ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌឫស្សីកែវ​កំពុង​នាំមុខ​គេ​លើ​ការ​វិនិយោគ​គម្រោង​បុរី​លំនៅ​ឋាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​វិស័យ​សំណង់​បច្ចុប្បន្ន​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ទូ​ទាំងគ្រប់​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រែក្លាយ​តំបន់​លំនៅ​ឋាន​ទាប​ៗ​ទៅ​ជា​អគារ​ខ្ពស់​ៗ និង​តំបន់​ដី​ទំនេរ​ក្លាយជា​បុរី​លំនៅ​ឋាន​ដ៏​ស្រស់​ស្អាត ហើយ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ គឺ​ខណ្ឌឫស្សីកែវ ទទួល​បានការ​វិនិយោគ​ឈានមុខ​គេ​លើ​ការ​សាងសង់​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម…

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​វិស័យ​សំណង់​បច្ចុប្បន្ន​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ទូ​ទាំងគ្រប់​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រែក្លាយ​តំបន់​លំនៅ​ឋាន​ទាប​ៗ​ទៅ​ជា​អគារ​ខ្ពស់​ៗ និង​តំបន់​ដី​ទំនេរ​ក្លាយជា​បុរី​លំនៅ​ឋាន​ដ៏​ស្រស់​ស្អាត ហើយ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ គឺ​ខណ្ឌឫស្សីកែវ ទទួល​បានការ​វិនិយោគ​ឈានមុខ​គេ​លើ​ការ​សាងសង់​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

របាយការណ៍​បញ្ជាក់​ថា ចាប់ពី​២០០០​ដល់​២០១៧ សម្រាប់​ខណ្ឌឫស្សីកែវ ការ​សាង​សង់​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី មាន​រហូត​៤៣​ទីតាំង នាំមុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​២៣​ទីតាំង​, ខណ្ឌមានជ័យ​១៧​ទីតាំង​, ខណ្ឌ​ច្បារ​អំពៅ​១៦​ទីតាំង​, ខណ្ឌ​សែន​សុខ​១៤​ទីតាំង​, ខណ្ឌ​ជ្រោយចង្វា​១៣​ទីតាំង​, ខណ្ឌដង្កោ​១២​ទីតាំង​, ខណ្ឌ​ព្រែក​ព្នៅ​៦​ទីតាំង​, ខណ្ឌចំការ​មន​៥​ទីតាំង និង​ខណ្ឌទួលគោក​៣​ទីតាំង ។

និន្នាការ​នៃ​អ្នក​អភិវឌ្ឍន៍​ងាក​ទៅ​សាងសង់​បុរី​លំនៅ​ឋាន​នៅ​ខណ្ឌ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​​ផ្នែក​អចលនទ្រព្យ​មើលឃើញ​ថា ដោយសារ​តំបន់​នោះ​មានការ​អភិវឌ្ឍ​គម្រោង​ដែល​មាន​តម្លៃ​មធ្យម​, ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​, កម្រិត​ដង់ស៊ីតេ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ច្រើន រួម​នឹង​តម្លៃ​ដី​នៅ​ក្នុង​តំបន់​នោះ​មាន​លក្ខណៈ​ធូរ​ថ្លៃ​ជាង​តំបន់​ផ្សេង​ទៀត ។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ថា នៅ​ខណ្ឌឫស្សីកែវ គម្រោង​សាងសង់​មាន​ច្រើន​ទាំង​គម្រោង​តម្លៃ​មធ្យម និង​តម្លៃ​ក្រោម​មធ្យម ហើយ​នៅ​ពេល​ខាង​មុខ តំបន់​នោះ​នឹង​មាន​សក្ដានុពល​ថែម​ទៀត ដោយសារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​ត្រូវ​បាន​ពង្រីក និង​សាងសង់​បន្ថែម​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក វ៉ា វី​រៈ ថ្លែង​ថា ៖« ការ​វិនិយោគ​ផ្អែក​ទៅ​តាម​តំបន់ បើ​តំបន់​ណា​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ល្អ​នោះ ​ការ​វិនិយោគ​នឹង​ងាក​ទៅ​តំបន់​នោះ​ច្រើន បូក​រួម​ទាំង​តម្លៃ​ដីធ្លី​នៅ​ធូរ​ថ្លៃ​ជាដើម » ។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ លោក សា​រិ​ន វ​ណ្ណា បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ដាក់​លិខិតស្នើ​សុំ​សាងសង់​ទាំង​បុរី និង​អគារ​ផ្សេង​ៗ​គឺ​មាន​ច្រើន ដោយសារ​វិនិយោគិន​មាន​ភាព​ជឿជាក់​ទៅ​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សព្វ ថ្ងៃ ។

លោក​ថ្លែង​ថា ៖« នៅ​ទូ​ទាំង​ក្រុងភ្នំពេញ ការ​សាងសង់​លំនៅ​ឋាន​ជា​លក្ខណៈ​បុរី​មាន​ចំនួន​១៨៨​ទីតាំង ហើយ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​រៀបចំ​ដែនដី កំពុង​បង្វិល​ពី​ការ​សាងសង់​អគារ​ដែល​មាន​តម្លៃ​ថ្លៃ មក​សាងសង់​អគារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ឱ្យ​បាន​ច្រើន ។ ចំណែក​អ្នក​អភិវឌ្ឍន៍​មុន​នឹង​វិនិយោគ គេ​គិត​ទៅ​តំបន់​ណា​ដែល​អំណោយផល និង​មាន​សក្ដានុពល​ទាំង​សេដ្ឋកិច្ច និង​បរិយា​កាស​រស់នៅ គេ​នឹង​អ​វិ​ឌ្ឍ​ន៍​នៅ​តំបន់​នោះ ពិសេស​តំបន់​ដែល​មាន​ដង់ស៊ីតេ​មនុស្ស​រស់​នៅ​ច្រើន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ