ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​រាជធានី​ភ្នំពេញចិញ្ចឹម​ឆ្កែ​ជាង​2​ម៉ឺន​ក្បាល សម្រាប់​ឱ្យ​ការពារ​ផ្ទះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សៀង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ លោក សៀង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចុះ​ស្រង់​ស្ថិតិ​របស់​ក្រុម​មន្ត្រី​ជំនាញ​រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចិញ្ចឹម​ឆ្កែ​ចំនួន​២​ម៉ឺន​៣​ពាន់​ក្បាល និង​មានការ​កើនឡើង​ប្រមាណ​៥%​ជា​រៀង​រាល់​ឆ្នាំ ។

គួរ​រំលឹក​ថា កាលពី​ពេល​កន្លង​មក អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ព្រមាន​ឲ្យ​រៀបចំ​រថយន្ត​ដើរ​ចាប់​ឆ្កែ​តាម​សួនច្បារ ប្រសិនបើ​ម្ចាស់​វា​នៅ​តែ​បន្ត​នាំ​ទៅ​ជុះនោម​ឬ​រត់​លេង​លើ​សួន​ទៀត ដោយ​អាជ្ញាធរ​បាន​ចោទប្រកាន់​ថា ឆ្កែ​រាប់​សិប​ក្បាល​ត្រូវ​បាន​ម្ចាស់​របស់​វា​ដឹក​ឬ​បណ្តើរ​យក​ទៅ​ជាមួយ​ក្នុង​ពេល​ពួក​គាត់​ទៅ​កម្សាន្ត​ឬ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​នានា ដែល​បង្ក​ឲ្យ​មានការ​ជុះនោម​បណ្តាល​ឲ្យ​មាន​ភាព​អាប់អួ ឬ​បរិស្ថាន​មិនល្អ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ ។

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បណ្តើរ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​ឲ្យ​ទៅ​ជុះនោម​នៅ​លើ​សួនច្បារ​ដ៏​ស្រស់​ស្អាត ដែល​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ក្លិនស្អុយ ឆ្អេះឆ្អាប​ប៉ះពាល់ ដល់​បរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណ​ភាព​ទីក្រុង និង​បង្ហាញ​ពី​កង្វះខាត ការ​យល់​ដឹង​ក្នុង​ការ​ចូលរួម​សម្អាត​ទីក្រុង ។ លោក​បន្ត​ថា សម្រាប់​វិធានការ​ជំហាន​ដំបូង រដ្ឋបាល​រាជធានី​បាន​តម្រូវ​ឲ្យ​សន្តិសុខ​ដែល​ប្រចាំការ​គោលដៅ​តាម​សួន​ត្រូវ​មានការ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​នៅ​លើ​សួន​បន្ត​ទៀត និង​មានការ​ដាក់​ស្លាក​បម្រាម​ដឹក​ឆ្កែ​នៅ​លើ​សួន ហើយ​សម្រាប់​ជំហាន​បន្ទាប់​នឹង​មានការ​ផាកពិន័យ​តែ​ម្តង ប្រសិនបើ​មានការ​អប់រំ​ហើយ នៅ​តែ​មិន​ស្តាប់​នោះ ។

សន្តិសុខ​ប្រចាំ​សួនច្បារ​វិមាន​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ស្លាក​ហាម​មិន​ឲ្យ​យក​សត្វ​ទៅ​ជុះនោម ឬ​រត់​នៅ​លើ​សួន និង​មានការ​អប់រំ​ណែនាំ​យ៉ាងណា​ក្តី តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​តូច​ហាក់​មិន​បាន​អើពើ​ចំពោះ​ការ​ណែនាំ​នេះ​ទេ គឺ​នៅ​តែ​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​លើ​សួនច្បារ​ឬ​កាយ​ឈ្មុស ឈ្មុល​បាក់​ដើម​ផ្កា និង​ខូច​ស្មៅ​លើ​សួន​ដដែល ជា​ពិសេស​ពេល​ព្រឹក និង​ពេល​ល្ងាច ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ចេញ​ហាត់ប្រាណ ។

សន្តិសុខ​ថែ​សួន​ដដែល​បាន​បញ្ជាក់​ថា មិនមែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ សូ​ម្បី​តែ​ជនបរទេស​ក៏​បាន​ដឹក​ឆ្កែ​ទៅ​ឲ្យ​ជុះនោម​នៅ​លើ​សួនច្បារ​ដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​រាជធានី​ភ្នំពេញ ។ ទាក់ទិន្ន​ទៅ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ហាត់ប្រាណ​ភាគច្រើន​បាន​សំណូមពរ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នក​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​នៅ​លើ​សួនច្បារ​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​ឲ្យ​រាងចាល ព្រោះ​សួនច្បារ​គឺ​សម្រាប់​មនុស្ស ទៅ​លំហែ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ហាត់ប្រាណ​ដើម្បី​សុខភាព មិនមែន​ទៅ​ស្រូប​យក​ក្លិន​ទឹកនោម​ឆ្កែ​នោះ​ទេ ។

សូម​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ​មាន​សួនច្បារ​ចំនួន​៦៨​កន្លែង ដែល​មាន​ផ្ទៃដី​៦៩​ហិ​កតា ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ជួសជុល និង​កែ​លម្អ​ឡើង​វិញ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ