ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អស់​៣​ខ្នង​ក្នុងស្រុក​ក្រូចឆ្មារ

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ស្មើនឹង​៣​គ្រួសារ រស់នៅ​ភូមិ​ទី​៤ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ស្មើនឹង​៣​គ្រួសារ រស់នៅ​ភូមិ​ទី​៤ ឃុំ​រកា​ខ្នុរ
ស្រុក​ក្រូចឆ្មារ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ក្នុង​ពេល​នោះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជារ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ កុំ​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​ផ្សេង ។

លោក​វរសេនីយ៍ទោ សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​បាន​ឆាបឆេះ​ខ្ទេច​ប្រភេទ​ផ្ទះ​ឈើ​មាន ១.​ឈ្មោះ ឈី​ម ស្រ៊ី​ន អាយុ​៨១​ឆ្នាំ ទំហំ​៥.៦០​ម៉ែត្រ គុណ​នឹង​១០​ម៉ែត្រ ប្រក់​ស័ង្កសី ២.​ឈ្មោះ ឈឿ​ង សេង​ហ៊ា អាយុ​៥០​ឆ្នាំ ទំហំ​៧​ម៉ែត្រ គុណ​នឹង​១៥​ម៉ែត្រ ប្រក់​ក្បឿង ៣.​ឈ្មោះ ហុង ឈាង​ខ្វាន់ ទំហំ​៧​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ប្រក់​ក្បឿង ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បន្ត​ថា ក្នុង​ពេល​ដែល​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​ទី​១​នោះ​ពលរដ្ឋ​បាន​ទូរស័ព្ទ​មក​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ឲ្យ​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ គ្រាន់តែ​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​នេះ​ភ្លាម រូប​លោក​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ចេញ​ទៅ​អន្តរាគមន៍​បាញ​ទឹក និង​បាន​ស្នើ​សុំ​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ឲ្យ​រថយន្ត​នៅ​ក្រុង​សួង ស្រុក​ត្បូងឃ្មុំ និង​ស្រុក​តំបែរ ចេញ​មក​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ទប់ស្កាត់​ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​របស់​អ្នក​ផ្សេង​ៗ​ទៀត បាន​ចេញ​មក​បន្តបន្ទាប់​ផង​ដែរ ។

ក្នុង​ពេល​នោះ រូប​លោក​បាន​ចុះ​បញ្ជា​ដោយ​ផ្ទាល់​តែ​ម្តង ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​បូមទឹក​ដោយ​ប្រើ​ម៉ូ​ទ័​រ​ទុ​យ​យោរ​បាញ់​ទឹក​លើ​ផ្ទះ​ដែល​កំពុង​តែ​ឆេះ​សន្ធោសន្ធៅ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។ ភ្លើង​បាន​ឆេះ​ចេញពីផ្ទះ​ទី​១ រាលដាល​មក​ផ្ទះ​អ្នក​ជិតខាង​ចំនួន​ពីរ​ទៀត ឆេះ​ឡើង​ខ្ទេច​តែ​ម្តង​មិន​បណ្ដាល​ឲ្យ​សមាជិក​ម្ចាស់ផ្ទះ​ណា​ម្នាក់​បាន​រង​គ្រោះ ឬ​បាត់បង់​អាយុជីវិត​ទេ ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ផ្តើម​ចេញពី​ភ្លើង​ទុ​ស្សេ​ចេញពីផ្ទះ​ទី​១ ដែល​បាត់បង់​មាន​លុយ​៧,០០​ដុល្លារ និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ម្សិលមិញ លោក លី ឡេ​ង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​លោកស្រី​, អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ចែក​អំណោយ​ដោយ​ក្នុង​១​គ្រួសារ​ៗ​ខាងលើ ទទួល​បាន​មាន​អង្ករ​៥០​គីឡូក្រាម ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកបរិសុទ្ធ​១​កេស កៅស៊ូ​តង់​១​ផ្ទាំង សម្ភារ​ផ្ទះបាយ សម្ភារ​ដំណេក និង​ថវិកា​២០​ម៉ឺន​រៀល លំនៅ​ឋាន​២​ខ្នង​ដែល​ធាក់​ជញ្ជាំង​ការពារ​មិន​ឲ្យ​ឆេះ​ក្នុង​១​គ្រួសារ​ឧបត្ថម្ភ​១០​ម៉ឺន​រៀល ។ ដោយឡែក​ក្រុមការងារ​របស់​លោក ជា សុ​ផា​រ៉ា វិញ​បាន​ឧបត្ថម្ភ​ដល់​៣​គ្រួសារ ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​ស៍ង្ក​សី​២០​សន្លឹក ប្រេងឆា​៥​លី​ត្រ អង្ករ​៥០​គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ រួម​នឹង​សម្ភារ​ផ្សេង​ៗ​ទៀត អម​ដោយ​ថវិកា​៥០​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ