ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែន​ក៏​អី ? កីឡាករ​-​កីឡាការិនី​ល្បី​ៗ​​ស្ទើរតែ​ទាំងអស់​ជាប់​ឈ្មោះ​ក្រ​លំដាប់​ប្រទេស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​សន្ទុះ​ឈាន​ឡើង​នា​ពេល​ចុង​ក្រោយ ក្នុង​នោះ​គេ​កត់​សម្គាល់ថា​កីឡាប្រដាល់​មានការ​រីក​ចម្រើន​ខ្លាំង​មិន​គួរ​ឱ្យ​ជឿ បន្ទាប់​ពី​មាន​បណ្ដា​ស្ថានីយទូរទស្សន៍​ច្រើន​ឡើង​លើក​ស្ទួយ​វិស័យ​មួយ​នេះ ដោយ​ប្រជែង​គ្នា​បើក​សង្វៀន​ប្រដាល់​ខ្លះ​ដល់​ទៅ​៣-៤​កម្មវិធីក្នុង​១​ស​ប្តា​ហ៍​​ក៏​មាន ធ្វើ​ឱ្យ​កីឡាករ​ទាំង​ចាស់ទាំង​ក្មេង​ដែល​មាន​សមត្ថភាព​មិន​ខ្វល់​ពី​កង្វះ​សង្វៀន​ប្រកួត​ហើយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ស្មើនឹង​ប្រាក់ខែ​កម្មករ​៣-៤​ដង​ឯណោះ ។ កីឡាករ​ខ្លះ​ដោយសារ​ល្បីឈ្មោះ​មានមុខ​ឡើង​ប្រដាល់​ស្ទើរតែ​២​អាទិត្យ​ម្ដង​ដោយ​ទទួល​​បាន​ប្រាក់​កម្រៃ​រហូត​ដល់​៤-៥​រយ​ដុល្លារ​ក្នុង​ការ​ប្រកួត​មួយ​លើក​ទៀត​ផង ។…

រាជធានី​ភ្នំពេញ ៖ វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​សន្ទុះ​ឈាន​ឡើង​នា​ពេល​ចុង​ក្រោយ ក្នុង​នោះ​គេ​កត់​សម្គាល់ថា​កីឡាប្រដាល់​មានការ​រីក​ចម្រើន​ខ្លាំង​មិន​គួរ​ឱ្យ​ជឿ បន្ទាប់​ពី​មាន​បណ្ដា​ស្ថានីយទូរទស្សន៍​ច្រើន​ឡើង​លើក​ស្ទួយ​វិស័យ​មួយ​នេះ ដោយ​ប្រជែង​គ្នា​បើក​សង្វៀន​ប្រដាល់​ខ្លះ​ដល់​ទៅ​៣-៤​កម្មវិធីក្នុង​១​ស​ប្តា​ហ៍​​ក៏​មាន ធ្វើ​ឱ្យ​កីឡាករ​ទាំង​ចាស់ទាំង​ក្មេង​ដែល​មាន​សមត្ថភាព​មិន​ខ្វល់​ពី​កង្វះ​សង្វៀន​ប្រកួត​ហើយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ស្មើនឹង​ប្រាក់ខែ​កម្មករ​៣-៤​ដង​ឯណោះ ។

កីឡាករ​ខ្លះ​ដោយសារ​ល្បីឈ្មោះ​មានមុខ​ឡើង​ប្រដាល់​ស្ទើរតែ​២​អាទិត្យ​ម្ដង​ដោយ​ទទួល​​បាន​ប្រាក់​កម្រៃ​រហូត​ដល់​៤-៥​រយ​ដុល្លារ​ក្នុង​ការ​ប្រកួត​មួយ​លើក​ទៀត​ផង ។ ប៉ុន្តែ​គេ​នៅ​តែ​កត់សម្គាល់​ក្នុង​ចំណោម​កីឡាករ​ទាំងអស់ គឺ​មាន​តែ​កីឡាករ​ប្រដាល់​ប៉ុណ្ណោះ​ដែល​ក្រ​រហូត​ដល់​ហៅ​លែង​ឮ ដោយសារ​តែ​គេ​មើលឃើញ​ពួក​គាត់​ភាគច្រើន​ក្រៅពី​ការ​ប្រដាល់​លើ​រេញ គឺ​មាន​តែ​ការ​ស៊ីឈ្នួល​គេ ឬ​ការងារ​លី​សែង​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ប៉ុណ្ណោះ បើ​ធៀប​នឹង​កីឡាករ​នៅ​ក្នុង​ប្រភេទ​កីឡា​ផ្សេង​ទៀត​ហាក់​ខុស​គ្នា​ស្រឡះ ព្រោះ​ឱ្យ​តែ​ល្បី​គឺ​មាន​លុយកាក់ និង​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​មិន​ខាន​។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា វិស័យ​កីឡាប្រដាល់​មានការ​រីក​ចម្រើន តែ​កីឡាករ​ដែល​បាន​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​មិន​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ក្លាយជា​អ្នកមាន​ក្រោយ​ពេល​ល្បីឈ្មោះ​នោះ​ទេ លើកលែងតែ​កីឡាករ វ៉​ន វី​វ៉ា ដែល​ក្រោយ​រៀប​ការ​ក៏​ត្រូវ​បាន​គ្រួសារ​ខាង​ភរិយា​ជួយ​ជ្រោមជ្រែង​ឱ្យ​ក្លាយជា​អ្នកមាន​រថយន្ត​តាក់ស៊ី​គិត​ជា​គីឡូ​ជួល និង​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​បាន​ក្លាយជា​ពិធីករ​ទូរទស្សន៍ និង​មានការ​ងារ​ល្អ​ក្រោយ​តស៊ូ​រៀន​ចប់​មហាវិទ្យាល័យ ដែល​មើលទៅ​មាន​ជីវភាព​ដាច់​ឆ្ងាយ​ពី​កីឡាករ​ប្រដាល់​ផ្សេង​ទៀត ។ ប៉ុន្តែ​បើ​សម្លឹង​មើល​ឱ្យ​បាន​ដិត​ដល់​ខ្លាំង កីឡាករ​ភាគច្រើន​នៅ​ក្នុង​វិស័យ​នេះ​យ៉ាង​ហោច​៩០​ភាគរយ​គឺជា​អ្នកក្រ ដោយ​អាច​និយាយ​បាន​ថា ការ​ចាប់​យក​អាជីព​មួយ​នេះ​កីឡាករ​ស្ទើរតែ​ទាំងអស់​គ្មាន​ឱកាស​ក្លាយជា​អ្នក​មានបាន​ឡើយ ។ គ្មាន​ឱកាស​ក្លាយជា​អ្នកមាន​ដោយសារ​អ្វី? ដោយសារ​កីឡាករ​ដែល​បាន​ចូល​ប្រឡូក​នៅ​ក្នុង​ពិភព​ប្រដាល់ ភាគច្រើន​ចេញពី​គ្រួសារ​ក្រីក្រ​ស្រាប់​រៀន​បាន​ទាប ហើយ​ខ្វះ​សមត្ថភាព​ទៅ​រក​ការងារ​ផ្សេង​ធ្វើ​ទើប​ជា​មូលហេតុ​បង្ក​ឱ្យ​កីឡាករ​ភាគច្រើន​ល្បីឈ្មោះ​តែ​ពេល​ប្រដាល់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​ឈប់ ឬ​ក្រោយ​បាត់បង់​ការ​ផ្គូផ្គង​ពួក​គាត់​ច្រើន​ធ្លាក់ខ្លួន​ទៅ​ធ្វើការ​ប្រើ​កម្លាំង​ដើម្បី​ដូរ​បាយ​ដោយ​ចៀស​មិន​រួច ។

លោក ថៃ អ៊ូ ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ និង​ជា​ម្ចាស់​ក្លិប​ប្រដាល់​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​អះអាង​ថា រយៈពេល​ជិត​២០​ឆ្នាំ​ដែល​លោក​បាន​ប្រឡូក​នៅ​ក្នុង​អាជីព​ប្រដាល់ គឺ​មិន​មាន​កីឡាករ​ណា​ម្នាក់​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ និង​មាន​ស្ថានភាព​សិក្សា​​បាន​ខ្ពស់ ហើយ​ចង់​ហ្វឹកហាត់​ក្លាយជា​កីឡាករ​ប្រដាល់​នោះ​ទេ​។

លោក​ថា កីឡាករ​ខ្លះ​គឺរ​កបាយ​ហូប​មិន​បាន​តែ​ម្ដង ទើប​សុំ​ហាត់​ប្រដាល់​ដើម្បី​រក​លុយ​តាម​រយៈ​ការ​ឡើង​ប្រដាល់​នៅ​លើ​សង្វៀន ។ លោក​ថា ក្នុង​ក្លិប​របស់​លោក​មិន​ដែល​កំណត់​ឱ្យ​កីឡាករ​ណា​ម្នាក់​ដែល​ចង់​ប្រដាល់​បង់ប្រាក់​ប្រចាំខែ​ឬ​មួយ​ចេះ​នោះ​ទេ ប៉ុន្តែ​នៅ​តែ​ខ្វះ​កីឡាករ​មក​ហ្វឹកហាត់​តាម​ការ​ចង់បាន​ដដែល​។

លោក​បាន​អះអាង​ថា​៖«​អ្នក​ប្រដាល់​មាន​អ្នកមាន​មកពីណា បើ​អ្នក​មក​ហាត់​ប្រដាល់​សុទ្ធតែ​ក្រ​ៗ និង​រៀន​បាន​តិច​ហ្នឹង បើ​កូន​គេ​អ្នក​គ្រាន់បើ គេ​មិន​ឱ្យ​ចូល​ប្រដាល់​ទេ​»​។ លោក​ថា កីឡាករ​មួយ​ចំនួន​មិន​ត្រឹមតែ​ក្រ​នោះ​ទេ អ្នកខ្លះ​គឺ​ត្រូវ​ឪពុក​ម្ដាយ​បោះបង់​ចោល​ដោយសារ​តែ​វក់​នឹង​ការ​ញៀន​ថ្នាំ និង​ដើរ​លេង​បំផ្លាញ​ទ្រព្យ​នោះ​ផង ទើប​បង្ខំ​ឱ្យ​គ្រួសារ​យក​មក​ផ្ញើ​ដើម្បី​ឱ្យ​គេ​បាន​ហាត់​ប្រដាល់ ។ ក្នុង​ចំណោម​សិស្ស​ទាំងអស់​ដែល​លោក​បាន​បង្វឹក​ប្រមាណ​មិន​ក្រោម​រយ​នាក់​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ លោក​ថា​កម្រ​មាន​កីឡាករ​ណាមួយ​ដែល​ផុស​ចេញពី​ត្រកូល​អ្នក​គ្រាន់បើ​ហើយ​សម្រេចចិត្ត​ចូល​ប្រដាល់​ណាស់ បើ​មាន​គឺ​មាន​តែ​អ្នក​ចូល​ហ្វឹកហាត់​មួយ​រយៈ ហើយ​ក៏​ឈប់​ទៅ​វិញ ដោយ​មិន​មាន​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​រហូត​ដល់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នោះ​ទេ ។

ប៉ុន្តែ​ក៏​មាន​កីឡាករ​មួយ​ចំនួន​ក្រោយ​ពី​បាន​ឡើង​រេញ​ហើយ​រក​លុយ​បាន​ខិតខំ​រៀន​បន្ត ឬ​រៀន​ជំនាញ​ដែល​អាច​ឱ្យ​គេ​មាន​ជីវភាព​គ្រាន់បើ​ក្រោយ​ឈប់​ប្រដាល់​ផង​ដែរ ដូច​ជា​ករណី​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​តស៊ូ​ដល់​ចប់​បរិញ្ញាប័ត្រ និង​កីឡាករ អ៊ុំ ចំរើន ជាដើម​ដែល​រៀន​ជំនាញ​ដេរ​ស្បែកជើង​រហូត​បើក​ជា​តូប​ដេរ​ស្បែកជើង​រក​លុយ​បាន​យ៉ាង​ស្រួល​ដោយ​មិន​ពឹង​ការ​ប្រដាល់​នោះ​ផង​។

លោក អេ ភូ​ថង គ្រូ​ប្រដាល់​ជម្រើសជាតិ​គុន​ខ្មែរ និង​ជា​ម្ចាស់​ក្លិប​អេ​ភូ​ថង​កីឡា​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​អះអាង​ថា កីឡាករ​ប្រដាល់​សព្វថ្ងៃ​គ្រាន់បើ​ជាង​កាល​ជំនាន់​លោក​នៅ​ប្រដាល់​ឆ្ងាយ​ណាស់ ប៉ុន្តែ​លោក​នៅ​តែ​ចាត់​ទុក​ថា​មិន​មាន​កីឡាករ​ណា​ម្នាក់​ក្លាយជា​អ្នក​មានបាន​ក្រោយ​ពេល​ប្រដាល់​នោះ​ទេ ដោយ​លោក​បាន​ហៅ​អ្នក​ប្រឡូក​ការ​ប្រដាល់​ភាគច្រើន​ជា​អ្នក​អត់​ជម្រើស​ការងារ និង​ជា​អ្នកក្រ​ៗ​មិន​សម​នឹង​ការ​ប្រឹងប្រែង​នៅ​លើ​សង្វៀន​នោះ​ផង ។ ជាក់ស្ដែង​គឺ​លោក​ផ្ទាល់​តែ​ម្ដង បើ​កុំ​តែ​មាន​សប្បុរសជន​ផ្ដល់​ផ្ទះ​ឱ្យ​មួយ​ល្វែង​ប្រហែល​ជាមួយ​ជីវិត​ហ្នឹង​រក​លុយ​ពី​ការ​ប្រដាល់ និង​ពី​ការ​បង្វឹក​ក្មេង​ៗ​មក​ទិញ​ផ្ទះ​នៅ​មិន​បាន​នោះ​ទេ ។

លោក​ថា កីឡាករ​ប្រដាល់​បាន​តែ​ល្អមើល​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​កីឡាករ​នៅ​ក្នុង​វិស័យ​កីឡា​ណា​ដែល​ក្រ និង​ខ្វះខាត​ជាង​កីឡាករ​ប្រដាល់​នោះ​ដែរ ។ លោក​ថា កីឡាករ​មួយ​ចំនួន លោក​ប្រឹងរក​លុយ​មក​ទិញ​អង្ករ និង​ឱ្យ​លុយ​ចាយ​នោះ​ផង ទម្រាំ​តស៊ូ​ហ្វឹកហាត់​បាន​ក្លាយជា​កីឡាករ​ម្នាក់ បើ​ឱ្យ​បង់លុយ​ចូល​ហាត់​ទៀត​នោះ គឺ​គ្មាន​តែ​ម្ដង ។ លោក​អះអាង​ថា​ដោយសារ​តែ​ស្រឡាញ់​ប្រដាល់​និង​ចង់​បណ្ដុះ​អ្នក​ជំនាន់​ក្រោយ លោក​ត្រូវ​រក​លុយ​ពី​ការ​ធ្វើ​ពិធីករ​កីឡា​ផង បង្វឹក​សិស្ស​ផង និង​ការងារ​ផ្សេង​ៗ​ផង ទើប​អាច​ទប់​នឹង​ការងារ​បណ្ដុះ​សិស្ស​ក្នុង​ក្លិប​ដែល​មាន​ប្រមាណ​ជាង​១០​នាក់ ដែល​ដេកស៊ី​បាយ និង​រង់ចាំ​ចាយ​លុយ​នោះ​បាន បើ​មិន​ដូច្នេះ​ទេ គឺ​ពិតជា​អស់​សិស្ស​មិន​ខាន ប្រសិនបើ​គ្មាន​ការ​ផ្គត់ផ្គង់ ។

លោក​និយាយ​ថា​៖«​កីឡាករ​រាល់ថ្ងៃ អត់​មាន​អ្នក​ណា​ក្រ​ជាង​អ្នក​ប្រដាល់​ទេ ហើយ​មាន​ហេតុផល​ច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ទោះជា​ល្បី​ប៉ុនណា ក៏​នៅ​តែ​ក្រ​!»​។ លោក​ពន្យល់​ថា ហេតុផល​ដែល​កីឡាករ​ប្រដាល់​មាន​ជីវភាព​ក្រីក្រ​ជាងគេ គឺ​បណ្ដាល​មក​ពី​អ្នក​ចូល​ប្រដាល់​ភាគច្រើន​ជា​អ្នក​ខ្វះខាត ហើយ​បណ្ដាល​មក​ពី​តម្លៃ​ខ្លួន​កីឡាករ​ឡើង​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ទាប​នៅឡើយ បើ​ទោះជា​ចុង​ក្រោយ​នេះ​ទទួល​បាន​តម្លៃ​ល្អ​ប្រសើរ​ជាង​មុន​ក្តី ។

លោក​ថា តម្លៃ​ខ្លួន​ដែល​កីឡាករ​ទទួល​បាន​គឺ​បាន​ត្រឹមតែ​មើលខ្លួន​ក្រោយ​ពេល​របួស និង​​បំប៉ន​សុខភាព​មួយ​ចំណែក​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​មានបាន​គឺ​មិន​អាច​នោះ​ទេ ទើប​​កីឡាករ​ប្រដាល់​នៅ​កម្ពុជា​នៅ​តែ​ក្រ ហើយ​ភាគច្រើន​ស្ថិត​ក្នុង​សភាព​ជួល​ផ្ទះ​គេ​នៅ ហើយ​រកតែ​លុយ​ឱ្យ​ភរិយា​បង្កើតកូន​ស្ទើរ​មិន​បាន​ផង ។ លោក​និយាយ​ថា អ្នក​ដែល​មាន​ជីវភាព​ល្អ​ៗ គេ​មិន​ចូល​ប្រដាល់​ទេ គឺ​គេ​ចូល​កីឡា​ផ្សេង ទើប​លោក​យល់​ថា កីឡា​ប្រដាល់​​បណ្ដុះ​តែ​កីឡាករ​ដែល​ក្រ​ជាងគេ បើ​ធៀប​នឹង​កីឡា​ផ្សេង​ៗ​។

ជាមួយនឹង​ការ​លើក​ឡើង​នេះ​ហើយ ដែល​គេ​ឃើញ​កីឡាករ​ច្រើន​នាក់​បាន​បាត់​ខ្លួនរ​ត់​ទៅ​ស៊ីឈ្នួល​នៅ​ក្នុង​ប្រទេស​ថៃ និង​ធ្វើ​ជា​កម្មករ​លី​សែង ឬ​ធ្វើ​សំណង់ ក្រោយ​ពេល​ការ​ប្រកួត​របស់​ពួក​គេ​ធ្លាក់ដៃ ។ កីឡាករ​ខ្លះ​ត្រូវ​គេ​ឃើញ​បែងចែក​លុយ​ដែល​បាន​ពី​ការ​ប្រកួត​ទៅ​ឱ្យ​គ្រូបង្វឹក ទៅ​ឱ្យ​អ្នក​ផ្គូផ្គង និង​ទៅ​ឱ្យ​អ្នក​ឱ្យ​ទឹក ដូច្នេះ​សល់​មិន​ច្រើន​នោះ​ឡើយ ទើប​យូរ​ៗ​ទៅ​កីឡាករ​លែង​ចង់​ឡើង​ប្រកួត​ព្រោះតែ​ទប់​តម្រូវការ​លែង​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ