ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​សុទ្ធតែ​ដែក​បំពង់​ទីប​នរណា​មិន​ញញើត

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនពាល​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស ក្របួច​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ពួនស្ទាក់​ចាំ​វាយ​អ្នកដំណើរ​តាម​ផ្លូវ តែ​អស់លក្ខណ៍​ប៉ះ​ចំ​កម្លាំង​ប៉ូលិស​កំពុង​ចេញ​ដើរ​ល្បាត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ…

ខេត្តព្រៃវែង ៖ ជនពាល​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស ក្របួច​ចាប់​បាន បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ពួនស្ទាក់​ចាំ​វាយ​អ្នកដំណើរ​តាម​ផ្លូវ តែ​អស់លក្ខណ៍​ប៉ះ​ចំ​កម្លាំង​ប៉ូលិស​កំពុង​ចេញ​ដើរ​ល្បាត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​តាម​ដងផ្លូវ​លំ​មួយ​កន្លែង​ខាងកើត ភូមិ​អង្គ​ព្រះ ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ក្រុម​ជនពាល​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​៣​នាក់​នេះ​ទី​១- ឈ្មោះ ជ័យ ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​កោះ ឃុំ​សម្បត្តិ​មាន​ជ័យ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ទី​២- ឈ្មោះ លាង យុទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ និង​ទី​៣- ឈ្មោះ យ៉​យ យោង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​អន្ទង់ ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ច្រេស​ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍ ជិះ​ម៉ូតូ​២​គ្រឿង បាន​នាំ​គ្នា​ចេញ​ដើរ​ល្បាត​ដូច​សព្វមួយដង ដោយ​ម៉ូតូ​មួយ​នៅ​មុខ ជិះ​គ្នា​២​នាក់ ម៉ូតូ​មួយទៀត​នៅ​ក្រោយ ជិះ​គ្នា​២​នាក់​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេច​ចេញ​ក្រុម​ជនពាល​ទាំង​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភព​១AFQ- ២៧០៥ ប្រដាប់​ដោយ​ដែក​បំពង់​ទីប ប្រវែង​១​ម៉ែត្រ​៣​តឹក បាន​ដេញ​ស្ទាក់​វាយ​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹង​ទាន់ ហើយ​ក៏​បង្ក្រាប​បាន​ភ្លាម​ៗ ទាំង​ជនសង្ស័យ និង​វត្ថុ​តាង ហើយ​ក៏​នាំ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ដោយឡែក​ខាង​ប្រជាពលរដ្ឋ​វិញ បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​ចុះ​បំពេញការងារ​របស់​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស ហើយ​ពួក​គាត់​ក៏​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែរ នៅ​ពេល​ឃើញ​សមត្ថកិច្ច ចាប់​បាន​ក្រុម​ជនពាល​ទាំងនោះ ដោយ​អ្នកខ្លះ​បាន​លើក​ឡើង​ថា នេះ​ពិតជា​សំណាង​ណាស់ ដែល​ក្រុម​ជនពាល​ចេញ​ធ្វើ​សកម្មភាព​ប៉ះ​ចំ​សមត្ថកិច្ច តែបើ​មាន​អ្នកស្រុក​ណា​ម្នាក់ ធ្វើ​ដំណើរ​ទៅ​មុន សមត្ថកិច្ច​តែ​បន្តិច ច្បាស់​ជា​វេទនា​ធំ​ហើយ បើ​លេង​សុទ្ធតែ​ដែក​បំពង់​ទីប​បែប​នេះនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ