ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទ្រាំឈឺ​ចាប់​លែង​បាន​​ហើយ សូមលោក​ទៅកាន់​សុខ​គតិភព​

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ ​ជន​រង​គ្រោះ​លោក បូរ វេហាឬ​បូរ វណ្ណៈ ហៅ​សីហា អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​តា​ខ្មៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​សាច់ញាតិ ​ជន​រង​គ្រោះ​លោក បូរ វេហាឬ​បូរ វណ្ណៈ ហៅ​សីហា អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បច្ចុប្បន្ន​ជា​អ្នកចម្រៀង និង​ជា​ប្រធាន​ក្រុម​ភ្លេង​ប្រចាំ​នៅក្លិប​អិ​ល​វី តាំងពី​អំឡុងឆ្នាំ​២០០៨ បាន​ស្លាប់​ទៅ​ហើយ ក្នុង​គ្រោះ​អកុសលឆេះ​ខ្លួន​ក្នុង​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេខ្សែភ្លើង​) ឆេះ​ក្លិប​LV កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ក្រុងព្រះសីហនុ ។

នៅ​ក្នុង​ហេតុការណ៍​ស្មាន​មិន​ដល់​នេះ​ បាន​កើតឡើង​ខណៈ​មាន​អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆេះ​នៅ​ពិតាន ហើយ​ជន​រង​គ្រោះជា​អ្នកចម្រៀង​រូប​នេះ​ កំពុង​បត់ជើង​នៅ​ក្នុង​បន្ទប់ទឹក ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នៅ​ខាង​ក្រៅ​ជន​រង​គ្រោះ ​ក៏​បាន​រត់​ចេញពី​បន្ទប់ទឹក​មក ​ក៏​ត្រូវ​ពិតាន​ក្លិប​ដែលឆេះ​បាន​បាក់​មក​ទាំង​ផ្ទាំង​ សុទ្ធតែ​អណ្តាតភ្លើង​សង្កត់​លើ​ជន​រង​គ្រោះ ។

bty

ពេល​ឃើញ​ទិដ្ឋភាព​នេះ​ មិត្តភក្តិ​រួមការ​ងារ​បាន​ចូល​ទៅ​ជួយ​សង្គ្រោះ ​យក​ចេញពី​ក្រោម​គំនរ​រងើកភ្លើង​ហើយ​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រហូត​ដល់​ប្រទេស​វៀតណាម ។ ប៉ុន្តែ​ជា​អកុសល​ដោយសារ​តែ​ការ​រលាក​រលេះរលួយ​ពេញ​ខ្លួន​សូ​ម្បី​តែ​គ្រឿងក្នុង​ស្ទើរតែ​ឆ្អិន​អស់​ទៅ​ហើយ​នោះ មច្ចុរាជ​បាន​មក​ផ្តាច់​យក​សង្ខារ​ជន​រង​គ្រោះ​ខាងលើ​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ ហើយ​សព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​បញ្ជូន​មក​វិញ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​បុគ្គលិក​បម្រើ​ការ​នៅ​ក្លិប​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ក្លិប​ខាងលើ​មាន​អ្នកចម្រៀង​ចំនួន​៩​នាក់ និង​ក្រុម​ភ្លេង​ចំនួន​៤​នាក់ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក បូរ វេហា (​មុន​នេះ​ស្គាល់​ត្រឹម បូរ សីហា​) ។ ក្នុង​ចំណោម​អ្នកចម្រៀង​ទាំង​៩​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ គឺ​លោក បូរ វេហា មាន​ទឹកដម​សំឡេង​ពីរោះ​និង​រូប​សម្រស់​ស្អាត​ជាងគេ​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​នាក់​បាន​លួច​សរសើរ និង​លង់​សម្រស់​ដ៏​សង្ហា​របស់​លោក ដែល​រះ​នៅ​ក្នុង​ក្លិប​អស់​រយៈកាល​១០​ឆ្នាំ​កន្លង​ទៅ ។តាម​ការ​បង្ហើប​ឲ្យ​ដឹង​បែប​ស្ងាត់​ៗ​ពី​ក្រុម​អ្នកចម្រៀង​ប្រចាំ​ក្លិប​រូប​នេះ​(​ជន​រង​គ្រោះ​) មាន​ប្រពន្ធ​ចំនួន​៣​នាក់ ។ ប្រពន្ធ​ទី​១​បានកូន​ស្រី​ម្នាក់ ប្រពន្ធ​ទី​២​បានកូន​ស្រី​ម្នាក់ និង​ប្រពន្ធ​ទី​៣ បានកូន​ប្រុស​ម្នាក់ ។ បច្ចុប្បន្ន​លោក បូរ វេហា រួមរស់​ជាមួយ​ប្រពន្ធ​ទី​៣​ដែល​នាង​មាន​មុខរបរ​បើកហាង​លក់ដូរ​នៅ​ឆ្នេរ​អូរ​ត្រេះ ក្រុងព្រះសី​ហនុ។

បន្ទាប់​ពី​មរណភាព​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​ក្រុម​គ្រួសារ​សាច់ញាតិ និង​មិត្ត​អ្នក​រួម​អាជីព​បាន​សម្តែង​ទុក្ខសោក​វិយោគ​ជា​ពន់ពេក​លាយឡំ​ដោយ​ក្តី​សោកស្តាយ​ចំពោះ​រូបសម្បត្តិ​ដ៏​ស្រស់​សោភា​ប្រកប​ដោយ​បុគ្គលិកលក្ខណៈ​សុភាព​រាបសា គួរ​ជាទី​រាប់អាន​នៅ​ក្នុង​សង្គម ។ មិត្ត​រួម​អាជីព​ក៏​ដូច​ជា​អតិថិជន​ដែល​និយម​គាំទ្រ​នូវ​ទឹកដម​សំឡេង​របស់​លោក​នា​ពេល​កន្លង​មក បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​សោកស្តាយ និង​បាន​ជូនពរ​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅ​កាន់​សុខ​គតិ​ភព កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ។

គួរ​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ​រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​បានដឹង​ថា ម្ចាស់​ក្លិប​ខាងលើ​និង​ជួយ​បរិច្ចាគ​ជា​ថវិកា​សម្រាប់​គ្រួសារ​សព​ជន​រង​គ្រោះ​ដើម្បី​ជា​ការ​ចូលរួម​ក្នុង​ការ​រំលែក​ទុក្ខ​ដ៏​មហា​ក្រៀមក្រំ​នៃ​គ្រួសារ​សព ដែល​បាន​កើតឡើង​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​ឬ​យ៉ាងណា​ទេ ៕​

bty
bty