ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ប្រកាស​ជំហរ​គ្មាន​ការ​សន្ទនា​ថ្នាក់​ជាតិ​ទោះបី​មានការ​ស្នើ​សុំ​ក្តី

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្សកាន់អំណាច​គ្មាន​ការ​ជួប​សន្ទនា​ជា​លក្ខ​ខណៈ​ថ្នាក់​ជាតិ​អ្វី​នោះ​ទេ ទោះបីជា​មានការ​ស្នើ​សុំ​ជួប​ពិភាក្សា​យ៉ាង​ណា​ក្តី ។ ការ​ប្រកាស​ជំហរ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​មានការ​លើក​ឡើង​របស់​ពី​ភាគី​អន្តរជាតិ និង​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា…

​រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្សកាន់អំណាច​គ្មាន​ការ​ជួប​សន្ទនា​ជា​លក្ខ​ខណៈ​ថ្នាក់​ជាតិ​អ្វី​នោះ​ទេ ទោះបីជា​មានការ​ស្នើ​សុំ​ជួប​ពិភាក្សា​យ៉ាង​ណា​ក្តី ។ ការ​ប្រកាស​ជំហរ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​មានការ​លើក​ឡើង​របស់​ពី​ភាគី​អន្តរជាតិ និង​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ យ៉ាង​ដូច្នេះ​​ថា «​គ្មាន​ទេ​ការ​សន្ទនា ថ្នាក់​ជាតិ​ស្អី​នោះ ។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ដើម្បី​ការ​ស្រុះស្រួល​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ​ដែល​ឈាន​ដល់​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បើកផ្លូវ​ឲ្យ​មានការ​បោះ​ឆ្នោត​នា​ឆ្នាំ​១៩៩៣» ។

លោក​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​មាន​សភាពការណ៍​រាំងស្ទះ​ផ្នែក​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តួចផ្តើម​បង្កើត​នូវ​វប្បធម៌​សន្ទនា ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ជាតិ ។ ប៉ុន្តែ​បំណង​ដ៏​ល្អ​នេះ​ត្រូវ​អតីត​មេ​បក្ស​ប្រឆាំង​ជា​អ្នក​បំផ្លាញ​ចោល​ទៅ​វិញ​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​ត្រូវ​អន្ត​រាយ និង​ស្លាប់​បាត់​តែ​ម្តង ។ ដូច្នេះ​ទណ្ឌិត​ដែល​ឆ្លៀតឱកាស​ចង់​ឲ្យ​មានការ​សន្ទនា​ថ្នាក់​ជាតិ​ស្អី​នោះ មិន​អាច​កើត​មាន​ឡើង​វិញ​ជា​ដាច់ខាត ។

លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ការ​ចង់​ឲ្យ​មាន​របស់​ដែល​ហៅ​ថា ការ​សន្ទនា​ថ្នាក់​ជាតិ​នោះ​វា​គ្រាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ទណ្ឌិត និង​ពពួក​ឧទ្ទាម​ក្រៅច្បាប់​កំពុង​ដល់ទី​បញ្ចប់​ហើយ ។ ឧបាយកល​ចង់​ឲ្យ​មាន​របស់​ដែល​ហៅ​ថា ការ​សន្ទនា​ថ្នាក់​ជាតិ​ស្អី​នោះ​វា​គ្រាន់តែ​ចង់​រស់​ឡើង​វិញ​តែ​ប៉ុណ្ណោះ ។ តែ​មិន​អាច​ទៅ​រួច​ទេ​ខ្មោច​ដែល​ងាប់​ហើយ​មិន​អាច​រស់​ឡើង​វិញ​ឡើយ ។

សូម​ជម្រាប​ថា ការ​ប្រកាស​ជំហរ​របស់​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​នេះ​បន្ទាប់​ពី​មាន​ស្នើ​សុំ​ពី​មេធាវី​របស់​លោក កឹ​ម សុខា គឺ​លោក ផែង ហេង ស្នើ​ឲ្យ​អ្នកនយោបាយ​ងាក​ទៅ​រក​ការ​សន្ទនា​ដើម្បី​កុំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​មក​កម្ពុជា ព្រោះ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ