ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ឈ្មួញ និង​វិនិយោគិន កំពុង​ជ្រួល​ទិញ​ដី​នៅ​តំបន់​មាត់សមុទ្រ​ខេត្តកំពត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​វិនិយោគិន​ចិន​បាន​សម្រុក​ទៅ​វិនិយោគ​នៅ​តំបន់​មាត់​សមុទ្រ និង​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​តំបន់​នោះ​ក្លាយជា​គោលដៅ​អភិវឌ្ឍន៍​សម្រាប់​វិនិយោគិន​បរទេស​និង​ក្នុងស្រុក ។ ចំណែក​ខេត្តកំពត​វិញ ខណៈ​ដែល​វិនិយោគិន​ចិន​សម្រុក​ទៅ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ពេល​នេះ វិនិយោគិន​មក​ពី​អឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​វិនិយោគិន​ចិន​បាន​សម្រុក​ទៅ​វិនិយោគ​នៅ​តំបន់​មាត់​សមុទ្រ និង​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឲ្យ​តំបន់​នោះ​ក្លាយជា​គោលដៅ​អភិវឌ្ឍន៍​សម្រាប់​វិនិយោគិន​បរទេស​និង​ក្នុងស្រុក ។ ចំណែក​ខេត្តកំពត​វិញ ខណៈ​ដែល​វិនិយោគិន​ចិន​សម្រុក​ទៅ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ពេល​នេះ វិនិយោគិន​មក​ពី​អឺរ៉ុប ក៏​បាន​ងាក​មក​វិនិយោគ​នៅ​ក្នុង​ខេត្តកំពត​និង​កែប​វិញ ដោយ​ភាគច្រើន​វិនិយោគ​ទៅ​លើ​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​នានា ហើយ​បច្ចុប្បន្ន​កំពុង​មាន​សកម្មភាព​ទិញ​ដី រៀបចំ​សង់​ជា​ផ្ទះ​ស្នាក់​លំហែកាយ និង​រមណីយដ្ឋាន​នានា។

លោក សុខ គែន អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត​-​កែប បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ តម្លៃ​ដីធ្លី​ក្នុង​ខេត្តកំពត និង​កែប មិន​អាច​ប្រៀប​នឹង​រាជ​ធានី​ភ្នំពេញ ឬ​ខេត្ត​ព្រះ​សីហ​នុ​បាន តែបើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ខេត្តកំពត គឺ​មាន​កំណើន​ខ្ពស់​ខ្លាំង​ទាំង​សកម្មភាព​ទិញ​-​លក់ និង​តម្លៃ ជា​ពិសេស តំបន់​នៅ​ជាប់មាត់​សមុទ្រ ឬ​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍ ។

លោក​ថា ៖« ពេល​នេះ ទាំង​ឈ្មួញ និង​វិនិយោគិន កំពុង​ជ្រួលជ្រើម​រក​ទិញ​ដីធ្លី​នៅ​ក្នុង​ខេត្តកំពត ជា​ពិសេស​ដី​នៅ​តំបន់​មាត់សមុទ្រ ដែល​អាច​សង់​ជា​រមណីយដ្ឋាន និង​តំបន់​លំហែកាយ​បាន » ។

លោក​បន្ត​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​មើលឃើញ​ថា ជនជាតិ​អឺរ៉ុប និង​អា​មេ​រិ​ក​ជាដើម ដែល​កាលពីមុន គេ​ស្នាក់​នៅ​និង​រកស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​ផ្លាស់​មក​កាន់​ខេត្តកំពត និង​កែប​វិញ ស្រប​ពេល​កំណើន​ជនបរទេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន​ឡើង​ៗ ។ កត្តា​ទាំងនេះ​អាច​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​សកម្មភាព​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​​ក្នុង​ខេត្តកំពត និង​កែប កាន់តែ​មាន​សន្ទុះ​។ សម្រាប់​ថ្ងៃ​អនាគត ខេត្ត​ទាំង​ពីរ​នេះ​អាច​ជា​គោលដៅ​សំខាន់​មួយ ហើយ​តម្លៃ​ដីធ្លី​មិន​អាច​នៅ​ត្រឹមនេះ​បាន​ដែរ ពោល​គឺ​វា​នឹង​បន្ត​ឡើង​ខ្ពស់​ទៀត ទៅ​តាម​តម្រូវការ​របស់​ឈ្មួញ​ដែល​ស្វែងរក​ការ​វិនិយោគ ។

អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​រូប​នេះ​បាន​បន្ថែម​ថា តម្លៃ​ដី​នៅ​ខេត្តកំពត បាន​កើនឡើង​ពីរ​បី​ដង នៅ​ក្នុង​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង ។ ជាក់ស្ដែង​កាលពី​ឆ្នាំ​មុន គេ​អាច​រក​ទិញ​បាន​តម្លៃ​ត្រឹមតែ​៤០​ដុល្លារ ទៅ​៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ វា​បាន​ឡើង​រហូត​ដល់​១៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ​សម្រាប់​ដី​នៅ​ជាប់មាត់​សមុទ្រ ។ ដោយឡែក សម្រាប់​ដី​នៅ​ជាប់មាត់​ព្រែក​កំពត ឬ​អាច​ជា​តំបន់​ដែល​ត្រូវប៉ាន់​វិញ វា​មាន​តម្លៃ​រហូត​ដល់​៣៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ខណៈ​កាលពីមុន វា​មាន​តម្លៃ​ត្រឹមតែ​១៥០​ដុល្លារ​ទៅ​២០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

បើ​តាម​លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA ក៏​បាន​ផ្ដល់​ជា​មតិ​មួយ​ចំនួន​ដល់​អ្នក​ស្វែងរក​ទិញ​ដីធ្លី​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តំបន់​តាម​បណ្ដា​ខេត្ត​ផង​ដែរ ដោយ​បាន​ស្នើ​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្នក​ស្វែងរក​ទិញ​ដីធ្លី ។

ជាក់ស្ដែង អ្នកលក់​ដី​ខ្លះ​ក៏​មិន​បាន​គោរព​ទៅ​តាម​ក្រម​វិជ្ជាជីវៈ​របស់​ខ្លួន ដោយ​បំប៉ោង​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ឡើងថ្លៃ​ខ្ពស់ ប៉ុន្តែ​អាច​នឹង​មាន​វិបត្តិ​ណាមួយ​កើតឡើង​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ