ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​មុជទឹក​លេង បែរជា​អកុសល

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ជីវិត​ផុត​ពី​សេចក្តីស្លាប់ ឯ​យុវជន និង​យុវនារី​២​នាក់​ទៀត បាន​បាត់បង់​ជីវិត​ដោយសារ តែ​នាំ​គ្នា​ទៅ​មុជទឹក​លេង​នៅ​ក្នុង​រមណីយដ្ឋាន​ដីដុះ ហើយ​បាន​លង់ទឹក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ជីវិត​ផុត​ពី​សេចក្តីស្លាប់ ឯ​យុវជន និង​យុវនារី​២​នាក់​ទៀត បាន​បាត់បង់​ជីវិត​ដោយសារ តែ​នាំ​គ្នា​ទៅ​មុជទឹក​លេង​នៅ​ក្នុង​រមណីយដ្ឋាន​ដីដុះ ហើយ​បាន​លង់ទឹក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​រមណីយដ្ឋាន​ដីដុះ ដែល​ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ និល សុ​ផា​នុ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ យស់ ចាន់​រស្មី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត ដែល​ត្រូវ​បាន​អ្នកស្រុក​ជួយ​សង្គ្រោះ​ទាន់​នោះ ឈ្មោះ លន់ វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ដូច​គ្នា អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្នុងភូមិ​តា​អុក ឃុំ​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ចុះ​ទៅ​មុជទឹក​លេង​ទាំង​៣​នាក់ ប៉ុន្តែ​យុវជន​លន់ វិចិត្រ នៅ​មុជទឹក​ម្នាក់ឯង កន្លែង​ទឹក​រាក់ ។ ចំណែកឯ​ជន​រង​គ្រោះ និល សុ​ផា​នុ​ត និង​ជន​រង​គ្រោះ យស់ ចាន់​រស្មី ដែល​ជាស​ង្សា​នឹង​គ្នា បាន​ចុះ​ទៅ​លេង​កន្លែង​ទឹក​ជ្រៅ​នៅ​ឆ្ងាយ​បន្តិច តាម​របៀប​ចង់​នៅ​រ៉ូ​មែន​ទិ​ក​តែ​២​នាក់ ប៉ុន្តែ​ដល់​លេង​ទឹកបាន​មួយសន្ទុះ ក៏​ធ្លាក់​ចូល​ដល់​កន្លែង​អន្លង់​ទឹក​ជ្រៅ ហើយដោយ​អ្នក​ទាំង​២​មិន​ចេះ​ហែល​ទឹក​ផង ទើប​ធ្វើ​ឲ្យ​លង់ទឹក​ទាំង​២​នាក់​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ពេល​ដែល​លង់ទឹក​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ទាំង​២​នាក់​ក៏​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ​ដែរ ទើប​យុវជន លន់ វិចិត្រ ដែល​មុជទឹក​លេង​ម្នាក់ឯង​ក្បែរ​នោះ រត់​ទៅ​ជួយ ហើយ​ក៏​លង់​ថែម​ម្នាក់​ទៀត ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​អ្នកស្រុក​នៅ​ក្បែរ​នោះ រត់​ទៅ​ជួយ​ស្រង់​បាន​ម្នាក់ ចំណែក​២​នាក់​ដែល​លង់​មុន​នោះ​បាន​លិច​បាត់​ក្នុង​ទឹក ហើយ​ទម្រាំ​អ្នកស្រុក​មុជទឹក​រាវរក​ឃើញ​ស្រង់​ឡើង​មក​ដល់​លើគោក ពួក​គេ​ទាំង​២​នាក់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

បច្ចុប្បន្ន​នេះ ជន​រង​គ្រោះ លន់ វិចិត្រ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពាម​ជរ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​រមណីយដ្ឋាន​ដីដុះ​នេះ គឺជា​កន្លែង​មុជទឹក​លេង​កំសាន្ត​មួយ ដែល​ទើបត្រូវ​បាន​បង្កើត​ថ្មី​នា​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ក៏​កំពុង​តែ​ពេញ​និយម​ជា​ខ្លាំង​ផង​ដែរ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​ឆ្ងាយ ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​ផ្សេង​ៗ ។ ទោះជា​យ៉ាងនេះ​ក្តី​ក៏​គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​គេ​បង្កើត​រមណី​ដ្ឋា​ន​ដីដុះ​នេះ​មក គឺ​តែងតែមាន​អ្នក​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ១​ឆ្នាំ​២​ទៅ​៣​នាក់​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​អ្នកស្រុក​នាំ​គ្នា​និយាយ​ថា ទីតាំង​នោះ​គឺ​មាន​ជើងកប​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ