក្ខណៈ​ដោយឡែក​នៃ​ស្ថាន​បេសកកម្ម​នីមួយ​ៗ​។

ជាមួយ​គ្នា​នេះ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង​បាន​ទទួល​ថវិកា​ចំនួន​២​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង​ទៅ ដើម្បី​ឲ្យ​ស្ថាន​តំណាង​ក្រៅប្រទេស​ដោះស្រាយ​តម្រូវការ​យានជំនិះ​ក្នុង​ការ​បំពេញបេសកកម្ម​តំណាង​ជាតិ​ប្រកបដោយ​ភាពសមរម្យ​ល្អ​ប្រសើរ​។ នៅ​រដ្ឋការ​កណ្តាល និង​ជា​លើក​ដំបូង​បំផុត ក្រសួង​បាន​រៀបចំ​របប​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំខែ​ដែល បាន​មក​ពី​ចំណែក​មួយ​នៃ​ការ​ប្រមូល​ចំណូល ជូន​រដ្ឋ យក​មក​បែងចែក​ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​ទាំងអស់​របស់​ក្រសួង​។ ជា​ថ្មី​ម្តងទៀត តាង​នាម​ឱ្យ​មន្ត្រី​បុគ្គលិក​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​សម្តែង​នូវ​ក្តី​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់ ដល់​សុខទុក្ខ និង​ជីវភាព​របស់​មន្ត្រី និង​បុគ្គលិក​ក្រោម​ឱវាទ​។ នេះ​គឺជា​មោទនភាព​ក្រៃ​លែង ដែល​ក្នុងអំឡុងពេល​មិន​ដល់​២​ឆ្នាំ​ផង ក្រសួង​បាន​ធ្វើ​ឲ្យ​សម្រេច​បាន​ចេញ​ជា​រូបរាង​នូវ​ការដ្ឋាន​កំណែទម្រង់​សំខាន់​ៗ​ទាំង​បី​ខាងលើ​នេះ​។ ទាំងនេះ​គឺជា​ស្នាដៃ​រួម​របស់​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក​ទាំងអស់​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ការ​បោះ​ជំហាន​ថ្មី​ដ៏​ធំ​មួយទៀត​សម្រាប់​ស្ថាប័ន​អ្នកការទូត​កម្ពុជា ឆ្ពោះទៅ​រក​ស្ថាប័ន​មួយ​ប្រកបដោយ​កម្រិត​វិជ្ជាជីវៈ​ខ្ពស់ ភាព​ថ្លៃថ្នូរ និង​ការ​ទទួលខុសត្រូវ​។

នៅ​ពេល​ដែល​យើង​មាន​បរិស្ថាន​ការងារ​ប្រសើរ​ជាង​មុន និង​មានការ​គិតគូរ​ពី​កម្រិតជីវភាព និង​មធ្យោបាយ​បំពេញការងារ​កាន់តែ​ប្រសើរ​ជាង​មុន យើង​ក៏​នៅ​តែ​មាន​កាតព្វកិច្ច​កែ​លំអ​ថែម​ទៀត​នូវ​ផលិតភាព​ការងារ និង​ការ​បង្កើន​ភាព​ច្នៃប្រឌិត​ក្នុង​ការ​សម្រេច​បាន​នូវ​ជោគជ័យ​ថ្មី​ៗ​ថែម​ទៀត​ដើម្បី​ទាញ​ផលប្រយោជន៍ ជូន​ជាតិ និង​លើក​ស្ទួយ​កិត្យានុភាព​ជាតិ នៅ​ក្នុង​សមរភូមិ​ការទូត​។ ការងារ​ការទូត​ការ​វិវត្តន៍​ភូមិសាស្ត្រ​នយោបាយ បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​តុល្យភាព​កម្លាំង និង​ការ​ប្រកួតប្រជែង​ដណ្តើម​ឥទ្ធិពល​របស់​មហាអំណាច​ក្នុង តំបន់ និង​ពិភពលោក បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ស្ថានភាព​ប្រទាញប្រទង់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ស្ថិរភាព សន្តិភាព និង​សន្តិសុខ ប្រទេស​ជាតិ​។ ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ប្រទេស​មា​ហា​អំណាច និង​លោក​ខាងលិច​មួយ​ចំនួន មិន​ញញើត និង​ជាន់ឈ្លី​នឹង​ជើង​នូវ​សន្តិភាព ស្ថិរភាព​ដែល​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ដោយ​លំបាក តាម​រយៈ​ការ​អនុវត្ត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា សំដៅ​បំពុលបរិយាកាស​នយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស អុជអាល​បំបែកបំបាក់​សង្គម​ជាតិ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ក្រោម​រូបភាព «​ការ​គោរព​សិទ្ធិ​មនុស្ស​» និង «​លទ្ធិប្រជាធិបតេយ្យ​» គឺ​សំដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ជ្រើសតាំង​ដោយ​ប្រជាជន​។ នៅ​ក្នុង​បរិបទ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ ការ​បរទេស​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ការពារ​ដាច់ខាត​នូវ​ផលប្រយោជន៍​ប្រទេស​ជាតិ​។

គួប​ផ្សំ​នឹង​ការ​ខិតខំ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជា​មិត្ត​ក្នុង​ពិភពលោក​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ខិតខំ​ប្រឹងប្រែង យ៉ាង​សកម្ម ក្នុង​ការ​ពន្យល់​បកស្រាយ​ជូន​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ពី​អង្គហេតុ និង​អង្គច្បាប់​នៃ​វិធានការ​ដែល​ប្រកាន់​យក​ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ សំដៅ​ទប់ស្កាត់ «​បដិវត្តន៍​ពណ៌​» ពង្រឹង​នីតិរដ្ឋ រក្សា​ការពារ​សន្តិភាព ស្ថិរភាព និង​ជីវភាព​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​។ លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា​៖ ទន្ទឹម​នឹង​នេះ​ក្រសួង​ក៏​បាន​ធ្វើការ​រ​ផ្សព្វផ្សាយ​ឯកសារ «​ប្រាប់​ពី​ការ​ពិត​» កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៧ និង​ការ​បញ្ជូន​ឯកសារ​មូលដ្ឋាន​ជា​បន្តបន្ទាប់​ឱ្យ​គ្រប់​ស្ថាន​បេសកកម្ម​កម្ពុជា​នៅ​បរទេស​ដើម្បី​ប្រើប្រាស់​តាម​តំរូវការ​ចលនា​ការទូត​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ ព្រមទាំង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​របស់​អ្នកនាំពាក្យ​ជា​បន្តបន្ទាប់​ធ្វើការ​បដិសេធ​នូវ​រាល់​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​មក​លើ​រាជរដ្ឋាភិបាល ហើយ​បានការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​គោរព​អធិបតេយ្យភាព មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូចដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

កិច្ចការ​ព្រំដែន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា​ក្នុង​ការ​សហការ ជាមួយ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ឡាវ វៀតណាម ថៃ ចុះ​ត្រួតពិនិត្យ​ខ្សែ​ព្រំដែន​លើ​ដី​ជាក់ស្តែង ដែល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បាន​ទទួល​ល​ទ្ឋ​ផល​គួរ​ឲ្យ​កត់សម្គាល់​៖ ជាមួយ​ឡាវ​បាន​ចំនួន ៤៦៤,៥​គម លើ ៥៤០​គម ស្មើនឹង​៨៦% និង​បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​១២១ លើ​ចំនួន​សរុប​១៤៥​បង្គោល​។ ជាមួយ​ថៃ ស្វែងរក និង​កំណត់​ទីតាំង​បង្គោល​ព្រំដែន​ចាស់ បោះ​ដោយ​អាណានិគម​បារាំង​-​សៀម បាន​ចំនួន​៧០​បង្គោល លើ​បង្គោល​សរុប​៧៣ បង្គោល ដែល​ក្នុង​ចំនួន​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចំនួន​៤៤​បង្គោល និង​មិន​ឯកភាព ចំនួន​២៦ បង្គោល​និង​បាន​សម្រេច​ចាប់ផ្តើម​សាងសង់​ស្ពាន នៅ​ស្ទឹង​បត់ (​ខេត្តបន្ទាយមានជ័យ​)-​បាន​ណ​ង​អៀន​(​ខេត្ត​ស្រះ​កែវ​)​។ ជាមួយ​វៀតណាម ភាគី​ទាំង​ពីរ បាន​ឯកភាព​លើ​ខ្សែ​ព្រំដែន​ចំនួន​៨៤% និង​បាន​បោះបង្គោល​ធំ​ចំនួន​៣១៤​បង្គោល ក្នុង​ចំណោម ៣៧៥​បង្គោល នៅ​លើ​ផ្ទៃដី​ជាក់ស្តែង និង​នៅ​សល់​១៦% កំពុង​បន្ត​ចរចា​ដោះស្រាយ​។ ជា​ការ​គួ​ឲ្យ​កត់សម្គាល់ ក្រសួង​បាន និង​កំពុង​សហការ​ជាមួយ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ក្នុង​ការ​រៀបចំ​បែបបទ​បច្ចេកទេស TOR សម្រាប់​អ្នកឯកទេស​បារាំង​ខាង​ផែនទីវិទ្យា ជួយ​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែនទី​ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយ​ភូមិសាស្ត្រ​ឥណ្ឌូចិន មក​លើ​ផែនទី UTM ខ្នាត ១/៥០.០០០ នៅ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់​១៤%​។

កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​គឺ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បច្ចុប្បន្ន​កម្ពុជា​បាន​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ចំនួន​១៧២​ប្រទេស បង្កើត​គណៈកម្មការ​អន្តររដ្ឋាភិបាល​ចំនួន​២ គណៈកម្មការ​ចម្រុះ​ទ្វេភាគី​ជាមួយ​ប្រទេស​១២ និង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ជាមួយ​ប្រទេស​១៨ ក្នុង​ទិស​ដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​លើ​គ្រប់​វិស័យ​។ លោក​រដ្ឋលេខាធិការ​បន្ត​ថា​៖ កម្ពុជា​មាន​ស្ថាន​តំណាង​នៅ​បរទេស​ចំនួន​៥៦ (​ស្ថានទូត​២៤ ស្ថាន​តំណាង​អចិន្ត្រៃយ៍​៤ ស្ថាន​អគ្គ​កុងស៊ុល​១០ និង​ស្ថាន​កុងស៊ុល​កិត្តិយស​១៨)​។ ក្រសួង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​និង​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​នានា​ក្នុង​ពិភពលោក លើ​មូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា គោរព​ឯករាជ្យ​ភាព អធិបតេយ្យភាព បូរណភាព​ដែនដី ស្មើភាព និង​ស្នើ​សិទ្ធិ និង​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។
នៅ​ក្នុង​បរិបទ​នេះ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​កម្ពុជា ជាមួយ​ប្រទេស​ជា​មិត្ត​ដែល​មាន​ជា​អាទិ៍ សាធារណរដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ព្រះរាជាណាចក្រ​ថៃ ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូរ៉េ មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។ ដែល​នៅ​ក្នុង​ឱកាស​នោះ ឯកសារ​ជា​ច្រើន​បាន​ត្រូវ​ចុះហត្ថលេខា ដែល​មាន​ជា​អាទិ៍​៖ ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៖ ឯកសារ​ចំនួន​១៩ លើ​វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ បរិស្ថាន​សមុទ្រ​រួម​។​ល​។ ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៖ អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ចំនួន​០៤ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ជលផល​។

ឯកសារ​ចំនួន​៤ លើ​បញ្ហា​គ្រោះ​មហន្តរាយ​តាម​តំបន់ ព្រំដែន​គោក សេដ្ឋកិច្ច អគ្គិសនី និង​ពាណិជ្ជកម្ម ថាមពល និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។ ជាមួយ​ព្រះរាជាណាចក្រ​ថៃ​៖ អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់​ចំណូល​។ ជាមួយ​ប្រទេស​ជប៉ុន ៖ ឯកសារ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន​ដល់​កម្ពុជា ដែល​ជា​រួម​មាន​៖ (១).​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ការ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ដំណាក់កាល​ទី​៤ និង​(២).​ការ​ផ្តល់​ឥណទាន​សម្បទាន​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ ជាមួយ​សាធារណរដ្ឋ​កូរ៉េ​៖ ឯកសារ​ចំនួន​២​គឺ​៖ (១).​កិច្ច​សម្របសម្រួល​ក្រប​ខណ្ឌ ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦-២០១៨ (២).​កិច្ច​សម្របសម្រួល​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​មាន​។ ក្រៅពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ខាងលើ ក្រសួង​បាន​ជួយ​សម្របសម្រួល និង​ស្វះស្វែង​កៀរគរ​ជំនួយ​ពី​ប្រទេស​ជា​មិត្ត​នានា​សម្រាប់​អភិវឌ្ឍន៍ ដល់​កម្ពុជា​ជា​អាទិ៍ ក្រសួង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​កិច្ច​សហប្រតិបត្ដិការ​ទេ្វ​ភាគី​ជាមួយ​ជប៉ុន ចិន ឥណ្ឌា កូរ៉េ សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ សហគមន៍​អឺរ៉ុប ថៃ វៀតណាម បេឡា​រុស អូស្ដ្រាលី កូ​វ៉ែត កា​តា ស្វី​ស រុ​ស្ស៊ី​។​ល​។ ស្ដី​ពី​ការ​ផ្ដល់​ជំនួយ ឬ​កម្ចីអនុគ្រោះ​លើ​វិស័យ​ផ្សេង​ៗ​។

កិច្ច​សហប្រតិបត្តិការ​ពហុភាគី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​កម្ពុជា ទៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ក្នុង​ក្រប​ខណ្ឌ​តំបន់ អនុ​តំបន់ និង​អន្តរជាតិ​។ នៅ​ក្នុង​ក្រប​ខណ្ឌ​អនុ​តំបន់ កិច្ច​សហប្រតិបត្តិការ​មេគង្គ ជា​កិច្ច​សហប្រតិបត្តិការ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន មេគង្គ កូរ៉េ មេគង្គ​-​ឡាន​ឆាង មេគង្គ​-​គង្គា គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម មហា​អនុ​តំបន់​មេគង្គ និង​គណៈកម្មាធិការ​ទន្លេមេគង្គ កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ ការ​អភិវឌ្ឍ​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម​។ កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម កិច្ច​សហប្រតិបត្តិការ​ក្រម​ខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋការ​អា​យេ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS)​។ នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ ក្រសួង​បាន​ខិតខំ​ធ្វើការ​យ៉ាង​សកម្ម​ជាមួយនឹង​ប្រទេស​សមាជិក អាស៊ាន ទាំងអស់ ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​អាស៊ាន​ជា​សហគមន៍​មួយ​ដែល​ផ្អែក​លើ​វិធាន​ច្បាប់ ដែល​យកចិត្តទុកដាក់​លើ​ប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល​ជា​ពិសេស​ការ​អនុវត្ត “​ទស្សនវិស័យ សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥៖ វឌ្ឍនភាព​រួម​គ្នា​ឆ្ពោះទៅ​មុខ​”​។ ជាមួយ​សហភាព​អឺរ៉ុប បើ​ទោះជា​សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​ស្តី​ពី​បញ្ហា​ការ​អនុវត្ត​លិទ្ធ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាមួយនឹង​ការ​គម្រាមកំហែង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​កម្ពុជា​យ៉ាងណា​ក៏​ដោយ ក៏​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សហភាព​អឺរ៉ុប បាន​និង​កំពុង​បន្ត​វិវត្តន៍​ជា​ធម្មតា​។

ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៧ ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​ទឹកប្រាក់​ចំនួន​ប្រមា​ន ជិត ៣​កោ​ដ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្រសួងការបរទេស​បញ្ជាក់​ថា​៖​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ កម្ពុជា​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ដែល​មាន ទឹកប្រាក់​១២០.១៧​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​ធំ​ៗ​ចំនួន​៣​។ ទន្ទឹម​នឹង​នេះ ក្រសួង​កំពុង​ខិតខំ​ជំរុញ​ការ​ចរចា​ជាមួយ គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី EEC ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី​។ ដោយឡែក ក្រសួង​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​តំបន់​ផ្សេង​ៗ​ទៀត ដូច​ជា កិច្ច​សហប្រតិបត្តិការ​អាស៊ី​-​អឺរ៉ុប (ASEM) កិច្ច​សន្ទនា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អាស៊ី ACD ស​ន្និ​សិ​ទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA)​។ នៅ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ​៖ ពី​ឆ្នាំ​២០០៦ ដល់​២០១៧ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក​ក្នុង​ក្រប​ខណ្ឌ អ​.​ស​.​ប សរុប​ចំនួន ៤.៩៨៥​នាក់ (​ស្ត្រី​២១៧​នាក់​) ទៅ​ប្រទេស​៨៖ ម៉ា​លី លី​បង់ ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល ស៊ី​ប ស៊ី​រី និង​ឆា​ដ​។ ក្នុង​ឆ្នាំ​២០១៦-២០១៧​នេះ កម្ពុជា​បាន​ជាប់​ឆ្នោត​ជា​៖​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្រោម​ក្រប​ខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​កុម្ភៈ ឆ្នាំ​២០១៨​។

សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​/​មូលនិធិ​ដើម្បី​ប្រជាជន​របស់​អ​.​ស​.​ប​. និង​ការិយាល័យ​របស់ អ​.​ស​. ប​. សម្រាប់​គម្រោង​សេវាកម្ម (២០១៨-២០២០)​។ កម្ពុជា​បាន​ដាក់​បេក្ខភាព​ជា អនុប្រធាន​សម័យប្រជុំ​មហាសន្និបាត​អ​.​ស​.​ប លើក​ទី​៧៣ សម្រាប់​ឆ្នាំ​២០១៨-២០១៩​។ សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អ​.​ស​.​ប (ECOSOC) សម្រាប់​អាណត្តិ​ឆ្នាំ ២០១៩ (​មក​ដល់​ខែធ្នូ ឆ្នាំ​២០១៧​នេះ ប្រទេស​ចំនួន​១០០ បាន​សន្យា​គាំទ្រ​កម្ពុជា​)​។ ក្នុង​ឆ្នាំ​២០១៦-២០១៨ អង្គការ​អន្ដរជាតិ និង​ទីភ្នាក់ងារ​អ​.​ស​.​ប​. ចំនួន ២៥ បាន​នឹង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្ដិការ និង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ក្រោម​ក្រប​ខណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អ​.​ស​.​ប​. (UN Development Assistance Framework) ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​២៨២ លាន​ដុល្លារ​អា​មេ​រិ​ក​។ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ អង្គការ​យូ​ណេ​ស្កូ បាន​សម្រេច​ដាក់​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​របស់​កម្ពុជា​ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ កម្ពុជា​បាន​បង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ទទួល​បន្ទុក​កិច្ចការ ពាណិជ្ជកម្ម និង​ធុរកិច្ច ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ មក​ដល់​ឆ្នាំ​២០១៧ អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មាន​ចំនួន​៤០៦​។

ក្រសួងការបរទេស​បង្ហាញ​ពី​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨៖ បើ​ទោះជា​ក្នុង​បរិ​ការ​ឆ្នាំ​២០១៨ វិញ្ញាសារ​ការទូត​សម្រាប់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាន់តែ​មាន​ភាព​ស្មុគស្មាញ​យ៉ាងណា​ក៏​ដោយ ទិស​ដៅ​នយោបាយ​ការ​បរទេស​ដែល​នឹង​ត្រូវ​ប្រកាន់​យក ជា​សំខាន់​គឺ​ផ្ដល់​អាទិភាព​ជា​ចម្បង​លើ​ការពារ​ផលប្រយោជន៍​និង​លើកកម្ពស់​កិត្យានុភាព​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​ផ្ដោត​ជា​សំខាន់​លើ​ការងារ​មួយ​ចំនួន​ដូច​តទៅ​នេះ​៖ បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់​ក្នុង​ពិភពលោក​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព ស្មើ​សិទ្ធិ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​យន្តការ​ទ្វេភាគី និង​ពហុភាគី​ក្នុង​តំបន់ និង​ពិភពលោក រួមចំណែក​ការពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព បូរណភាព​ដែនដី និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ បន្ត​សហការ​យ៉ាង​សកម្ម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​របស់​ស៊ា​ន​ជា​សហគមន៍​មួយ​ដែល​ផ្អែក​លើ​វិធាន​ច្បាប់ យកចិត្តទុកដាក់​ដល់​ប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល ស្រប​តាម “​ទស្សនវិស័យ​តែ​មួយ អត្តសញ្ញាណ​តែ​មួយ សហគមន៍​តែ​មួយ​”​។ បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ប​ន្លឿ​ន​ការ​កំណត់​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​ឲ្យ​បា​ចប់​សព្វគ្រប់ និង​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​ឲ្យ​ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​។ គាំទ្រ និង​ផ្ដល់​សារៈសំខាន់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី តាម​រយៈ​ការ​ចរចា ពិគ្រោះ​យោបល់ និង​ផ្អែក​លើ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​។ បន្ត​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ និង​ថែរក្សា​សន្តិភាព​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់ អ​.​ស​.​ប រួមចំណែក​ដល់​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​ក្នុង​ពិភពលោក​។

ធ្វើការ​កែទម្រង់​នយោបាយ​ការទូត​ប្រពៃណី មក​ជា​នយោបាយ​ការទូត​ដែល​ផ្ដល់​សារៈសំខាន់​ដល់​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ផលិតផល​កម្ពុជា​។ លោក​រដ្ឋលេខាធិកា​បញ្ជាក់​ថា​៖ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប៉ុនប៉ង​អនុវត្ត​បដិវត្តន៍​ពណ៌ របស់​មជ្ឈដ្ឋាន​ខាងក្រៅ​សំដៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ធ្វើការ​វាយបក​ល្បិច​កល​ដ៏​ខ្មៅ​ងងឹត​របស់​ពួក​ទាំងនោះ ព្រមទាំង​បំភ្លឺ បង្ហាញ​ការ​ពិត​អំពី​សភាពការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ការពារ​កេរ្តិ៍ឈ្មោះ កិត្តិយស​របស់​ជាតិ និង​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍន៍​។ លោក​រដ្ឋលេខាធិការ​លើក​ឡើង​ថា សមិទ្ធផល​ធំ​ៗ​ដែល​សម្រេច​បាន​ដូច​ខាងលើ បាន​ឆ្លុះ​បញ្ចាំង​ពី​តួនាទី​ដ៏​សំខាន់ ព្រមទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ តាម​រយៈ​ការ​ចរចា​ទ្វេភាគី និង​ពហុភាគី ក្នុង​គោលដៅ​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ដែនដី និង​ផលប្រយោជន៍​ប្រទេស​ជាតិ ប្រជាជន ព្រមទាំង​បាន​លើកកម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ រួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សុខមាលភាព​សង្គម​ក្នុង​តំបន់ និង​សកលលោក​៕

កែសម្រួលដោយ