ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​១១ នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ លោក ប៉ាន សូរ​ស័ក្តិ តំណាង​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​១១ នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ លោក ប៉ាន សូរ​ស័ក្តិ តំណាង​រាជរដ្ឋាភិបាល និង​សហការី ទទួល​បាន​ជោគជ័យ​លើ​ការ​ការពារ​សេចក្តី​ព្រាងការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ។

ជា​លទ្ធផល សេចក្ដី​ព្រាង​នេះ ត្រូវ​បាន​ព្រឹទ្ធសភា​ធ្វើការ​អនុម័ត​យល់ព្រម​ដោយ​ឥត​កែ​ប្រែ និង​ចាត់ទុកជា​ការ​ប្រញាប់ ក្នុង​សំឡេង​គាំទ្រ​ចំនួន​៤៥​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

កិច្ចព្រមព្រៀង​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ប្រកប​ដោយ​​និរន្តរភាព និង​គ្រប់​វិស័យ កាត់​បន្ថយ​ភាព​ក្រីក្រ និង​គម្លាត​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ប្រសើរ​ឡើង ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ទូលំទូលាយ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ចំណងមិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ភាព​ជា​អ្នក​ជិតខាង​ល្អ ។

អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​នេះ​រួម​មាន ៖
១-​បង្កើន​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម
២-​បង្កើត​បរិ​យាស​ធុរកិច្ច​ល្អ​ប្រសើរ

៣-​សម្រួល​ប​ម្លា​ស់​ទី​របស់​ប្រជាជន​, យានយន្ត និង​ទំនិញ​នៃ​ប្រទេស​ទាំង​បី​ក្នុង​តំបន់ត្រីកោណ

៤-​បង្កើន​លក្ខខណ្ឌ​អនុគ្រោះ​ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ ។
លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​ស្តី​ពី​

ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​នេះ មាន​គោលបំណង​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​ក្នុង​តំបន់ត្រី​កោណ​​អភិវឌ្ឍន៍ ក្នុង​នោះ​ប្រទេស​កម្ពុជា​មាន​៤​ខេត្ត គឺ​ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ ។ ចំណែក​ប្រទេស​ឡាវ​មាន​៤​ខេត្ត និង​វៀតណាម​មាន​៥​ខេត្ត ដែល​ជា​មធ្យោ​បាយ​មួយ​ក្នុង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​រវាង​តំបន់ត្រីកោណ និង​តំបន់​ដទៃ​ទៀត ។

គួរ​រំឭក​ដែរ​ថា កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិ​វឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​នេះ ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១២១​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល នា​សម័យប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ