ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំណត់​យក​ទេសចរណ៍​ជា​វិស័យ​អាទិភាព​មួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ជ្រើស​រើស​​ទេសចរណ៍​ជា​វិស័យ​ស្នូល និង​អាទិភាព​មួយ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សង្គម ស្រប​ពេល​វិស័យ​មួយ​នេះ បាន​ផ្ដល់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ឆ្នាំ​ដល់​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​ជ្រើស​រើស​​ទេសចរណ៍​ជា​វិស័យ​ស្នូល និង​អាទិភាព​មួយ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សង្គម ស្រប​ពេល​វិស័យ​មួយ​នេះ បាន​ផ្ដល់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ឆ្នាំ​ដល់​ប្រទេស​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​ក្រសួងទេសចរណ៍ លោក ហោ ណាំ​ហុង ឧប​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ទេសចរណ៍​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​វិស័យ​នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រសួងទេសចរណ៍​ថា ៖« គួរតែ​មាន​វិធានការ​មួយ​ចំនួន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ដែល​នឹង​កើនឡើង​ដល់​២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០, ទេសចរ​អន្តរជាតិ​៦,១​លាន​នាក់​នៅ​ឆ្នាំ​២០១៨, ៧​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ និង​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០៣០។ ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​ទេសចរ​មក​ពី​ប្រទេស​នានា ការ​បណ្តុះបណ្តាល​មគ្គុ​ទ្ទេសក៍​ទេសចរណ៍ ក៏​ត្រូវ​យកចិត្តទុកដាក់​ទាំង​ភាសា ទាំង​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឲ្យ​បាន​ច្បាស់លាស់ » ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ ៥,៦​លាន​នាក់ កើនឡើង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

លោក​បន្ដ​ថា ៖« ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​អ្នកទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា យើង​ក៏​មានការ​កើនឡើង​នូវ​ចំនួន​អ្នកទេសចរ​កម្ពុជា​ចេញ​ទៅ​ទស្សនា​ក្រៅប្រទេស​ផង​ដែរ គឺ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ប្រមាណ​ជាង​១​លាន​៧​សែន​នាក់ ហើយ​ចំពោះ​ចំណូល​ដែល​យើង​ទទួល​បាន​ពី​ទេសចរ​អន្តរជាតិ កាលពី​ឆ្នាំ​២០១៧ មាន​ប្រមាណ​៣,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៣,៣% ។ វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រមាណ​១២,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា និង​តំណាង​ឲ្យ​ប្រមាណ​៣០% នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា​» ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​រាជរដ្ឋាភិបាល​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន​ហើយ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន គួរតែ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​កន្លែង​​សាធារណៈ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ឲ្យ​កាន់តែ​ច្រើន ព្រោះ​វិស័យ​ទេសចរណ៍​នេះ វា​បាន​ផ្ដល់​ប្រយោជន៍​​ច្រើន​ណាស់​ដល់​ពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំងមូល ។

លោក​បន្ត​ថា ៖« បើ​ចង់​ឲ្យ​ទេសចរ​មក​ទស្សនា​នៅ​ស្រុក​យើង​កាន់តែ​ច្រើន យើង​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ ទាំង​ចរាចរណ៍ និង​អនាម័យ​នៅ​តាម​ទី​សាធារណៈ​នានា​តាម​ដងផ្លូវ ជា​ពិសេស គួរតែ​រៀបចំ​ឱ្យ​មាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​នៅ​តំបន់​ដែល​មាន​ទេសចរ​ធ្វើ​ដំណើរ​ច្រើន សូមកុំ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម » ។

លោក​បញ្ជាក់​ថា កង្វះ​អនាម័យ និង​ការ​គ្រប់គ្រង​សំរាម​មិន​បាន​ល្អ គឺជា​បញ្ហា​មួយ​ដែល​រារាំង​ដល់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​គ្មាន​ភ្ញៀវ​ទេសចរ​ណា​ចង់​មក​លេង​នៅ​ប្រទេស​មិន​ស្អាត ប្រទេស​ដែល​ងាក​ទៅ​ណា ក៏​ឃើញ​តែ​សំរាម ហើយ​ក៏​គ្មាន​ទេសចរ​ណាមួយ​ចង់ទៅ​ទស្សនា​តំបន់​សំរាម​ដែរ ។ ដូចនេះ ដើម្បី​ឲ្យ​ភ្ញៀវ​មក​ទស្សនា​កាន់តែ​ច្រើន អាជ្ញាធរ​ក្រោម​ៗ​គួរតែ​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ល្អ ថែរក្សា​អនាម័យ​គ្រប់​ទីកន្លែង មិន​ថា​តែ​តំបន់​នៅ​តាម​ផ្លូវ​នានា​ទេ សូ​ម្បី​នៅផ្ទះ​ក៏​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្អាត​ល្អ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ