ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពចាប់នារីម្នាក់ រំលោភបូករហូតបានសម្រេចទាំង២នាក់ នៅចំណុចវាលស្រែ ខេត្តព្រៃវែង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ចក់ ស៊ីថា អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់សំរិត ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះ សេន ចយ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង អ្នកទាំង២មានមុខរបរជាអ្នកបើករថយន្តដឹកដី ។ រីឯនារីរងគ្រោះមានអាយុ២៦ឆ្នាំ ។
លោកវរសេនីយ៍ឯក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានប្តឹងចោទថា ជនសង្ស័យទាំង២នាក់ បានហៅនាងឲ្យទៅកោសខ្យល់ឲ្យនៅចំណុចវាលស្រែ កន្លែងដែលជនសង្ស័យជីកដី និងដេកនៅទីនោះ ប៉ុន្តែក្រោយពីកោសខ្យល់ហើយ ស្រាប់តែជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពចាប់នាងរំលោភបូករហូតបានសម្រេចទាំង២នាក់តែម្តង ក្រោយពីត្រូវគេរំលោភហើយនោះ នាងក៏រត់ទៅប្តឹងប៉ូលិសប៉ូស្តិ៍រដ្ឋបាលដែលនៅក្បែរនោះឲ្យជួយអន្តរាគមន៍ចាប់ជនសង្ស័យភ្លាមៗ ។
ចំណែកជនសង្ស័យ ចក់ ស៊ីថា ដែលត្រូវបានចាប់ខ្លួននោះបានឆ្លើយបដិសេធន៍ នៅចំពោះមុខសមត្ថកិច្ចថា រូបគេមិនបានចាប់រំលោភនារីរងគ្រោះនោះទេ គឺឈ្មោះ សេន ចយ ដែលរត់គេចខ្លួននោះទេទើបជាអ្នកចាប់រំលោភ ។
ទោះជាយ៉ាងណាក៏ដោយ លោកអធិការស្រុកបានបញ្ជាក់ថា តាមរយៈការស៊ើបអង្កេតរបស់សមត្ថកិច្ចបានរកឃើញថា នារីរងគ្រោះមិនមែនជាអ្នកប្រកបមុខរបរកោសជប់ទេ ហើយនាងជាមនស្សមានសតិស្មារតីរាងខ្វះបន្តិច ។
មុនពេលកើតហេតុនាង និងជនសង្ស័យ សេន ចយ ធ្លាប់បានទាក់ទងផ្តោះផ្តងពាក្យសំដី និងឈានដល់ការឲ្យលេខទូរស័ព្ទទាក់ទងគ្នាថែមទៀតផង ។ លុះមកដល់យប់កើតហេតុ ដោយបើកឡានដឹកដីពីថ្ងៃអស់កម្លាំងនឿយហត់ពេក ជនសង្ស័យ សេន ចយ ក៏បានទូរស័ព្ទហៅនារីរងគ្រោះឲ្យមកកោសខ្យល់ឲ្យ ប៉ុន្តែពេលកោសខ្យល់ហើយ ក៏ចាប់នាងរំលោភតែម្តង ។
ក្រោយពីកើតមានហេតុការណ៍នេះហើយ នារីរងគ្រោះបានរត់មកប្តឹងសមត្ថកិច្ចភ្លាម រីឯជនសង្ស័យ សេន ចយ បានរត់គេចខ្លួនបាត់ភ្លាម ចំណែកជនសង្ស័យចក់ ស៊ីថា មិនបានរត់ទៅណាទេ គឺនៅកន្លែងកើតហេតុរហូតសមត្ថកិច្ចទៅដល់ និងចាប់ខ្លួនតែម្តង ។
លោកអធិការបានបញ្ជាក់ទៀតថា បច្ចុប្បន្នបើទោះបីជាជនសង្ស័យចក់ ស៊ីថា បានបដិសេធន៍ថា ខ្លួនមិនបានរំលោភនារីរងគ្រោះក៏ដោយ ប៉ុន្តែនារីរងគ្រោះបានប្តឹងថា បានរំលោភនាង ដូច្នេះសមត្ថកិច្ចត្រូវតែធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យសិន ហើយចុះធ្វើការស្រាវជ្រាវបន្តទៅទៀត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ