ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាត់ដេរ និង​សំណង់ បាន​ជំរុញ​ឱ្យ​កំណើន​ឧស្សាហកម្ម​កម្ពុជា​រឹង​មាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ​២០១៧​កន្លង​មក វិស័យ​កាត់ដេរ និង​សំណង់​បាន​ជំរុញ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​មាន​ភាពល្អ​ប្រសើរ និង​សម្រេច​បាន​កំណើន​២​ខ្ទង់ ។ បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​កាលពី​ដើមខែ​មុន​នេះ បាន​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ​២០១៧​កន្លង​មក វិស័យ​កាត់ដេរ និង​សំណង់​បាន​ជំរុញ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​មាន​ភាពល្អ​ប្រសើរ និង​សម្រេច​បាន​កំណើន​២​ខ្ទង់ ។

បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​កាលពី​ដើមខែ​មុន​នេះ បាន​បង្ហាញ​ថា វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ សម្រេច​បាន​កំណើន​ប្រមាណ​១០,៥%​ដែល​គាំទ្រ​យ៉ាង​សំខាន់​ដោយ​វិស័យ​កាត់ដេរ និង​សំណង់ ។ ក្នុង​នោះ​ដែរ វិស័យ​កាត់ដេរ​បាន​រួមចំណែក​ប្រមាណ​១,៤%​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​វិស័យ​សំណង់​បាន​រួមចំណែក​ប្រមាណ​១,៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

របាយការណ៍​បន្ដ​ថា នៅ​ក្នុង​វិស័យ​កាត់ដេរ កាលពី​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​សម្លៀក​បំពាក់​សម្រេច​បាន​រហូត​ដល់​៦៤%​នៃ​ការ​នាំ​ចេញ​សរុប ដែល​មាន​ទឹកប្រាក់​រហូត​ដល់​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​៨% ។ ក្នុង​វិស័យ​កាត់ដេរ​នេះ ការ​នាំ​ចេញ​ស្បែក​ជើង​ក្នុង​ឆ្នាំ​២០១៧ មាន​សមាមាត្រប្រមាណ​៨%​នៃ​ការ​នាំ​ចេញ​សរុប និង​មាន​ទឹកប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៧ រោងចក្រ​ធុន​ធំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​សរុប​១.៧០៧ ក្នុង​នោះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​ចំនួន​១.១៤៣​រោងចក្រ និង​បាន​ផ្ដល់​ការងារ​សរុប​ដល់​កម្មករ​-​កម្មការិនី​កម្ពុជា ប្រមាណ​ជាង​៩៧​ម៉ឺន​នាក់ ។

រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ ក៏​បាន​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​វាយនភ័ណ្ឌ និង​ឧស្សាហកម្ម​កាត់ដេរ​នេះ​ដែរ ។ ជាក់ស្ដែង នៅ​ចុងឆ្នាំ​២០១៧​កន្លង​ទៅ​នេះ កម្ពុជា​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​ធំ​មួយ​រវាង​វិនិយោគិន និង​អ្នកបញ្ជា​ទិញ ដើម្បី​បង្កើន​ការ​បណ្ដាក់ទុន​លើ​វិស័យ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​នឹង​បាន​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភពលោក ដើម្បី​បើក​ច្រក​រក​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​វាយនភ័ណ្ឌ និង​ស្បែកជើង ជាដើម ។

ដោយឡែក វិស័យ​សំណង់​វិញ ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ហូរ​ចូល​នៃ​ការ​វិនិយោគ និង​កំណើន​តម្រូវការ​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម បាន​ជំរុញ​ឲ្យ​វិស័យ​សំណង់​នៅ​តែ​មាន​កំណើន​ខ្ពស់ ក៏​ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កំណើន​នេះ​ហាក់​មានការ​ថមថយ​បន្តិច​ដូច​គ្នា ក្នុង​នោះ​ការ​នាំ​ចូល​សម្ភារ​សំណង់​ក៏​មាន​កំណើន​ថមថយ ពីព្រោះ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ គម្រោង​សាងសង់​មួយ​ចំនួន​ដល់​ដំណាក់កាល​បញ្ចប់ ប៉ុន្តែ​ត្រូវការ​សម្ភារ​បំពាក់​អគារ​វិញ ដូច​ជា សម្ភារ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និក ជា​ដើម ដែល​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​សម្ភារ​ទាំងនោះ​កើនឡើង​ខ្ពស់ ។

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មាន​វិនិយោគិន​ក្រៅ​និង​ក្នុង​ប្រទេស បាន​បណ្ដាក់ទុន​ជា​ហូរ​ហែ ក្នុង​នោះ​វិនិយោគ​បរទេស​បាន​បណ្ដាក់ទុន​វិនិយោគ​ទៅ​លើ​អគារ​ខ្ពស់​ៗ​និង​ទំនើប ខណៈ​វិនិយោគិន​ក្នុងស្រុក​ភាគច្រើន​បណ្ដាក់ទុន​ទៅ​លើ​សំណង់​លំនៅ​ឋាន​សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​ដែល​មាន​កំណើន​កាន់តែ​ខ្ពស់ ។

ផ្អែក​តាម​អ្នក​វាយតម្លៃ នៅ​ឆ្នាំ​ខាង​មុខ តម្រូវការ​លំនៅ​ឋាន​នៅ​រាជធានី​ភ្នំពេញ នឹង​កើន​ដល់​១​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ ដូចនេះ ត្រូវ​ឲ្យ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ