ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ច្បាប់​សង់ផ្ទះ​៣​ជាន់​ប្រើ​ជញ្ជាំង​រួម​គ្នា​ដល់​ពេល​សង់​បែរជា​រារាំង​មិន​ឱ្យ​សង់​ជាប់

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ មានរឿង​ដ៏​ចម្លែក​មួយ​បាន​កើតឡើង​នៅ​ទល់មុខ​ខាងកើត​ផ្សារ​ដងទង់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដោយ​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ចៅ ប៊ុ​ន​ហួ​ន…

ខេត្តកោះកុង ៖ មានរឿង​ដ៏​ចម្លែក​មួយ​បាន​កើតឡើង​នៅ​ទល់មុខ​ខាងកើត​ផ្សារ​ដងទង់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដោយ​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ចៅ ប៊ុ​ន​ហួ​ន អាយុ​៤៩​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់​ខេត្ត​រារាំង​ភាគី​ម្ខាង​ទៀត​ឈ្មោះ អ៊ឹ​ង ហ៊ុយ​តុង អាយុ​៥៨​ឆ្នាំ មិន​ឱ្យ​បន្ត​ការ​សាងសង់​ផ្ទះ​ដែល​មាន​ជញ្ជាំង​រួម​គ្នា​ថែម​២​ជាន់​ទៀត​ទេ ដែល​បន្ត​សុពលភាព​តាម​ប្លង់​ចាស់​ដែល​ត្រូវ​សាងសង់​៣​ជាន់ ។ ការ​សុំ​បន្ត​នេះ​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ខេត្ត​រួច​ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ កន្លង​មក ។

រឿង​ចម្លែក​ដ៏​គួរ​ឱ្យ​អៀនខ្មាស់ និង​មិន​អាច​ទទួលយក​បាន​ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​តែ​លោក ចៅ ប៊ុ​ន​ហួ​ន បាន​ដាក់​បណ្តឹង​ទាំង​បំពាន​ច្បាប់ ព្រោះ​នៅ​ក្នុង​ឯកសារ​បុរស​ម្ចាស់ផ្ទះ​ទាំង​២​រូប​ខាងលើ​បាន​ឯកភាព​សង់ផ្ទះ​យក​ជញ្ជាំង​រួម​គ្នា​(​ជញ្ជាំង​អ​ដិ្ឋ​សិ​ទ្ឋ​)​ដោយ​សង់​លើ​ព្រំ​ដី​រួម​គ្នា ហើយ​បាន​ធ្វើ​កិច្ចសន្យា​ថា នឹង​មិន​បង្កទំនាស់​នឹង​គ្នា​ទៅ​អនាគត​ទេ តែ​ពេល​នេះ​ម្ចាស់ផ្ទះ​ឈ្មោះ ចៅ ប៊ុ​ន​ហួ​ន បែរជា​បំពាន​ច្បាប់​ខ្លួនឯង​ទៅ​វិញ ។

លោក រស់ វី​រ៉ា​វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់​បាន​បញ្ជាក់​ប្រាប់ កោះសន្តិភាព នៅ​ម៉ោង​១១​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែកុម្ភៈ នេះ​ថា លោក​បាន​ទទួល​ពាក្យបណ្តឹង​នេះ​ហើយ​លោក​រិះគន់​ថា​លោក ចៅ ប៊ុ​ន​ហួ​ន មិន​គួរ​ដាក់​ពាក្យ​ប្តឹង​រំលោភ​លើ​កិច្ចសន្យា​របស់​ខ្លួនឯង​ឡើយ ។ លោក​បាន​បន្ថែម​ទៀត​ថា កិច្ចសន្យា​គឺជា​ច្បាប់​ហេតុ​អី​ក៏​លោក​បង្កើត​ច្បាប់​ហើយ​បំពាន​ច្បាប់​ដែល​បង្កើត​ដោយ​ខ្លួនឯង​ទៅ​វិញ ។

លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា មន្ទីរ​របស់​លោក​បាន​កោះ​អញ្ជើញលោក អ៊ឹ​ង ហ៊ុយ​តុង មក​ធ្វើការ​សាកសួរ​រួច​ហើយ​ព្រមទាំង​បាន​ផ្តល់​ឯកសារ​គ្រប់គ្រាន់​សំរាប់​បន្ត​សុពលភាព​សាងសង់​ដែល​អភិបាលខេត្ត​បាន​សំរេច​រួច​ហើយ ។ ចំពោះ​លោក ចៅ ប៊ុ​ន​ហួ​ន ដែល​ជាដើម​បណ្តឹង​មន្ទីរ​នឹង​ធ្វើការ​អញ្ជើញ​គាត់​មក​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ នេះ​ហើយនឹង​ផ្តល់​ពី​លទ្ធផល​ដំណោះស្រាយ​ឱ្យ កោះសន្តិភាព បានដឹង​ក្នុង​ពេល​ឆាប់​អំពី​មូលហេតុ​នៃ​ការ​ដាក់​ពាក្យបណ្តឹង​នេះ ៕

សូម​បញ្ជាក់​ថា ផ្ទះល្វែង​ខ្ពស់​សង់​រួច​ហើយ​បាន​ទុក​ដែក​បន្ត​សម្រាប់​អ្នក​សង់​ជាប់​គ្នា ។ ពេល​នេះ​អ្នក​សង់​សំណង់​ទាប​មាន​បំណង​រុះ​ដំបូល​ចេញ​ដើម្បី​សង់​បន្ត​ឱ្យ​ស្មើ​ផ្ទះ​ខ្ពស់ ដោយ​យក​ជញ្ជាំង​រួម​គ្នា​តាម​កិច្ចសន្យា ។ ប៉ុន្តែ​ភាគី​ផ្ទះ​ខ្ពស់​រារាំង​មិន​ឱ្យ​យក​ជញ្ជាំង​រួម​គ្នា​ទេ ដែល​អ្នក​ច្បាប់​និយាយ​ថា ដូច​ជា​ខិតលើ​គេ​ពេក​ហើយ ។ បើ​មិន​ព្រម​ទេ មាន​តែ​វ៉ៃ​ជញ្ជាំង​ព្រំ​ដី​នេះ​ចេញ​ទើបត្រូវ មិន​ថា​អីចឹង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ