ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ​ទេ

6 ឆ្នាំ មុន

ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​៩​នាក់ ក្នុង​ចំណោម​១០០​នាក់ នឹង​កើតជា​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ។ នៅ​ពេល​អ្នកមាន​ផ្ទៃពោះ កោសិកា​របស់​អ្នក​នឹង​មិនសូវ​ស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន​ទេ…

ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​៩​នាក់ ក្នុង​ចំណោម​១០០​នាក់ នឹង​កើតជា​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន ។

នៅ​ពេល​អ្នកមាន​ផ្ទៃពោះ កោសិកា​របស់​អ្នក​នឹង​មិនសូវ​ស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន​ទេ ។ រឿង​នេះ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​បាន ។ កាលណា​មាន​ជាតិ​ស្ករ​ច្រើន អាច​ជួយ​បង្កើត​​នូវ​ជីវជាតិ​កាន់តែ​ច្រើន​ដល់​ទារក​បាន ។ ប៉ុន្តែ​បើសិនជា​កោសិកា​អ្នក​មិន​អាច​ទទួល​យក​អាំង​ស៊ុ​យ​លី​ន​បាន នោះ​ជាតិ​ស្ករ​ក៏​មិន​អាច​ប្រើប្រាស់​បាន​ដែរ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់ ។ វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ទាំង​អ្នក និង​កូន​ក្នុង​ផ្ទៃ ។

តើ​នរណា​អាច​កើត​មាន​ជំងឺ​នេះ​ខ្លះ?
គ្មាន​នរណា​ម្នាក់​អាច​និយាយ​ឲ្យ​ច្បាស់​ថា តើ​នរណា​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​ឡើយ ប៉ុន្តែ​ឱកាស​អ្នក​អាច​នឹង​ឡើង​ខ្ពស់​បើសិនជា​អ្នកជា​៖

•​ធាត់​ជ្រុល​មុន​ពេល​មាន​ផ្ទៃពោះ
•​មាន​សមាជិកគ្រួសារ​កើត​ជំងឺ​ទឹកនោមផ្អែម​ស្រាប់
•​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ
•​ធ្លាប់​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​កាលពី​ពេល​មុន
•​ពពោះ​កូន​ដែល​ធំ​ពេក ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ
•​មាន​ភាព​មិនធម្មតា​ទៅ​លើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ពី​មុន​មក

របប​អាហារ
គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ អាច​ជួយ​អ្នក​ជ្រើសរើស​អាហារ​ដែល​អាច​ថែរក្សា​​ជាតិ​ស្ករ​ក្នុង​ឈាម​ជាមួយនឹង​ការ​មាន​សុខភាព​ល្អ​បាន ។ ពួក​គេ​ក៏​អាច​បង្រៀន​អ្នក​លើ​ការ​ជ្រើសរើស​ពេលវេលា​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​ទៀត​ដែរ ។ ជា​ទូទៅ អ្នក​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម និង​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ។

ចូរ​បញ្ចូល​អាហារ​មាន​ជាតិ​សរសៃ​ញ៉ាំ​ឲ្យ​បាន​ច្រើន​ដូច​ជា បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ​ជាដើម ។ ការ​សិក្សា​ដ៏​ធំ​មួយ​បាន​ពិនិត្យ​ទៅ​លើ​របប​អាហារ​របស់​ស្ត្រី​មុន​ពេល​ពួក​គេ​មាន​ផ្ទៃពោះ ។ ជា​រៀងរាល់ថ្ងៃ ពួក​គេ​បាន​បង្កើន​ការ​ញ៉ាំ​ជាតិ​សរសៃ​១០​ក្រាម ហើយ​ឃើញ​ថា​មានការ​ថយ​ចុះ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​រហូត​ដល់​២៦​ភាគរយ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ឲ្យ​ដល់​តម្រូវការ​ញ៉ាំ​ជាតិ​សរសៃ​ផង​ដែរ ។

សកម្មភាព
ការ​ហាត់ប្រាណ​ទៀងទាត់ អាច​ជួយ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​មាន​សុខភាព​ល្អ​បាន​។ ការ​ដើរ និង​ហែល​ទឹក គឺជា​ជម្រើស​ដ៏​ល្អ​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​ភាព​សកម្ម​ខាង​រាង​កាយ​មុន​ពេល និង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ប្រហែល​៤​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន​ប្រហែល​៧០​ភាគរយ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត ។

ក្រោយ​ពី​សម្រាលកូន​រួច
កត្តា​ប្រឈម​មុខ​ដូច​គ្នា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អ្នក​រងគ្រោះថ្នាក់​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ​នោះ ក៏​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នៅ​ថ្ងៃក្រោយ​ដែរ ។ បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​ប្រឈម​នឹង​ជំងឺ​ទឹក នោម​ផ្អែម​ក្រោយ​ពី​មាន​ផ្ទៃពោះ​រួច នឹង​កើន​ឡើងជា​មិន​ខាន ។

ក្រោយ​ពី​សម្រាលកូន​រួច យក​ល្អ​គួរតែ​មាន​របប​អាហារ​ផ្តល់​សុខភាព និង​រៀប​គម្រោង​ហាត់ប្រាណ​ផង ។ ការ​ដែល​មាន​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ នឹង​ជួយ​បន្ថយ​ការ​ប្រឈម​មុខ​របស់​អ្នក​បាន ។ ប៉ុន្តែ​អ្នក​មិន​គួរ​ណា​បារម្ភ​អំពី​ការ​ចុះ​ស្គម ភ្លាម​ៗ​ពេក​ឡើយ ។ នៅ​ពេល​អ្នក​ធាត់ ការ​ស្រក​ទម្ងន់​ត្រឹម​៥​ទៅ​៧​ភាគរយ នៃ​ទម្ងន់​ខ្លួន គឺ​គ្រប់គ្រាន់​នឹង​បង្កើត​ភាព​ខុស​គ្នា​ដល់​សុខភាព​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ