ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ស្ថានទូត​ថៃ ស្វែង​យល់​អំពី​ច្រក​ចេញចូល​កម្ពុជា​-​ថៃ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រី សា​រ៉ា​យុទ្ធ ប៊ុ​ន​ជឺ (SARAYUT BOONJEU) សេនានុព័ន្ធ​យោធា​ស្ថានទូត នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ទីក្រុង​ភ្នំពេញ…

ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រី សា​រ៉ា​យុទ្ធ ប៊ុ​ន​ជឺ (SARAYUT BOONJEU) សេនានុព័ន្ធ​យោធា​ស្ថានទូត នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ចូល​ជួប​សម្តែង​ការ​គួរសម ជាមួយ​លោក ងួ​ន រតនៈ គណ​អភិបាលខេត្ត​បាត់ដំបង នៅ​សាលាខេត្ត នៅ​វេលា​ថ្ងៃត្រង់​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។ លោក​ឧត្តមសេនីយ៍ត្រី សា​រ៉ា​យុទ្ធ ប៊ុ​ន​ជឺ សេនានុព័ន្ធ​យោធា​ស្ថានទូត​ថៃ បាន​បញ្ជាក់​ពី គោលបំណង​ស្វែង​យល់​អំពី​សភាពការណ៍​ខ្លះ​ៗ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន អាជីវករ សុខមាលភាព និង​ការងារ​មន្ត្រីរាជការ​ទាំង​សងខាង​នៃ​ប្រទេស​កម្ពុជា ថៃ ដោយ​ផ្តោត​សំខាន់​ទៅ​លើ ច្រក​ចេញចូល​(​គីឡូ​១៣-​ខៅ​ឌិន​) ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ត្រៀម​ប្រកាស​បើក នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​ទៅ​ជា​ច្រក​អន្តរជាតិ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ចេញចូល​ដោយ​ស្របច្បាប់ ចៀសវាង​ការ​ភ័ន្ត​ច្រឡំ​ណាមួយ​ដែល​បង្ក​ការ​លំបាក​ដល់​សមត្ថកិច្ច​ទាំង​សងខាង​ក្នុង​ការ​ដោះស្រាយ​។

លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែង​វិញ​ថា ការ​បើក​ច្រក​សំពៅ​លូន​ឲ្យ​ទៅ​ជា​ច្រក​អន្តរជាតិ គឺជា​ការ​លើកតម្កើង​កម្លាំង​សេដ្ឋកិច្ច​ចេញចូល​មានការ​រីក​ចម្រើន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ងាយ​ក្នុង​ការ ត្រួតពិនិត្យ ដល់​ប្រជាជន​ចេញចូល​ទៅ​វិញ​ទៅ​មក​ដោយ​ស្របច្បាប់ ដែល​ក្នុង​រយៈពេល​២៦​ឆ្នាំ​មុន ច្រក​ស្រុក​សំពៅ​លូន​នេះ​គឺជា​តំបន់​ព្រៃ​ភ្នំ​គ្មាន​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​បាន​ដោយ​ស្រួល​ឡើយ តែ​ពេល​នេះ​គឺ​ដោយសារ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​តំបន់​ព្រៃ​ភ្នំ​ដែល​មាន​តែ​សង្គ្រាម​ពី​អតីតកាល​មក​នោះ​ឲ្យ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច មាន​ស្រែ ចម្ការ រោង​សិប្បកម្ម រោងចក្រ ផ្លូវថ្នល់ មានផ្ទះ​សាងសង់​ទ្រនំ​ខ្ពស់ គឺ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជីវភាព​ធូរធា​របស់​ប្រជាពលរដ្ឋ ហើយ​ទើប​ពេល​នេះ​យើង​ចាប់ផ្តើម​ឈាន​បន្ត​ទៅ​ទៀត ក្នុង​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​នៅ​តាម​មូលដ្ឋាន​បន្ថែម​ទៀត​ក្រោម​ការ​ជួយ​ជំរុញ​រៀបចំ​ពី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ​។

ក្នុង​នោះ​លោក មាស ដា​រ៉ា ប្រធាន​មន្ទីរ​ការងារ និង​វិជ្ជាជីវៈ និង​លោក នៅ ញ៉ិ​ន នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា កន្លង​មក​ដោយសារ​តែ ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ មាន​រហូត​ទៅ​ដល់​១​លាន​២​សែន​នាក់ ដោយ​មាន​មក​ពី​ខេត្ត​ផ្សេង​ៗ និង​មិន​បាន​យល់​ដឹង​អំពី​ច្បាប់​ចេញចូល​តាម​ប្រទេស ទើប​រាជរដ្ឋាភិបាល​ទាំង​ពីរ​(​កម្ពុជា​+​ថៃ​) បាន​បង្កើត​គណៈកម្មការ​សហប្រតិបត្តិការ​រួម​គ្នា​មួយ​ដើម្បី​កែសម្រួល​ដល់​បងប្អូន​ដែល​បាន​ចូល​ទៅ​ខុសច្បាប់​ឲ្យ​មានច្បាប់​ត្រឹមត្រូវ​ឡើង​វិញ​។ ដោយ​សំខាន់​ឲ្យ​មានការ​យល់​ដឹង​គោរព​ទៅ​តាម​ច្បាប់​ក្នុង​ប្រទេស​ថៃ ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្របគ្រង និង​មាន​ពលករ​ចេញ​ទៅ​ធ្វើការ​មាន​ប្រភេទ​តំបន់ ចេញ​ទៅ​ការ​ព្រឹក​វិល​ល្ងាច រយៈពេល​១​ស​ប្តា​ហ៍ និង​ជា​ច្រើន​ខែ ហើយ​រស់នៅ​ធ្វើការ​ដោយ​ស្របច្បាប់ គ្មាន​ការ​ព្រួយបារម្ភ ភ័យ​ខ្លាច​អ្វី​ទៀត​ឡើយ និង​មាន​បងប្អូន​ខ្លះ​ដែល​មិន​ចង់​ចេញ​ទៅ​ធ្វើការ​កម្មករ នៅ​បរទេស​ក៏​អាច​ទទួល​បានការ​បណ្តុះបណ្តាល​គ្រប់មុខ​ជំនាញ​នៅ​ខេត្តបាត់ដំបង​ដែល​កន្លង​មកនេះ​តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​បណ្តុះបណ្តាល​ពី​ប្រទេស​ថៃ​ផង​ដែរ​។

  ចំពោះ​ផ្នែក​សុខមាលភាព លោក វឿ​ង ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​ថ្លែង​ថា កន្លង​មក​ប្រទេស​កម្ពុជា​+​ថៃ យើង​បាន សហប្រតិបត្តិការ រួម​គ្នា​ដើម្បី​ការពារ​រោគរាតត្បាត ជំងឺឆ្លង ពី​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ភាគច្រើន​មាន​ជំងឺ គ្រុនចាញ់ គ្រុនឈាម ដែល​គ្រប់​តាម​តំបន់​នោះ​នៅ​សេសសល់​មាន​មេរោគ​នេះ​នៅឡើយ​។ ហើយ​ខាង​កម្ពុជា​បាន​តាមដាន​បំបាត់រោគ​ដែល​ធ្លាប់​មាន​ទាំងនោះ​ដោយ​មិន​ឲ្យ​កើត​មាន​ទៀត​ឡើយ ដោយឡែក​នៅ​មាន​បន្តិចបន្តួច​យើង​កំពុង​រួម​សហ​ប្រ​តិ​បត្ត​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា ដើម្បី​រក​ចំណុច​ដែល​នៅ​មាន​មេរោគ​ទាំងនោះ​កើតឡើង ហើយ​រួម​គ្នា​ជួយ​លុប​បំបាត់ និង​ក៏​សូម​សំណូមពរ​ឲ្យ​ខាង​ភាគី​ថៃ​ជួយ​ផ្តល់​ជា​ដំណឹង ព័ត៌មាន​អំពី​ការ​កកើត​មាន​មេរោគ ទាំងនេះ​ដល់​កម្ពុជា​ឲ្យ​បានដឹង​លឿន​វិញ​ផង ងាយស្រួល​ខាង​កម្ពុជា​មាន​វិធាន​ការណ៍​ទប់ស្កាត់​ជា​បន្ទាន់ ព្រោះ​កន្លង​មក​បងប្អូន​ពលករ​ខ្លះ​ចូល​ទៅ​ធ្វើការ​ចល័ត​ចុះឡើង​ហើយ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ខ្លួន​នោះ​យើង​ពិបាក​កំណត់​ថា តើ​មេរោគ​ឆ្លង​នោះ​ចេញពី​ប្រភព​ណា​ឲ្យ​ពិតប្រាកដ ព្រោះ​ខាង​កម្ពុជា មាន​បណ្តាញ​តាមដាន​រាល់ពេល​ស្ទើរតែ​គ្មាន​រោគ​សញ្ញា​ជំងឺឆ្លង​នេះ​ទៀត​ឡើយ​នៅ​ក្នុង​តំបន់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ