ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ល្បីឈ្មោះ​5​រូប​រៀន​ចប់​បរិញ្ញាបត្រ​ទាំង​ត្រដាបត្រដួស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ព័ត៌មាន​ទម្លាយ​ថា កីឡាករ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​មាន​ស្ថាន​ភាព​រស់នៅ​លំបាកលំបិន​ជាងគេ ដោយ​សូ​ម្បី​តែ​ឱកាស​សិក្សា​បាន​ខ្ពស់​ក៏​មាន​ភាគតិច​នោះ​ដែរ​។ បើ​ទោះជា​កីឡាករ​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ​ដែល​មាន​អ្នកគាំទ្រ​ភ្លូកទឹកភ្លូកដី ដែល​អាច​និយាយ​បាន​ថា​ល្បីឈ្មោះ​ខ្ទរខ្ទារ​យ៉ាងណា​ក៏​ដោយ ក៏​ស្ថានភាព​រស់នៅ​របស់​កីឡាករ​ទាំងនោះ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ជួល​ផ្ទះ​គេ​នៅ ហើយ​ពឹង​លើ​ការ​ប្រដាល់ និង​មុខរបរ​ស៊ីឈ្នួល​ដោយ​ប្រើ​កម្លាំង​ច្រើន​ជាង​ដែរ…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ព័ត៌មាន​ទម្លាយ​ថា កីឡាករ​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា​មាន​ស្ថាន​ភាព​រស់នៅ​លំបាកលំបិន​ជាងគេ ដោយ​សូ​ម្បី​តែ​ឱកាស​សិក្សា​បាន​ខ្ពស់​ក៏​មាន​ភាគតិច​នោះ​ដែរ​។

បើ​ទោះជា​កីឡាករ​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ​ដែល​មាន​អ្នកគាំទ្រ​ភ្លូកទឹកភ្លូកដី ដែល​អាច​និយាយ​បាន​ថា​ល្បីឈ្មោះ​ខ្ទរខ្ទារ​យ៉ាងណា​ក៏​ដោយ ក៏​ស្ថានភាព​រស់នៅ​របស់​កីឡាករ​ទាំងនោះ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ជួល​ផ្ទះ​គេ​នៅ ហើយ​ពឹង​លើ​ការ​ប្រដាល់ និង​មុខរបរ​ស៊ីឈ្នួល​ដោយ​ប្រើ​កម្លាំង​ច្រើន​ជាង​ដែរ ។

លើកលែង​កីឡាករ​៥​រូប​ខាងក្រោម​ប៉ុណ្ណោះ ដែល​មានឱកាស​បាន​សិក្សា​ដល់​ចប់​បរិញ្ញា​បត្រ ដែល​មើលទៅ​ហាក់​មាន​ក្រេ​ឌី​ត​ល្អ​ជាងគេ ប៉ុន្តែ​ក៏​មិន​ទាន់​មានឱកាស​មានបាន​ក្រោយ​​ពេល​រៀន​បាន​ខ្ពស់​នោះ​ដែរ គឺ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាកលំបិន​នៅឡើយ​ទេ មក​ទល់​នឹង​ការ​បាត់​មុខ​ឈប់​ប្រដាល់​របស់​កីឡាករ​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​។

យោង​តាម​ស្រាវជ្រាវ​នៅ​ក្នុង​ពិភព​អ្នក​ប្រឡូក​ការ​ប្រដាល់​រហូត​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ដែល​អាច​និយាយ​បាន​ថា​ក្លាយជា​កីឡាករ​ល្បីឈ្មោះ គឺ​មាន​តែ​៥​រូប​ប៉ុណ្ណោះ​ដែល​រៀន​ចប់​បរិញ្ញាបត្រ ប៉ុន្តែ​ផ្អែក​តាម​សម្ភាសន៍​ឱកាស​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​មិនមែន​ដោយសារ​តែ​ពួក​គេ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ធូរធារ​ផ្ដល់​ឱ្យ​នោះ​ទេ គឺ​ដោយសារ​តែ​សុំ​វត្ត​ស្នាក់​នៅ​ហើយ​ប្រឡូក​ការ​ប្រដាល់ ឯ​កីឡាករ​ខ្លះ​ក៏​ត្រូវ​បាន​អ្នកធំ​ឬ​អ្នកមាន​ជួយ​ផ្ដល់​លុយកាក់​ឱ្យ​បន្ត​ការ​សិក្សា​ដល់​ចប់ ក្រោយ​ពេល​បាន​ក្លាយជា​កីឡាករ​ល្បីឈ្មោះ​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ ។

មក​ទល់​ពេល​នេះ ខ្សែជីវិត​របស់​កីឡាករ​ទាំង​៥​រូប​ហាក់​មានសំណាង​ជាង​កីឡាករ​មួយ​ចំនួន​ ដោយសារ​តែ​មាន​លទ្ធភាព​បើក​ជំនួញ​ផ្ទាល់ខ្លួន និង​ខ្លះ​ធ្វើការ​ក្រុមហ៊ុន ។ ប៉ុន្តែ​កីឡាករ​ខ្លះ​ក៏​អះ​អាង​ថា មានការ​រើសអើង​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ពួក​គេ​ដាក់​ពាក្យ​បម្រើ​ការ​ផង​ដែរ ដោយ​សារ​តែ​ក្រុមហ៊ុន​ខ្លះ​មិន​ចង់បាន​បុគ្គលិក​ជា​អ្នក​ប្រដាល់​ធ្វើ​ឱ្យ​ពួក​គេ​ទោះបី​រៀន​ចប់​ថ្នាក់​បរិញ្ញាប័ត្រ​មែន​ក៏​ពិបាក​រក​ការងារ​ធ្វើ​ផ្ទុយ​ពី​កីឡាករ​ក្នុង​វិស័យ​ផ្សេង​​ទៀត​ដែល​មាន​ក្រុមហ៊ុន និង​សហគ្រាស​តូច​ធំ​ចាប់អារម្មណ៍​ចង់​ទទួល​ជា​បុគ្គលិក​ដៃ​២​ដៃ​៣​នៅ​ពេល​កីឡាករ​ទាំងនោះ​ដាក់​ពាក្យសុំ​បម្រើ​ការងារ ។ កីឡាករ​ទាំង​៥​រូប ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ទាំងនោះ​រួម​មាន​៖

+ ឡុ​ង សុវណ្ណ​ឌឿ​ន ៖ លោក​គឺជា​អតីត​កម្មករ​រោងចក្រ និង​ជា​កម្មករ​លី​សែង​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​ដោយសារ​តែ​ខឹង​រឿង​គេ​មើលងាយ និង​ដោយសារ​តែ​យល់​ថា បើ​បន្តការងារ​ក្នុង​នាម​ជា​កម្មករ​រោងចក្រ គឺ​ពិតជា​មិន​មាន​ពេល​រៀន និង​ចង់​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់បើ​ពី​ការ​ឡើង​ប្រកួត ។

មិន​ខុស​ពី​ក្ដី​ប្រាថ្នា​ដែល​បាន​ប៉ង​ទុក អ្នក​ប្រដាល់​ប្រចាំ​ក្លិប​សាល​វ័​ន្ត​កីឡា​រូប​នេះ​ក៏​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន​តាំងពី​ប្រកួត​បាន​តែ​ប៉ុន្មាន​ម៉ឺន​រៀល រហូត​បាន​តម្លៃ​ខ្លួន​ដល់​រាប់រយ​ដុល្លារ ព្រម​ជាមួយនឹង​ឱកាស​បាន​ទទួល​ខ្សែក្រវាត់​ពី​ការ​ប្រដាល់​ផង ។

លោក​បាន​ប្រឡូក​អាជីព​ប្រដាល់​ហើយ​យក​លុយ​រៀន​រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​កាលពី​ឆ្នាំ​២០១២ ដោយ​ក្នុង​ពេល​សិក្សា​​មិន​ទាន់​ចប់​នោះ​ក៏​ត្រូវ​បាន​ទូរទស្សន៍​CTN និង CNC ជ្រើសរើស​ឱ្យធ្វើ​ជា​ពិធីករ​អត្ថាធិប្បាយ​ប្រដាល់​បន្ថែម​ផង ព្រោះតែ​កត់​សម្គាល់ថា​លោក​ពូកែ​និយាយ និង​មាន​ចំណេះ​ច្រើន​ក្រោយ​ការ​តស៊ូ ។ មក​ទល់​ពេល​នេះ លោក​នៅ​តែ​បន្ត​ការ​ប្រដាល់​មួយ​ៗ ជា​ពិសេស​សម្រាប់​ការ​ប្រដាល់​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ ប៉ុន្តែ​ការងារ​ស្នូល​របស់​លោក​គឺ​ធ្វើ​ជា​ពិធីករ​អត្ថាធិប្បាយ​ឱ្យ​កម្មវិធី​ទូរទស្សន៍ និង​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​មួយ​នៅ​ខាង​ក្រៅពី​ការ​ប្រដាល់ ។

លោក​ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​សិក្សា ប៉ុន្តែ​លោក​អះអាង​ថា ឱកាស​បាន​សិក្សា​ខ្ពស់ និង​មាន​ការងារ​សព្វថ្ងៃ​ក្រៅពី​ការ​ប្រដាល់ គ្រាន់តែ​ជួយ​ឱ្យ​លោក​ទប់​ជាប់​តម្រូវ​ដែល​បាន​កើតឡើង​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​មានបាន គឺ​មិន​មាន​នោះ​ទេ ។ លោក​ថា ខ្លួន​មិន​ខុស​ពី​និស្សិត​រៀន​ចប់​មួយ​ចំនួន​នោះ​ទេ គឺ​បាន​ត្រឹម​រក​ចំណូល​ដើម្បី​បំពេញតម្រូវការ ហើយ​បើ​កុំ​តែ​បាន​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ប្រដាល់​ដូច​ជា​ធ្វើ​ពិធីករ​អត្ថាធិប្បាយ​កីឡា គឺ​អាច​អត់បាយ​មិន​ខាន​។

+ សែន រ៉ា​ឌី ៖ លោក​ក៏​ជា​កីឡាករ​ល្បី​ឈ្មោះ​ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផង​ដែរ ថ្វី​ដ្បិតតែ​លោក​ជា​ក្មេង​វត្ត​ដែល​មានជីវិត​តស៊ូ ។ លោក​ទទួល​បាន​ឱកាស​រៀន​ចប់​ថ្នាក់​បរិ​ញ្ញាបត្រ​នោះ គឺ​ដោយសារ​តែ​បាន​ទទួល​អាហារូបករណ៍​៤​ឆ្នាំ​ពេញ​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ក្រោយ​ពេល​ល្បីឈ្មោះ​ប៉ុណ្ណោះ ។ លោក​ត្រូវ​គេ​ដឹង​ថា បាន​តស៊ូ​រៀន​ចប់​ផ្នែក​ច្បាប់​កាលពី​ឆ្នាំ​២០១៥ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ប៉ុន្តែ​មិន​បាន​ទទួល​ការងារ​ធំដុំ​នោះ​ទេ ដោយ​ក្រោយ​ចេញពី​វត្ត​ដែល​លោក​ស្នាក់​នៅ។

លោក​ក៏​បើកមុខ​ជំនួញ​លក់​បុកល្ហុង​នៅ​ម្ដុំ​ផ្សារ​ស៊ី​ឡិ​ប​ បន្ទាប់​ពី​អះអាង​ថា​ស្វែងរក​ការ​ងារ​​មានការ​រើស​អើ​ង ។ លោក​ថា ខ្លួន​ធ្លាប់​បាន​ដាក់​ពាក្យ​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន ប៉ុន្តែ​ក្រោយ​ពី​មាន​គេ​ដឹង​ថា​លោក​ជា​កីឡាករ​ប្រដាល់ ហាក់​មិនសូវ​មានការ​ស្វាគមន៍​​ទៅ​វិញ ទើប​លោក​សម្រេចចិត្ត​បើក​ជំនួញ​ជា​ជំនួស​វិញ ។ ការ​បើក​ជំនួញ​លក់​បុកល្ហុង និង​អាហារ​សម្រន់​នៅ​ក្នុង​ហាង​ដែល​លោក​បាន​ជួល​នេះ ក៏​ទទួល​បាន​ប្រាក់​ចំណូល​គួរសម​ជាង​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​។ លោក​ត្រូវ​គេ​ដឹង​ថា ស្ទើរតែ​បំភ្លេច​ចោលការ​ប្រដាល់​តែ​ម្ដង​បន្ទាប់​ពី​ការ​ប្រដាល់​លើក​ចុង​ក្រោយ​បាន​បណ្ដាល​ឱ្យ​លោក​រង​របួស ហើយ​អត់​មាន​លុយ​មើល​។

+ សែន រ៉ា​ដេ​ត ៖ មិន​ខុស​គ្នា​ដែរ កីឡាករ​ប្អូនប្រុស សែន រ៉ា​ឌី រូប​នេះ ក៏​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នោះ​ដែរ ប៉ុន្តែ​លោក​ក៏​មិន​មានការ​ងារ​ធំដុំ​ណាមួយ​ក្រោយ​ពី​មានឱកាស​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ​នោះ​ដែរ ដោយ​លោក​​នៅ​តែ​ទទួលយក​ការ​ប្រដាល់ និង​រួម​គ្នា​បើកហាង​បុកល្ហុង​ជាមួយ​បងប្រុស ។

លោក​បាន​ថ្លែង​ថា​ការ​ប្រឡូក​ការ​ប្រដាល់​ហាក់​មិនសូវ​មាន​អ្នក​ចង់​ទទួល​ឱ្យធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ណាមួយ​ដូច​គ្នា​នោះ​ដែរ ទើប​លោក​សម្រេចចិត្ត​បន្ត​ការ​ប្រដាល់ ហើយ​អះអាង​ថា បើ​ដល់​ពេល​ប្រដាល់​លែង​កើត​គឺ​អាច​បើក​ជំនួញ​ណាមួយ​ដូច​គ្នា​នឹង​បង​ប្រុស សែន រ៉ា​ឌី ។

+ ឃុន ឌី​ម៉ា ៖ លោក​ត្រូវ​គេ​ដឹង​ថា​ រៀនចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ផង​ដែរ ដោយ​ការ​សិក្សា​របស់​លោក​ត្រូវ​បាន​គេ​អះអាង​ថា ដោយសារ​តែ​មាន​អភិ​បាលខេត្ត​ម្នាក់​ដែល​ជា​អ្នក​ផ្ចុងផ្ដើម​ផ្ដល់​លុយ​ឱ្យ​បង់ថ្លៃ​សាលា ។ លោក​មិន​បាន​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័នឯកជន​ណាមួយ​ព្រោះតែ​បាន​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ​នោះ​ទេ ដោយសារ​តែ​លោក​ប្រឡង​ជាប់​ធ្វើ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំ​រាជធានី​ភ្នំពេញ ។

លោក​ថា ក្រោយ​ពី​ប្រឡង​ជាប់​ក្របខ័ណ្ឌ លោក​អត់​បាន​ដាក់​ពាក្យ​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​ធ្វើ​ជា​មេធាវី​តាម​ជំនាញ​ដែល​បាន​សិក្សា​នោះ​ដែរ ដោយសារ​តែ​លោក​យល់​ថា ការងារ​ជា​កងរាជអាវុធហត្ថ និង​ការ​ប្រដាល់​​ម្ដងម្កាល​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ហើយ ។

+ ឈូក ច័ន្ទ​សុ​ភក្ត្រ ៖ អតីត​កីឡាករ​ល្បី​ឈ្មោះ​រូប​នេះ​ក៏​បាន​តស៊ូ​រៀន​ចប់​ថ្នាក់​បរិ​ញ្ញា​ប​ត្រ​គ្រប់គ្រង​នៅ​ក្នុង​មហាវិទ្យាល័យ​ផង​ដែរ ដោយ​ក្នុង​ពេល​សិក្សា គេ​ឃើញ​កីឡាករ​រូប​នេះ ធ្លាប់​ធ្វើ​ដល់​ទៅ​សន្ដិសុខ​ប្រចាំ​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​នោះ​ផង ។ មក​ទល់​ពេល​នេះ លោក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​ផង​ដែរ ខណៈ​ដែល​លោក​ក៏​បាន​ប្រកាស​ថា​ចង់​ស្វែងរក​ការ​ងារ​នៅ​ក្នុង​វិស័យ​ឯកជន​មួយ​បន្ថែម​ទៀត បន្ទាប់​ការ​ប្រដាល់​ឡើង​រេញ​លែង​កើត ។

លោក​ថា លោក​អាច​បើក​ក្លិប​បើ​មានការ​ជ្រោមជ្រែង ហើយ​បើ​ទោះជា​លោក​រៀប​ការ​មាន​ភរិយា​ទៅ​ហើយ ក៏​លោក​ចង់​ក្លាយជា​គ្រូបង្វឹក​ប្រដាល់​ដែរ ដោយសារ​តែ​លោក​ចូល​ចិត្ត​។

ក្រៅពី​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ទាំង​៥​រូប​ខាងលើ ក៏​មាន​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត​ ស្ថិត​ក្នុង​ការ​សិក្សា​ថា្ន​ក់​បរិ​ញ្ញា​ត្រ និង​ខ្លះ​បាន​រៀន​ដល់​ចប់​ដូច​គ្នា​ផង​ដែរ ប៉ុន្តែ​មក​ពី​ការ​ប្រដាល់​កីឡាករ​ទាំងនោះ​មិនសូវ​មានឈ្មោះ​បោះ​សំឡេង ទើប​មិន​ត្រូវ​រាប់​បញ្ចូល ។

ទោះបី​យ៉ាងណា គេ​នៅ​តែ​មើលឃើញ​ថា អ្នក​ដែល​បាន​សិក្សា​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ទាំងនោះ នៅ​មិន​ទាន់​រស់​ស្រួល​ប៉ុន្មាន​ឡើយ​ដោយ​គ្រាន់តែ​ប្រសើរ​ជាង​កីឡាករ​ភាគ​ច្រើន​​ដែល​ក្រៅពី​ប្រដាល់​គឺ​មិន​មានចំណេះ​ជំនាញ​អ្វី​ដើម្បី​ស្វែងរក​ការងារ​ផ្សេង​ធ្វើ​នោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ