ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​នាំ​គ្នា​សម្រុក​ដាំដំឡូង​មី​​ច្រើន​ជាង​ឆ្នាំមុនៗ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ចុងខែ​កុម្ភៈនេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នាំ​គ្នា​សម្រុក​ដាំដំឡូង​មី​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ ខណ​:​តម្លៃ​ទីផ្សារ​ក៏​កើនឡើង​ជាង​ឆ្នាំ​មុន​ដែរ ។ ចំណែក​អ្នកខ្លះ​ទៀត កំពុង​តែ​មមាញឹក​សម្រុក​គាស់​ដក​ដឹក​តាម​រថយន្ត​ច្នៃ យក​ទៅ​លក់​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុង…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ចុងខែ​កុម្ភៈនេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នាំ​គ្នា​សម្រុក​ដាំដំឡូង​មី​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ ខណ​:​តម្លៃ​ទីផ្សារ​ក៏​កើនឡើង​ជាង​ឆ្នាំ​មុន​ដែរ ។ ចំណែក​អ្នកខ្លះ​ទៀត កំពុង​តែ​មមាញឹក​សម្រុក​គាស់​ដក​ដឹក​តាម​រថយន្ត​ច្នៃ យក​ទៅ​លក់​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុង ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ម៉ា​ន អាយុ​៦២​ឆ្នាំ រស់នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​ដក​មើមដំឡូង​មី​លក់​រួច គេ​សង្កេត​ឃើញ​ថា ផល​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១៧ ដោយ​ឆ្នាំ​មុន​ការ​ដាំ​ដំឡូង​មី​ក្នុង​ចម្ការ​របស់​គាត់​ជាង​៣​ហិ​កតា​ដក​លក់​បាន​៨០​តោន ប៉ុន្តែ​មើមដំឡូង​មី​ស្រស់​១​គីឡូក្រាម​លក់​បាន​តែ​០,៨​ទៅ​០,៩​បាត​(​ប្រាក់​ថៃ​)​ប៉ុណ្ណោះ ។

គាត់​បន្ត​ទៀត​ថា ឯ​នៅ​ដើមឆ្នាំ​២០១៨​នេះ ក្នុង​ចម្ការ​ដដែល​ដក​លក់​បាន​ត្រឹមតែ​៥០​តោន ប៉ុន្តែ​លក់​ឱ្យ​ឈ្មួញ មើមដំឡូង​មី​ស្រស់​បាន​២​បាត​ទៅ​២,០៥​បាត​(​ប្រាក់​ថៃ​) ពោល​គឺ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ។ ដូច្នេះ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​១​មេ​ធំ​កាលពី​ពេល​ថ្មី​ៗ​នេះ គាត់​ក៏​បាន​ជួល​ត្រាក់ទ័រ​គេ​ឱ្យ​ភ្ជួរ រួច​នាំ​ប្រពន្ធ​កូន​ដាក់​ដាំ​បន្ត​ទៀត ។

ទោះជា​យ៉ាងណា ការ​ដាំដំឡូង​មីនេះ​ធ្វើ​ឡើង​ដោយ​ការ​ផ្សងព្រេង បើសិនជា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​នឹង​មិន​ងាប់​ឡើយ តែបើ​រាំង​យូរ​រហូត​ដល់​ជាង​១​ខែ អាច​នឹង​ងាប់ ហើយ​ត្រូវ​ទៅ​រក​ទិញ​ដើម​ពី​អ្នក​ដាំ​នៅ​ក្បែរ​គ្នា ហើយ​នៅ​ឆ្នាំ​នេះ ដើម​ដំឡូង​មី​ក៏​ឡើងថ្លៃ​ខ្លាំង​ជាង​ឆ្នាំ​មុន​ដែរ ។

គាត់​បញ្ជាក់​ថា បើសិនជា​តម្លៃ​ទីផ្សារ​នៅ​ឋិតថេរ​ដដែល សង្ឃឹមថានឹង​អាច​ដាំដំឡូង​មី​លក់​បាន​ប្រាក់​សង​ជំពាក់​បំណុល​គេ​រួច តែ​បើសិនជា​ធ្លាក់​ចុះ​នោះ​មាន​តែ​លក់​ដីចម្ការ​សង​ធនាគារ​ប៉ុណ្ណោះ ។  ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ នាង នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​​ប៉ៃលិន ក្រុងប៉ៃលិន និយាយ​ដែរ​ថា គាត់​ពិតជា​សប្បាយចិត្ត បន្ទាប់​ពី​ទីផ្សារ​ដំឡូង​​មី​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។ គាត់​បាន​ដក​ដំឡូង​ក្នុង​ចម្ការ​ជាង​៥​ហិ​កតា លក់​បាន​ជាង​១០០​តោន សង​ជំពាក់​បំណុល​គេ​រួចរាល់​អស់​ហើយ និង​សល់​លុយ​តិចតួច​ដើម្បី​ធ្វើ​ដើមទុន​ដាំ​បន្ត​ទៀត ។ គាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល ដែល​បាន​យក​ចិត្ត​ទុកដាក់​រក​ទីផ្សារ​ឱ្យ​រក្សា​តម្លៃ​នៅ​ដដែល ហើយ​គាត់​ជឿជាក់​ថា នៅ​ឆ្នាំ​ក្រោយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ឈ្មួញ​បញ្ចុះតម្លៃ​ជាង​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ