ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ជោ​ហ៊ុនសែន ស្រែក​…​ទើប​ឃើញ​មេ​ៗ​ខេត្ត​ចេញ​ទៅ​មើល ដូច​វាយ​ស្មៅ​បង្អើល​ពស់

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រៀប​ដូច​វាយ​ព្រៃ​វាយ​ស្មៅ​បង្អើល​ពស់វែក​មែន ! បើ​មិន​វាយ​…​ពស់​មិន​ចេញ​ទេ ។ បន្ទាប់​ពី​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​មាន​ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​ករណី​លួច​បូម​ខ្សាច់​លុប​សមុទ្រ រំលោភ​យក​ដី​ក្នុង​តំបន់​សហគមន៍…

ខេត្តកោះកុង ៖ ប្រៀប​ដូច​វាយ​ព្រៃ​វាយ​ស្មៅ​បង្អើល​ពស់វែក​មែន ! បើ​មិន​វាយ​…​ពស់​មិន​ចេញ​ទេ ។
បន្ទាប់​ពី​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​មាន​ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​ករណី​លួច​បូម​ខ្សាច់​លុប​សមុទ្រ រំលោភ​យក​ដី​ក្នុង​តំបន់​សហគមន៍ ស្ថិត​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ​ភ្លាម នៅ​ថ្ងៃ​ទី​២៣ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត បាន​ក្រោក​ពី​ព្រលឹម ២​នាក់​លោកស្នងការ​រួម​នឹង​អង្គរក្ស​២​ទៅ​៣​នាក់ ជិះ​អូ​ប័​របោះ​ពួយ​រញ្ជួយ​សមុទ្រ​ទៅ​ឈរ​ពិនិត្យ​មើល​ទីតាំង​បង្ក​បទល្មើស​បាន​មួយសន្ទុះ​ដែរ ។

ពេល​លោកស្រី​អភិបាលខេត្ត​ក្រឡេក​ឃើញ អូ​ប័​រ​អ្នកកាសែត​ទៅ​ដល់ ទំនង​បម្រុង​ដើរ​ត្រឡប់​មក​វិញ មិន​ស្វាគមន៍​អ្នកកាសែត​ទេ ប៉ុន្តែ​កោះសន្តិភាព​ឆ្លៀត​សួរ​បាន​មួយ​សំណួរ​ថា «​តើ​លោកស្រី​មាន​ចំណាត់ការ​បែប​ណា ចំពោះ​ករណី​លួច​បូម​ខ្សាច់​រំលោភ​យក​ដី​សហគមន៍​បែប​នេះ?​» លោកស្រី​អភិបាល​បាន​ឆ្លើយ​ផង​ដើរ​សំដៅ​ទៅ​ឡើង​អូ​ប័​រ​ផង​ថា «​មិន​ទាន់​ដឹង​ទេ រង់ចាំ​ក្រុមការងារ​ចម្រុះ​ចុះ​មក​សិន​» ហើយ​ឡើង​ជិះ​អូ​ប័​រ​ត្រឡប់​មក​វិញ​បាត់​ឈឹង​តែ​ម្តង ប្រៀប​ដូច​ខឹង​អ្នកកាសែត​ដែល​ពូកែ​នាំ​ភ្លើង ។

រយៈពេល​ជិត​មួយ​ម៉ោង​ក្រោយមក​ទើប​ឃើញ​អូ​ប័​រ​២​គ្រឿង​ទៀត​ដឹក​ក្រុមការងារ​ចម្រុះ​ទៅ​ដល់ ដឹកនាំ​ដោយ​លោក អន ភា​រះ អភិបាលរង​ខេត្ត លោក​អភិបាលក្រុង លោក​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​សុរិយោដី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ជា​ពិសេស​លោក​ប្រធាន​ភូមិ​ស្ទឹង​វែង​និង​ចៅសង្កាត់​ស្ទឹង​វែង ដែល​ជា​អ្នក​សុ​ី​ញ៉េ​លក់​ដី​ខាងលើ​នេះ មានទឹក​មុខស្ងួត​គួរ​ឱ្យ​អាណិត​ក៏​បាន​មក​ចូលរួម​ដែរ ។ ស្ថិត​នៅ​លើ​ទីតាំង​លួច​បូម​ខ្សាច់​រាបស្មើ​រំលោភ​យក​ដី​ខាងលើ លោក អន ភា​រះ បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ចម្រុះ​ប្រើ GPS ចុច​រក​ទំហំ​ដី​ដែល​បាន​រំលោភ ដោយ​ប្រើ​រូបភាព​លក់​ទិញ និង​រក​ទំហំ​ផ្ទៃដី​ព្រៃកោងកាង ដែល​កាប់​ដើម​អស់​រួច បាន​លួច​បូម​ខ្សាច់​លុប និង​រក​បរិមាណ​ខ្សាច់ ដែល​បាន​លួច​បូម​កន្លង​មក​ដើម្បី​បង់​សួយ​សារ​ចូល​រដ្ឋ ។ ប៉ុន្តែ​នៅ​ខណៈនោះ​ក្រុមការងារ​ចម្រុះ​មិន​បាន​បង្ហាញ​តួលេខ ពី​ចំណុច​រុករក​ទាំងអស់​ខាងលើ ឱ្យ​អ្នកកាសែត​បានដឹង​ឡើយ ដោយ​លើក​ហេតុផល​ថា ចាំ​កោះហៅ​ម្ចាស់​ដី (​អ្នកទិញ​)​ដែល​គេចខ្លួន មក​ប្រជុំ​នៅ​សាលាខេត្ត​សិន​។ ទោះបី​នៅ​ខណៈនោះ​ក្រុមចម្រុះ​បាន​ប្រទះ​ឃើញ​សម្ភារ​បង្ក​បទល្មើស ដូច​ជា​ទុយោ និង​ម៉ា​សុ​ី​ន​បូម​ខ្សាច់ ដែល​ជន​បង្ក​បទល្មើស​បាន​អូស​យក​ទៅ​លាក់​ទុក​ក្បែរ​កន្លែង​កើតហេតុ ក៏​ក្រុមការងារ​ចម្រុះ​នេះ​មិន​បាន​បង្ក្រាប និង​រឹបអូស​យក​មក​ដែរ ។

នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​អភិបាលរង អន ភា​រះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កន្លង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចុះ​ហាមឃាត់​៣​លើក​រួច​មក​ហើយ ក្រោយ​ពេល​កាសែត​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​លើក​ដំបូង​គឺ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ២០១៧ ។ លោក​ថា សាលាក្រុង​បាន​ចុះ​ហាមឃាត់​ម្តង នៅ​ថ្ងៃ​ទី​២ ខែមករា ២០១៨​ខាង​ឧទ្យាន​ដែនជម្រកសត្វព្រៃ​ចុះ​ហាមឃាត់​ជា​លើក​ទី​២ ហើយ​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ហៅ​ជំនាញ​ពាក់ព័ន្ធ​មក​ប្រជុំ​រួច​ប្រកាស​ហាម​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នេះ​ជា​លើក​ទី​៣ ។
លោក​ថា ប៉ុន្តែ​ជន​បង្ក​ធ្វើ​សកម្មភាព​លួច​បូម​នៅ​ពេល​យប់ ហើយ​នៅ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​ដាក់​វិធានការ​យ៉ាង​តឹង​រុ​ឹ​ង​ជា​លើក​ចុង​ក្រោយ គឺ​បញ្ឈប់​ទាំងស្រុង​នូវ​សកម្មភាព​បូម​ខ្សាច់​នៅ​ទីតាំង​ល្មើសច្បាប់​នេះ ។ លោក​ថា ក្នុង​ករណី​មិន​បញ្ឈប់​សកម្មភាព​ល្មើស អាជ្ញាធរ​ខេត្ត​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ឃាត់ខ្លួន​តែ​ម្តង ។ បញ្ជាក់​បាន​ថា ខេត្ត​ដឹង ប៉ុន្តែ​គ្មាន​អំណាច​ទប់ស្កាត់​ទេ ដែល​សម​ណាស់​ឱ្យ​អ្នក​បូម​រំលោភ​នេះ​ធ្វើ​មន្ត្រី​វិញ​ទំនង​ខ្លាំង​ជាង ។

ក្នុង​រឿង​មិន​ប្រក្រតី​នៃ​ការ​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​ដោយ​កាប់​ឆ្ការ​ព្រៃកោងកាង​ចោល​នេះ មន្ត្រី​រដ្ឋបាល​សាលាខេត្ត​មួយ​រូប ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ដែរ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ចេញ​មុខ​ទេ​ពេល​នេះ ។

ចំពោះ​ឧកញ៉ា​នៅ​ភ្នំពេញ​ម្នាក់​ឈ្មោះ ជា លាង​ហុង ដែល​ទិញ​ដី និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នេះ មិន​ហ៊ាន​ចេញ​មុខ​មក​តតាំង​ទេ ទុក​ឱ្យ​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ទៅ​ចុះ ព្រោះ​ស្គាល់គ្នា​យូរហើយ​មុន​ទិញ ។
ពេល​ណា​មាន​ព័ត៌មាន​ប្លែក​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ជា​ពិសេស​សេចក្តី​បំភ្លឺ​ពី​ឧកញ៉ា ជា លាង​ហុង ដែល​រំលោភ​ព្រៃកោងកាង ព្រោះ​មិន​ទាន់​អាច​ទាក់ទង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ