ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពីក្រោយ​លទ្ធផល​ស្មើ​​ម្ចាស់​ខ្សែក្រវាត់​2​រូប តើ​អ្នកដឹកនាំ​កីឡាករ​ថៃ​និយាយ​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូបបាន​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​កត់សម្គាល់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូបបាន​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​កត់សម្គាល់ ប៉ុន្តែ​មិនអាច​យកឈ្នះ​កីឡា​ករ​ថៃ​ឈ្មោះ Chai Suo បាន​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​ដែល​ទើប​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ​ផង​ដែរ ។

យ៉ាងណាមិញ រឿង សោ​ភ័​ណ្ឌ បាន​អះអាង​ថា មិន​ខ្លាច​ប៉ះ​ជាមួយ​ជើង​ខ្លាំង​រូប​នេះ​សម្រាប់​​លើក​ក្រោយ​នោះ​ទេ បើ​ទោះជា​លទ្ធផល​ស្មើគ្នា​លើក​នេះ ត្រូវ​គេ​មើលឃើញ​ថា​ដោយសារ​តែ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​លើកមុខ​ឱ្យ​បន្តិច​ក្តី​។

កីឡាករ រឿង សោ​ភ័​ណ្ឌ បាន​អះអាង​នៅ​ខាងក្រោយ​សង្វៀន​ថា កីឡាករ Chai Suo ពិត​ជា​មាន​ជំហរ​រឹង​មាំ និង​ខ្លាំង​មិនធម្មតា​មែន ធ្វើ​ឱ្យ​លោក​ពិបាក​ទប់ទល់​គួរសម ។ លោក​ប្រឹង​វាយ​បំ​បុក​ខ្លាំង​ណាស់​ដែរ​តែ​មិន​ចូល ទើប​ក្នុង​ទឹក​ខ្លះ​ធ្វើ​ឱ្យ​លោក​ទ័ល​ទី ហើយ​ប្រើ​យុទ្ធសាស្ត្រ​វាយឆ្មក់​ទៅ​វិញ ដោយសារ​តែ​ជើង និង​ដៃ របស់​កីឡាករ​ថៃ គឺ​ល្អ​ពិបាក​បំបែក ។ ប៉ុន្តែ​លោក​ថា អត់​ខ្លាច​សម្រាប់​ការ​ប៉ះ​គ្នា​ម្ដងទៀត​នោះ​ទេ ដោយ​អះអាង​ថា បើ​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​រៀបចំ​ឱ្យ​លោក​ប៉ះ​គ្នា​បាន​ឆាប់​ក៏​លោក​សប្បាយចិត្ត ថ្វី​ដ្បិតតែ​លោក​មិន​ទាន់​ច្បាស់​ថា ការ​ជួប​គ្នា​ជា​ថ្មី​តើ​ពិបាក​ដូច​លើក​នេះ ឬ​អាច​ពិបាក​ជាង ឬ​អាច​ល្អ​ជាង។

លោក​បាន​ថ្លែង​នៅ​ពេល​ជជែក​ជាមួយ​អ្នក​ឱ្យ​ទឹក និង​អ្នកគាំទ្រ​ឈរ​មើល​ថា បំណាច់​បាន​ស្មើ​ម្ដង​ហើយ បើ​ប៉ះ​គ្នា​ម្ដងទៀត​ក៏​នឹង​ល្អមើល​ដែរ ដើម្បី​ដឹង​ថា​ទៅ​រួច​ឬ​ទៅ​មិន​រួច ។ មក​ទល់​ពេល​នេះ គេ​បានដឹង​ថា កីឡាករ រឿង សោ​ភ័​ណ្ឌ មានការ​ត្រៀមខ្លួន​ច្រើន​ដើម្បី​ស្វាគមន៍​គូប្រកួត​នៅ​លើ​សង្វៀន ដោយ​តាំងពី​បាន​ល្បីឈ្មោះ​លោក​ត្រូវ​គេ​ឃើញ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ច្រើន​នាក់ ដោយ​រួម​មាន​ទាំង​កីឡាករ​ជើង​ខ្លាំង និង​កីឡាករ​ជា​ម្ចាស់​ខ្សែក្រវាត់​ដូច​កីឡាករ Chai Sou នៅ​ក្នុង​ពេល​នេះ​ជាដើម ។ រឿង សោ​ភ័​ណ្ឌ ពេល​ខ្លះ​ត្រូវ​គេ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ដដែល​រហូត​ទាល់តែ​លោក​ប្រកែក​លែង​ប៉ះ​ប្រកួត​ក៏​មាន ដោយសារ​តែ​កីឡាករ​ថៃ​ខ្លះ​មាន​សមត្ថភាព​លើសលប់​ខ្លាំង​ពេក ដែល​លោក​មិន​អាច​នឹង​ស្ដារ​ជ័យជម្នះ​។

អ៊ីចឹង​ហើយ​ទើប​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​២​តង់ ដែល​ទើប​ទទួល​បាន​រូប​នេះ មិនមែន​ជា​រឿង​ព្រឺរោម​របស់ រឿង សោ​ភ័​ណ្ឌ នោះ​ទេ ដោយសារ​តែ​លោក​ប៉ះ​ជាមួយ​លើក​ទី​១ កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​លទ្ធផល​ស្មើ​បើក​ឆាក ថ្វី​ដ្បិតថា​អ្នក​ទស្សនា​ខ្លះ​យល់​ថា​កីឡាករ​ថៃ​មាន​ប្រៀប​ជាង និង​ថា​ការ​ឱ្យ​ស្មើ​គឺ​ដើម្បី​កុំឱ្យ​លោក​បាក់ទឹកចិត្ត​ដែល​ខំប្រឹង​ប្រែង​ប៉ុណ្ណោះ ។ រឿង សោ​ភ័​ណ្ឌ ត្រូវ​គេ​ដឹង​ថា មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​លោក​បាន​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ ហើយ​ទទួល​បាន​លទ្ធផល​ស្មើ​ទាំង​លំបាក ប៉ុន្តែ​លោក​ក៏​ត្រូវ​គេ​មើលឃើញ​ថា​មាន​សមត្ថភាព​គួរ​ឱ្យ​សរសើរ​ផង​ដែរ មុន​ពេល​មានការ​ប្រកាស​ឱ្យ​ស្មើ​ក្រោយ​បញ្ចប់​ការ​ប្រកួត​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍​បាន​សរសើរ​ពី​សមត្ថ​ភាព​របស់​រឿង សោ​ភ័​ណ្ឌ ប៉ុន្តែ​លោក​ថា បើ​ការ​ប្រកួត​មួយ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ វាយ​ដូច​រឿង សោ​ភ័​ណ្ឌ ប៉ុន​ហ្នឹង​គឺ​គេ​នឹង​ឱ្យ​កីឡាករ​ថៃ​ឈ្នះ ។ លោក​ថា នេះ​ជា​ការ​ប៉ះ​គ្នា​រវាង​ម្ចាស់​ខ្សែក្រវាត់​២​រូប​មក​ពី​កម្ពុជា និង​ថៃ ដោយ​លោក​បាន​ចាត់​ទុក​ការ​ប្រកួត​គូ​នេះ​ល្អមើល ប៉ុន្តែ​ក៏​មាន​ចំណុច​ស្ទក់​ៗ​មួយ​សា​ផង​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​មិន​ហ៊ាន​សម្រុក ហើយ​រឿង សោ​ភ័​ណ្ឌ ក្រោយ​ពេល​សម្រុក​មិន​ចុះ​ក៏​បន្ថយ​កម្លាំង​ដៃ​វិញ ។ បើសិន​គូ​នេះ​វាយ​គ្នា​ពេញទំហឹង លោក​ថា​ប្រហែលជា​មាន​អ្នក​គ្រោះថ្នាក់ ហើយ​ក៏​នឹង​ល្អមើល​ជាង​ហ្នឹង​ទៅ​ទៀត ប៉ុន្តែ​លោក​ក៏​មិន​ចង់ឱ្យ​ការ​ប្រកួត​ល្អ​ខ្លាំង ហើយ​លទ្ធ​ផល​​ចុង​ក្រោយ កីឡាករ​កម្ពុជា និង​ថៃ ប៊ិះ​ស្លាប់​ប៊ិះ​រស់​នោះ​ទេ ។

លោក​នៅ​តែ​អះអាង​ថា កីឡាករ​របស់​លោក​ប្រកួត​មិន​អស់​សមត្ថភាព ដោយ​ថាបើ​កុំ​តែ​មាន​បញ្ហា​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្លា​យ និង​របប​អាហារ​មិនសូវ​ត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​កីឡាករ​របស់​លោក​ប្រកួត​ល្អ​ជាង​ហ្នឹង​ឆ្ងាយ​ណាស់ ។ លោក​ថា​កីឡាករ​របស់​លោក​អត់​មាន​បញ្ហា​សុខភាព​នោះ​ទេ ប៉ុន្តែ​គេ​ហាក់​មិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​នៅ​កម្ពុជា ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​គេ​ថយ​ចុះ​គុណភាព បើ​ធៀប​នឹង​ពេល​គេ​ឡើង​រេញ ហើយ​ទើបតែ​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​ដល់​ទៅ​២​ក្នុង​ពេល​ថ្មី​ៗ ។ លោក​ប្រកាស​ថា នឹង​ឱ្យ​កីឡា​ករ​របស់​ខ្លួន​ឡើង​ប្រកួត​ប៉ះ​គ្នា​ជាមួយ​រឿង សោ​ភ័​ណ្ឌ​ជា​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី ដោយ​លោក​រំពឹង​ថាបើ​គ្មាន​រឿង​ភ្លាត់ស្នៀត និង​គ្មាន​បញ្ហា​សុខភាព គឺ​នឹង​ល្អមើល​ជាង​នេះ ហើយ​កីឡាករ​រឿង សោ​ភ័​ណ្ឌ​ ពិតជា​ពិបាក​តាម​ស្មើ​ជា​ថ្មី​នោះ​ផង ។

លោក​ក៏​បាន​បញ្ជាក់​ថា កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ពិបាក​មើល​ស្រាល​ផង​ដែរ ជា​ពិសេស​បន្ទាប់​ពី​អាច​យក​ស្មើ​ជាមួយ​កីឡាករ​របស់​លោក​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​២​នៅ​ក្នុង​ប្រទេស​ថៃ មុន​ពេល​លោក​ជ្រើសរើស​មក​ប្រកួត ។ លោក​មិន​ទាន់​កំណត់​ពេលវេលា​ដើម្បី​ឱ្យ​ការ​ប្រកួត​របស់​គូ​នេះ​កើត​ឡើងជា​ថ្មី​នោះ​ទេ ដោយ​រង់ចាំ​ឱ្យ​កីឡាករ​ម្ខាង​ៗ​មាន​ពេល​ត្រូវ​គ្នា និង​ទទួលយក​ការ​ប្រកួត​ដូច​គ្នា​សិន ដើម្បី​កុំឱ្យ​មាន​បញ្ហា​រឿង​អ្នក​នេះ​មាន​បញ្ហា​សុខភាព ឬ​អត់​ពេល​ហ្វឹកហាត់ នាំ​ឱ្យ​មានការ​ប្រកាស​ថា​មិន​សុខចិត្ត​ទៀត ។

លោក​ថា កីឡាករ​របស់​លោក​បើ​កុំ​មានរឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​មិនសូវ​បាន​សម្រាក​ពេល​មក​ដល់​កម្ពុជា ស្ថានភាព​ប្រកួត​ពិតជា​កក្រើក ហើយ​ស្រួល​មិន​ស្រួល​កីឡាករ​ជើង​ខ្លាំង​រឿង សោ​ភ័​ណ្ឌ​អាច​ទប់​មិន​ជាប់ ឬ​ភ្លាត់ស្នៀត​ក៏​ថា​បាន ។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ លោក​ដឹង​តាំងពី​បើក​ឆាក​ការ​ប្រកួត​ថា កីឡាករ​ទាំង​ពីរ​នឹង​មិន​ស៊ីសង​គ្នា​ទេ ដោយសារ​តែ​កីឡាករ​របស់​លោក​ដ្បិតថា​រឹង​ជំហរ​ជាង ប៉ុន្តែ​បច្ចេកទេស​របស់​គេ​ពេល​ប៉ះ​ជាមួយ​រឿង សោ​ភ័​ណ្ឌ គឺ​នៅ​មាន​កម្រិត ហើយ​លោក​ដឹង​ទៀត​ថា គេ​ពិតជា​មិន​វាយ​ខ្លាំងក្លា​ដូច​នៅ​ប្រទេស​ថៃ​នោះ​ទេ ទើប​លទ្ធផល​ស្មើ​គឺជា​រឿង​ល្អ​មួយ​ដែល​លោក​យល់​ថា​សម​ស្រប​សម្រាប់​ជើង​ខ្លាំង​ទាំង​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ