ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​​ឆ្នាំ​នេះ​អ្នក​រៀបចំ​ថា​ នឹង​កាន់តែ​ល្អ ប្លែកជាង​ឆ្នាំ​មុន​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូលើ​វាលរាប​(KARA) ដែល​គ្រោង​រៀបចំ​ធ្វើ រយៈពេល​២​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧​ដល់​១៨ មីនា នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ឆ្នាំ​នេះ ត្រូវបាន​អ្នក​រៀបចំ​អះអាង​ថា នឹង​កាន់តែ​ល្អ ប្លែកជាង​ឆ្នាំ​មុន​ៗ​ទាំង​កម្រិត​បច្ចេកទេស…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូលើ​វាលរាប​(KARA) ដែល​គ្រោង​រៀបចំ​ធ្វើ
រយៈពេល​២​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧​ដល់​១៨ មីនា នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ឆ្នាំ​នេះ ត្រូវបាន​អ្នក​រៀបចំ​អះអាង​ថា នឹង​កាន់តែ​ល្អ ប្លែកជាង​ឆ្នាំ​មុន​ៗ​ទាំង​កម្រិត​បច្ចេកទេស និង​ការ​គាំទ្រ​ពី​មហាជន ។ កាលពី​ឆ្នាំ​មុន​រៀបចំ​ធ្វើ​នៅ​ខេត្តបាត់ដំបង មាន​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ចំណែក​ឆ្នាំ​នេះ​តាម​ការ​វាយតម្លៃ​ពី​អ្នកឯកទេស​ខាង​រៀបចំ​ព្រឹត្តិការណ៍ KARA​អាច​នឹង​មាន​អ្នកចូលរួម​ទស្សនា​មិន​តិច​ជាង​៦​ពាន់​នោះ​ទេ ដោយ​ផ្អែក​ទៅ​លើ​ភូមិសាស្ត្រ​ល្អ​និង​ទីធ្លា​ធំ​ទូលាយ​។

លោក ពៅ តិច​ឡេ​ង អ្នក​រៀបចំ​ព្រឹត្តិការណ៍​KARA​បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ដែល​ហៅ​កាត់​ថា​KARA​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ហើយ​លើក​នេះ​គឺជា​ឆ្នាំ​ទី​៣​ក្រោម​ការ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង​ទទួល​បានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ លោកថា ការ​ប្រកួត​ឆ្នាំ​នេះ​មានការ​ខុស​ប្លែក​ជាង​ឆ្នាំ​មុន ដូច​ជា​មានការ​ប្រែប្រួល​បទបញ្ជា​ប្រកួត​ខ្លះ​ៗ​។

ចំណែក​វិញ្ញាសា​ប្រកួត​ក៏​កើនឡើង​ជាង​មុន​ដែរ ដោយ​គណៈកម្មការ​ប្រកួត​សម្រេច​ដាក់​ចំនួន​៥​វិញ្ញាសា​ដូច​ជា​៖

១-​កម្រិត​A​ប្រភេទ​ម៉ូតូ​កែ​ឆ្នាំ ដែល​មាន​កម្លាំង​១៥០CC​។
២-​កម្រិត​B​ម៉ូតូ​អំ​ប្រ៊ី​យ៉ា ដែល​មាន​កម្លាំង
ចាប់ពី​១៣៥CC​ដល់​១៥០CC​។
៣-​កម្រិត​C​ម៉ូតូ​អំ​ប្រ៊ី​យ៉ា​ដូច​គ្នា មាន​កម្លាំង​១២៥CC​។
៤-​កម្រិត​D​ម៉ូតូ​ប្រភេទ​លេខ​អូ​តូ មានកម្លាំង​១១០CC​ដល់​១២៥CC និង
៥-​ការ​ប្រណាំង​ម៉ូតូ​ប្រភេទ​Endurance ជា​ក្រុម​ដែល​មាន​កម្លាំង​ចាប់ពី​១៣៥CC​ដល់​២១០CC​ប្រើ​ថិរវេលា​២​ម៉ោង​៣០​នាទី ដែល​វិញ្ញាសា​មួយ​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា ម៉ូតូ​ប្រណាំង​ប្រភេទ​នេះ​ត្រូវ​មាន​គ្នា​យ៉ាងតិច​២​នាក់​ឡើង​ទៅ អ្នក​ជិះ​ម្នាក់​មិន​ឱ្យ​លើស​ពី​៣០​នាទី​នោះ​ទេ​ត្រូវ​តែ​ប្ដូរ​អ្នក​ផ្សេង​វិញ ។ ការ​ប្រណាំង​ត្រូវ
កំណត់​ជុំ​សម្រាប់​ការ​ចាញ់​ឈ្នះ បាន​ន័យ​ថា ក្នុង​រយៈពេល​២​ម៉ោង​៣០​នាទី​នេះ អ្នក​ណា​ជិះ​បាន​ច្រើន​ជុំ​ជាង​គឺជា​អ្នក​ឈ្នះ ។ រីឯ​តម្លៃ​ចុះ​ឈ្មោះ​ប្រកួត​វិញ​ចាប់ពី​កម្រិត​A​ដល់​D​ក្នុង​១​នាក់​៥០​ដុល្លារ និង​ប្រភេទ​Endurance​ត្រូវ​បង់​១០០​ដុល្លារ ។ សម្រាប់​អ្នកចូលរួម​ប្រកួត​​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ​និង​អាណា​ព្យា​បាល​​ជា​មុន​សិន និង​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​អាច​មក​ចុះ​ឈ្មោះ​ប្រកួត​ដោយ​ខ្លួនឯង​បាន។

លោក ពៅ តិច​ឡេ​ង បានឱ្យ​ដឹង​ទៀត​ថា​ព្រិ​ត្ត​ការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​បែប​នេះ​នៅ​ស្រុក​គេ​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​កីឡា​ដ៏​ពេញ​និយម​ទៀត​ផង​ដែល​ក្នុង​មួយ​ឆ្នាំ​គេ​រៀបចំ​យ៉ាងតិច​ក៏​២​ដង​ដែរ ឯ​នៅ​ស្រុក​ខ្មែរ​ទើបតែ​រៀបចំ​បាន​៣​ដង​ប៉ុណ្ណោះ ។

សម្រាប់​ការ​ប្រកួត​ឆ្នាំ​មុន​មាន​កីឡាករ​ថៃ​និង​វៀតណាម​ចូលរួម ដោយឡែក​ឆ្នាំ​នេះ​យើង​ទើបតែ​ប្រកាស​ចុះ​ឈ្មោះ​ប្រកួត​ដោយ​មិន​ទាន់​ដឹង​ថា​មាន​កីឡាករ​ប៉ុន្មាន​នាក់​និង​មក​ពី​ប្រទេស​ណាខ្លះ​នោះ​ទេ​។​ទោះបី​យ៉ាងណា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​កំណត់​ចំនួន​អ្នកចូលរួម​ប្រកួត​ជា​មុន​រួច​ហើយ ដែល​ក្នុង​១​កម្រិត​កំណត់​យក​កីឡាករ​ចាប់ពី​១២​នាក់​ដល់​១៥​នាក់ ចំណែក​កម្រិត​Edurance​អាច​លើស​ពី​នេះ​គឺ​ពី​១៥​នាក់​ដល់​២០​នាក់​។

ជា​ចុង​ក្រោយ​លោក ពៅ តិច​ឡេ​ង បាន​បញ្ជាក់​ថា គោលបំណង​ដែល​យើង​រៀបចំ​ឱ្យ​មាន​​ព្រឹត្តិការណ៍​ប្រកួតប្រណាំង​ម៉ូតូ​KARA​នេះ​ឡើងជា​រៀង​រាល់​ឆ្នាំ​គឺ​ដើម្បី​បំផុស​ឱ្យ​អ្នក​បើកបរ​ទាំងអស់​មានការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ និង​ចង់​ឱ្យ​យុវជន​នាំ​គ្នា​លេង​កីឡា​ឱ្យ​បាន​ច្រើន ជា​ពិសេស​កីឡា​មួយ​នេះ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​​រីក​ចម្រើន​ឱ្យ​បាន​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ