ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​មុន ពលរដ្ឋ​ខ្មែរជាង​កន្លះ​លាន​នាក់​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កំណើនសេដ្ឋកិច្ច និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កើនឡើង កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១,៧​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស កើនឡើង​២២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ មាន​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កំណើនសេដ្ឋកិច្ច និង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កើនឡើង កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១,៧​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស កើនឡើង​២២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ មាន​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​រដ្ឋ​លេខាធិ​ការ​ក្រសួងទេសចរណ៍ ។

កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ថា ដោយសារ​កត្តាសេដ្ឋកិច្ច និង​កម្រិតជីវភាព​របស់​ពលរដ្ឋ​មានការ​លើកកម្ពស់ កាលពី​ឆ្នាំ​២០១៧ ទេសចរ​កម្ពុជា​បាន​ចេញ​ទៅ​ក្រៅប្រទេស​មាន​ជាង​១,៧​លាន​នាក់ កើនឡើង​២២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ មាន​ជាង​៥០​ម៉ឺន​នាក់ ។

លំហូរ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ច្រើន​បែប​នេះ បើ​តាម​ប្រធាន​សមាគម​ទេស​ចរណ៍​កម្ពុជា មើលឃើញ​ថា មាន​កត្តា​មួយ​ចំនួន​ដូច​ជា ទៅ​ដើរ​កម្សាន្ត ធ្វើ​ជំនួញ និង​ពិនិត្យ​សុខភាព ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា ថ្លែង​ថា ៖« តាម​ទស្សនៈ​របស់ខ្ញុំ លំហូរ​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ មាន​ដូច​ជា ទៅ​ទស្សនា​លំហែ​កាយ មួយ​ចំនួន​ទៅ​ធ្វើ​ជំនួញ​ច្រើន​គួរសម និង​មួយ​ចំនួន​ធំ​ទៀត​ទៅ​ពិនិត្យ​សុខភាព ។ យើង​ឃើញ​នៅ​ផ្នែក​ធ្វើ​ជំនួញ និង​ពិនិត្យ​សុខភាព គឺ​មាន​ច្រើន » ។

លោកស្រី​បន្ដ​ថា ៖« យើង​នៅ​តែ​មើលឃើញ​ថា ប្រទេស​ថៃ នៅ​មាន​ចំណុច​ទាក់ទាញ ដោយសារ​មុខម្ហូប​គេ ភាព​ស៊ី​វី​ល័យ និង​ផលិតផល​ក្នុងស្រុក​គេ​មាន​ច្រើន អាច​ឆ្លើយ​តប​គ្រប់​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​សេវា​ពិនិត្យ​សុខភាព និង​ផលិតផល​របស់​គេ យើង​នៅ​តែ​ត្រូវការ​រាប់​ពីលើ​ដល់​ក្រោម ។ អីចឹង យើង​មើលឃើញ​ថា លំហូរ​ភ្ញៀវ​ទេស​ចរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​នៅ​តែ​មាន ព្រោះ​យើង​ត្រូវការ​នាំ​ចូល​ផលិតផល​គេ​យក​មក​លក់​នៅ​កម្ពុជា » ។

លោកស្រី​បន្ត​ទៀត​ថា ៖« ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ថៃ​ចូល​មក​កម្ពុជា​វិញ យើង​ត្រូវ​ការ​បង្កើន​ផលិតផល​ទេសចរណ៍​បន្ថែម​ទៀត ព្រោះ​គេ​មិន​អាច​មក​ទស្សនា​វត្ថុ​ដដែល​ៗ​នោះ​ទេ គេ​ត្រូវការ​អ្វី​ដែល​ថ្មី​ប្លែក​ៗ ។ អីចឹង បើ​យើង​ចង់បាន​ការ​ទាក់ទាញ​ចំនួន​ភ្ញៀវ​ទេស​ចរ​ឲ្យ​កាន់តែ​ច្រើន ទាល់តែ​យើង​បន្ថែម​ទៅ​លើ​ផលិតផល​ទេសចរណ៍ ដូច​ជា កន្លែង​កម្សាន្ត រមណីយដ្ឋាន​កែ​ច្នៃ ផលិតផល​ក្នុងស្រុក និង​អនាម័យ ជាដើម » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា កម្ពុជា​មាន​រមណីយ​ដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស ចំនួន​សរុប​៣៩៤​កន្លែង បែងចែក​ទៅ​តាម​ប្រភេទ​ដូច​ជា រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​១១៤​កន្លែង​, រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ​២១​កន្លែង​, រមណីយដ្ឋាន​ធម្មជាតិ​កែ​ច្នៃ​២៤​កន្លែង​, រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​៦​កន្លែង​, រមណីយដ្ឋាន​កែ​ច្នៃ​៣៣​កន្លែង​, រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​២៧​កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍​ជាតិ​១៦៩​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ