ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះទៅដឹងពីដំណើរជីវិត​ត្រីដែលមានតម្លៃថ្លៃជាង​គេ«ត្រី​ប៉ា​សេអុី»

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តំបន់​ព្រៃ​រុំ​ា​សារ និង​រូង​ជួរ​ថ្ម​តាម​ដង​ទន្លេ​ទាំង​បួន​គេ​បាន​សន្និដ្ឋាន​ថា​ អាច​ជា​ជម្រក​នៃ​ពពួក​ត្រី​ប៉ា​សេ​អុ​ី​ដ៏​កម្រ​នៅ​ខេត្តស្ទឹងត្រែង ។ ពួក​វា​ត្រូវ​គេ​ប្រទះ​ឃើញ​ធំធាត់​ស្ថិត​នៅ​រដូវ​ទឹក​ឡើង​ចាប់ពី​ដើមខែ​ឧសភារហូត​ដល់​ចុងខែ​កក្កដា និង​រដូវរំហើយ​ចាប់ពី​ដើមខែ​វិច្ឆិកា រហូត​ដល់​ចុង​ខែមករា ចន្លោះ​រយៈពេល​ពីរ​រដូវ​នេះ​អ្នកនេសាទ​ប្រមូលផ្តុំ​ដាក់​មង​នៅ​ទន្លេសេកុង…

ខេត្តស្ទឹងត្រែង ៖ តំបន់​ព្រៃ​រុំ​ា​សារ និង​រូង​ជួរ​ថ្ម​តាម​ដង​ទន្លេ​ទាំង​បួន​គេ​បាន​សន្និដ្ឋាន​ថា​ អាច​ជា​ជម្រក​នៃ​ពពួក​ត្រី​ប៉ា​សេ​អុ​ី​ដ៏​កម្រ​នៅ​ខេត្តស្ទឹងត្រែង ។ ពួក​វា​ត្រូវ​គេ​ប្រទះ​ឃើញ​ធំធាត់​ស្ថិត​នៅ​រដូវ​ទឹក​ឡើង​ចាប់ពី​ដើមខែ​ឧសភារហូត​ដល់​ចុងខែ​កក្កដា និង​រដូវរំហើយ​ចាប់ពី​ដើមខែ​វិច្ឆិកា រហូត​ដល់​ចុង​ខែមករា ចន្លោះ​រយៈពេល​ពីរ​រដូវ​នេះ​អ្នកនេសាទ​ប្រមូលផ្តុំ​ដាក់​មង​នៅ​ទន្លេសេកុង និង​ទន្លេមេគង្គ ។

តាម​រយៈ​នៃ​ការ​តាមដាន​របស់​ក្រុម​អ្នកជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ថា គោលដៅ​របស់​ពពួក​ត្រី​ប៉ា​សេ​អុ​ី​មាន​វត្តមាន​ចាប់ពី​ព្រំប្រទល់​ខេត្តក្រចេះ​ទៅ​ដល់​កោះ​បួន​ពាន់ តំបន់​ព្រៃ​រុំ​ា​សារ និង ជួរ​រូង​ថ្ម រហូត​ដល់​ព្រំប្រទល់​ឡាវ​នៃ​ទន្លេ​ម្ខាង​ម្នាក់​ទៅ​ដល់​ស្រុក​មឿង​ខូង​ឯណោះ ។ អ្នកជំនាញ​បាន​តាមដាន ហើយ​អះអាង​ថា ត្រី​ប៉ា​សេ​អុ​ី​ដែល​មាន​វត្តមាន​ចាប់ពី​ព្រំប្រទល់​ប្រទេស​ឡាវ​ត្រឡប់​មក​ដល់​ព្រំប្រទល់​ខេត្តក្រចេះ​វិញ​មាន​ទំហំ និង​ទម្ងន់​ចាប់ពី​ជាង​៤​គីឡូក្រាម​ក្នុង​មួយ​ក្បាល​ចុះ​មក​តាម​លំដាប់លំដោយ​រហូត​ដល់​ទំហំ និង​ទម្ងន់​ត្រី​ខ្នាត​តូច ។ ចំណែក​លក្ខណៈ​ដែល​គេ​ចាប់អារម្មណ៍ គឺ​ត្រី​ប៉ា​សេ​អុ​ី​ដែល​មាន​វត្តមាន​ចាប់ពី​ព្រំប្រទល់​ប្រទេស​ឡាវ​ចូល​ទៅ​ដល់​ស្រុក​មឿង​ខូង​ប្រទេស​ឡាវ​ឯណោះ​វិញ គេ​ប្រទះ​ឃើញ​អស់​ធំ​បំផុត​ត្រឹម​ទម្ងន់​ប្រាំបី​ខាំ​ចុះ​ក្រោម​ក្នុង​មួយ​ក្បាល ហើយ​ពុំ​សូវ​ប្រទះ​ឃើញ​ផង ។

ដោយឡែក​ សម្រាប់​ទីតាំង​សំខាន់​រយៈពេល​ពី​រដូវ​នៃ​ការ​ប្រមូលផ្តុំ​ចេញពី​ជម្រក​របស់​ពួក​វា​បាន​ទៅ​ជួបជុំ​ក្នុង​ទន្លេ​ទល់មុខ​អតីត​សាលាខេត្ត​ចាស់​ជា​ទន្លេសេកុង​ចន្លោះ​ក្បាលកោះ​ស្រ​ឡាយ ទៅ​ដល់​ភូមិ​ថ្មី ជា​ទន្លេមេគង្គ ។រហូត​មក​ទល់​បច្ចុប្បន្ន​ការ​ពង​កូន​បន្ត​ពូជ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​នៅឡើយ​ដោយសារ​ត្រី​ប៉ា​សេ​អុ​ី​មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពង​របស់​វា​នៅ​ក្នុង​ពោះ​ទេ ទាំង​អ្នកនេសាទ​បាន ទាំង​អ្នកទិញ​ទៅ​បរិភោគ ។តាម​ការ​អះអាង​របស់​ក្រុម​អ្នកជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​ថា នៅ​រដូវ​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០១៧​មក​ទល់​ដើមឆ្នាំ​២០១៨​ដែល​ជា​រដូវ​ចុង​ក្រោយ ពពួក​ត្រី​ប៉ា​សេ​អុ​ី​វិល​ទៅ​រក​ជម្រក​របស់​ខ្លួន​វិញ​នោះ នៅ​តាម​ជួរ​ដង​ទន្លេ​បី​មាន​វត្តមាន​ត្រី​ប៉ា​សេ​អុ​ី គឺ​ទន្លេមេគង្គ ទន្លេសេកុង និង​ទន្លេស្រែពក ។ ដោយឡែក​ទន្លេសេសាន​មិន​មាន​វត្តមាន​ត្រី​ប៉ា​សេ​អុ​ី​ទេ​ដោយសារ​ទន្លេ​មួយ​នេះ​បាន​បិទ​ទំនប់​វា​រី​អគ្គិសនី តែ​អ្នកបច្ចេកទេស​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កំពុង​សិក្សា​ដើម្បី​សាងសង់​ជណ្តើរ​ត្រី សម្រាប់​ឲ្យ​ពួក​វា​បាន​ឆ្លងកាត់​។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង លោក​ទុំ នី​រ៉ូ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ខេត្តស្ទឹងត្រែង​នឹង​មាន​ស្ថានីយ​បង្កាត់​ពូជ​ត្រី​មួយ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​៥​សែន​ដុល្លារ​អា​មេ​រិ​ក ជា​កម្ចី​ពី​ធនាគារពិភពលោក​តាម​រយៈ​គម្រោង​មេគង្គ​រដ្ឋបាល​ជលផល ដោយ​ប្រាក់​ទាំង​នោះ​បាន​ទម្លាក់​មក​ដល់​ហើយ ។ បច្ចុប្បន្ន​កំពុង​សិក្សា​ប្លង់​លម្អិត​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដែល​មាន​ទីតាំង​ស្ថិត​នៅ​អូរ​ខ្លុង ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ។ ស្ថានីយ​បង្កាត់​ពូជ​ត្រី​នោះ​មិនមែន​បង្កាត់​តែ​ពូជ​ត្រី​ប៉ា​សេ​អុ​ី​មួយ​ប្រភេទ​ទេ ពោល​គឺ​បង្កាត់​ពូជ​ត្រី​ជា​ច្រើន​ទៀត ៕​

អត្ថបទសរសេរ ដោយ