បណ្តាមេដឹកនាំសហគមន៍អឺរ៉ុប កាលពីថ្ងៃទី២៤ មីនា បានទទូចដល់សហគមន៍អន្តរជាតិពិសេសបណ្តាប្រទេសមហាអំណាចពិភពលោកឱ្យពង្រឹងវិធានការរបស់ខ្លួនធ្វើយ៉ាងណាកុំឱ្យរបបរបស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី ទទួលបានប្រាក់ចំណូលដែលទទួលបានពីប្រេង និងឧស្ម័ន ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅឯកិច្ចប្រជុំកំពូលរបស់សហគមន៍អឺរ៉ុប បណ្តាមេដឹកនាំសហគមន៍អឺរ៉ុប ដែលមានប្រទេស២៧ជាសមាជិក និយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីផ្តួចផ្តើម និងអនុម័តទណ្ឌកម្មប្រឆាំងលោកកាដាហ្វី មានដូចជាវិធានការដែលធានា ឱ្យប្រាកដថា ប្រាក់ចំណូលដែលទទួលបានពីប្រេង និងឧស្ម័នមិនធ្លាក់ដល់ដៃមេដឹកនាំផ្តាច់ការរូបនេះ ។
សេចក្តីថ្លែងការណ៍នោះឱ្យដឹងទៀតថា បណ្តារដ្ឋជាសមាជិកសហគមន៍អឺរ៉ុប នឹងធ្វើសំណើដូចគ្នាជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ថ្លែងថា ការពង្រឹងទណ្ឌកម្មផ្នែកប្រាក់ចំណូលដែលទទួលបានពីប្រេង និងឧស្ម័នគឺមានសារសំខាន់បំផុត ដើម្បីធានាឱ្យប្រាកដថា ប្រាក់ចំណូលទាំងនេះមិនទៅដល់ដៃលោកកាដាហ្វី សម្រាប់យកទៅចំណាយលើកងទ័ពរបស់
លោក ។
ប្រទេសអាល្លឺម៉ង់ដែលបដិសេធមិនបោះឆ្នោតគាំទ្រដំណោះស្រាយលេខ១៩៧៣ របស់ក្រុមប្រឹក្សាសន្តិសុខដល់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យដាក់ការហ៊ុមព័ទ្ធប្រេងសម្រាប់របបរបស់លោកកាដាហ្វី ។ ចំណែកប្រទេសបារាំងនិយាយថា ទណ្ឌកម្មនេះអាចប៉ះពាល់ដល់ពួកបះបោរលីប៊ី ដែលមានមូលដ្ឋាននៅតំបន់ភាគខាងកើតលីប៊ីសម្បូរទៅដោយប្រេងកាត ៕
ចែករំលែកព័តមាននេះ