ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ឱ្យ​ភាគី​ថៃ​ពិចារណា​បន្ថែម​លើ​ការ​នាំ​ចូល​ពោត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា កម្ពុជា​ចង់​ជំរុញ​ការ​នាំ​ចេញ​ពោត​ទៅ​ប្រទេស​ថៃ​ឱ្យ​បាន​កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ តាម​រយៈ​ការ​ស្នើ​ភាគី​ថៃ​ពិចារណា​បន្ថែម​លើ​រយៈពេល​ដែល​មាន​នា​ពេល​កន្លង​មក ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៦ នៃ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា កម្ពុជា​ចង់​ជំរុញ​ការ​នាំ​ចេញ​ពោត​ទៅ​ប្រទេស​ថៃ​ឱ្យ​បាន​កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ តាម​រយៈ​ការ​ស្នើ​ភាគី​ថៃ​ពិចារណា​បន្ថែម​លើ​រយៈពេល​ដែល​មាន​នា​ពេល​កន្លង​មក ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៦ នៃ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖« យើង​ចង់​ជំរុញ​ការ​នាំ​ចេញ​ពោត​ឱ្យ​បាន​ច្រើន​បំផុត ដែល​នៅ​ពេល​កន្លង​មក យើង​មាន​បញ្ហា​ប្រកួតប្រជែង​ជាមួយ​ពោត​ថៃ ។ ឥឡូវនេះ យើង​ចង់ឱ្យ​ថៃ​ពិចារណា​លើ​រយៈពេល​បន្ថែម​២​ខែ​ទៀត ចាប់ពី​ខែមីនា ដល់​តុលា លើ​រយៈពេល​កន្លង​មក​ចាប់ពី​ខែមីនា ដល់​សីហា » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« ធ្វើ​យ៉ាងម៉េច ឱ្យ​ការ​នាំ​ចេញ​ពោត​កម្ពុជា​ឱ្យ​អស់ ។ មួយ​ចំនួន​ទៀត យើង​បាន​រៀបចំ​គណៈកម្មការ និង​ក្រុមការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ហើយ​ក្រុមការងារ​នេះ​នឹង​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​៣​ខែ ឱ្យ​មាន​ក្រុមការងារ​មួយ​ជាក់លាក់​ដើម្បី​ធ្វើការ​ប្រជុំ សម្រាប់​សម្រួល​ពាណិជ្ជ​កម្ម​ទូ​ទៅ » ។

លោក សោម យ៉ិ​ន ប្រធាន​សមាគម​ដំឡូង​មី ស្រុក​ម៉ា​ឡៃ បានឱ្យ​ដឹង​ថា កាលពី​៣​ឆ្នាំ​កន្លង​ទៅ​នេះ កសិករ​ដាំដំឡូង​មី​ច្រើន ប៉ុន្តែ​ដោយសារ​តម្លៃ​ដំឡូង​ចេះ​តែ​ធ្លាក់​ចុះ ធ្វើ​ឱ្យ​កសិករ​ខាតបង់​។ នៅ​ពេល​ចូល​ដល់​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ កសិករ​បាន​ងាក​មក​ដាំ​ពោត​​មាន​ប្រហែល​៤០%​ទៅ​៥០% ហើយ​តម្លៃ​ពោត គឺ​ប្រជា​កសិករ​អាច​ទទួលយក​បាន។

លោក​លើក​ឡើង​ថា ការ​ដាំ​ដុះ​ពោត​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ កសិករ​នៅ​តែ​បន្ត​ការ​ដាំ​ដុះ​ក្នុង​ចំនួន​ច្រើន​ដូច​ឆ្នាំ​២០១៧​ដែរ ពោល​គឺ​ពី​៤០%​ទៅ​៥០% ក្នុង​ចំណោម​ទំហំ​ផ្ទៃដី​ពី​៧​ពាន់​ហិ​កតា ទៅ​១,២​ម៉ឺន​ហិ​កតា​នៅ​ក្នុង​តំបន់ ។

លោក ឡោ រស្មី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម មាន​ប្រសាសន៍​ថា ៖« ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ កម្ពុជា​នាំ​ចេញ​ពោត​ទៅ​បរទេស​មាន​ចំនួន​សរុប​ប្រមាណ​១៦,៨​ម៉ឺន​តោន ពោល​គឺ​មានការ​កើនឡើង​ខ្ពស់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ មាន​ប្រមាណ​តែ​៧,៤​ម៉ឺន​តោន ហើយ​ធ្វើការ​នាំ​ចេញ​ទៅ​តៃវ៉ាន់​, ថៃ​, វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ឡាវ​, ម៉ា​ឡេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន ជាដើម » ។

លោក​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០១៣ កម្ពុជា​បាន​នាំ​ចេញ​ពោតក្រហម​សរុប​ប្រមាណ ១៨,៥​ម៉ឺន​តោន​, ២០១៤ មាន​១០,៧​ម៉ឺន​តោន​, ២០១៥ មាន​៥,៦​ម៉ឺន​តោន​, ២០១៦ មាន​ប្រមាណ​៧​ម៉ឺន​តោន និង​២០១៧ មាន​ប្រមាណ​១៦,៨​ម៉ឺន​តោន ។

បើ​តា​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កាល​ដើម​ឡើយ ខេត្ត​ដែល​ដាំពោត​ច្រើន​ជាងគេ រួម​មាន ខេត្តព្រៃវែង​, កណ្តាល​, កំពង់ចាម និង​ក្រចេះ ។ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ដូច​ជា ខេត្តក្រចេះ​, ត្បូងឃ្មុំ​, កណ្តាល​, ព្រៃវែង​, កំពង់ចាម និង​បាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ