ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ឲ្យ​បន្ត​វ​អនុវត្តន៍​នីតិវិធី​បិទ​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ជំរុញ​ដល់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ បន្ត​វ​អនុវត្តន៍​នីតិវិធី​បិទ​យានដ្ឋាន​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​លើស​ទម្ងន់​ឲ្យ​បាន​ម៉ឺងម៉ាត់ ។

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ប្រចាំ​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិការ អនុ​គណៈកម្មការ អគ្គលេខាធិការ និង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​កាលពី​រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ។

បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ប្រចាំ​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ចងក្រង​ដោយ​គណៈកម្មាធិការ ដោយ​របាយការណ៍​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ចម្បង​នានា ទាក់ទង​នឹង​ការ​តាក់តែង​លិខិត​បទដ្ឋាន​ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​ឯកទេស​ជំនាញ​លទ្ធផល​ត្រួតពិនិត្យ​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់ សភាពការណ៍​គ្រោះថ្នាក់​ចរាចរ ប្រតិកម្ម​របស់​សាធារណៈជន បញ្ហា និង​ភាព​ប្រឈម​ផែនការ និង​ទិស​ដៅ​អនុវត្តន៍​ការងារ​បន្ត ។

នៅ​ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ឃើញ​ថា គ្រោះថ្នាក់​ចរាចរ​ខែមករា​-​កុម្ភៈ ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​៥២៩​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៦៨​នាក់ និង​របួស​ចំនួន​៧៤៤​នាក់ ជា​មធ្យម​ជន​រង​គ្រោះ​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ចំនួន​៥៦​នាក់ និង​របួស​ចំនួន​១៣៥​នាក់ ប្រៀបធៀប​នឹង​ខែមករា​-​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ គ្រោះថ្នាក់​បាន​ថយ​ចុះ​ចំនួន​៨១​លើក ស្មើនឹង​១៣​ភាគរយ ។ ទន្ទឹម​នឹង​នេះ លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​នីតិវិធី​ចេញ​ប័ណ្ណបើកបរ​ឡើង​វិញ​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ជាដើម​ចម​មួយ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង និង​បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ពេល​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​តាម​ដងផ្លូវ រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​វិញ្ញាបនបត្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ប័ណ្ណបើកបរ និង​ប័ណ្ណ​សម្គាល់​យានយន្ត ដើម្បី​ធានា​សុវត្ថិភាព​ក៏​ដូច​ជា​បង្ការ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី​ក៏​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​អនុវត្តន៍​នីតិវិធី​បិទ​យានដ្ឋាន​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដែល​ជា​ប្រភព នៃ​ការ​កែ​ច្នៃ​យានយន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នាំ​ឱ្យ​ខូច​ផ្លូវថ្នល់ ស្ពាន និង​បង្ក​គ្រោះថ្នាក់​ចរាចរ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​លើ​ការ​រៀបចំ​លិខិត​បទដ្ឋាន​ដែល​ម្រូ​វ​ឱ្យ​យានយន្ត​ដឹក​ទំនិញ និង​រថយន្ត​ធុន​ធំ ត្រូវ​មាន​បិទ​ចំណាំងផ្លាត​សុវត្ថិភាព (​ស្ទី​គ័​រ​ចំណាំងផ្លាត​ពន្លឺ​ពេល​យប់​) ដើម្បី​ការពារ​អាយុជីវិត​អ្នកបើកបរ​ពេល​យប់ ពី​គ្រោះថ្នាក់​ចរាចរ ដែល​អាច​កើតឡើង​ជាយថាហេតុ ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​ចំពោះ​សមាជិក​សមាជិកា​គណៈកម្មាធិការ ក៏​ដូច​ជា​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស លក្ខណៈ​បច្ចេកទេស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ ប្រកបដោយ​ជោគជ័យ​កន្លង​មក និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ខិតខំ​ប្រឹងប្រែង​ការងារ​បន្ត​ទៀត ដើម្បី​កម្ពុជា​គ្មាន​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ឲ្យ​បាន​ម៉ឹង​ម៉ាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ