ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ ! កម្ពុជា មាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឈី​វ យី​ស៊ា​ង ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ថ្លែង​ថា…

រាជធានី​ភ្នំពេញ ៖ លោក ឈី​វ យី​ស៊ា​ង ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ថ្លែង​ថា ក្រសួងការបរទេស​បាន​សម្ភោ​ធ​វិទ្យាស្ថានជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​លើក​ដំបូង​របស់​ខ្លួន​ដើម្បី​បណ្តុះបណ្តាល​មន្ត្រី និង​អ្នកការទូត​សរុប​ប្រមាណ​៦០០​នាក់​ឲ្យ​ក្លាយទៅជា​អ្នកការទូត​ជំនាញ ។

លោក​បាន​លើក​ឡើង​ថា «​វិទ្យាស្ថាន​នេះ​ដើម្បី​បណ្តុះបណ្តាល​អ្នកការទូត ។ វា​មាន​គោលដៅ​យើង​ចង់បាន​អ្នកការទូត​ប្រកបដោយ​ជំនាញ និង​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញការងារ​ក្នុង​ប្រទេស​និង​ឆាក​អន្តរជាតិ​ជាតិ​» ។ លោក​ថា ក្នុង​នោះ​ក្រសួងការបរទេស​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ដើរតួ​សំខាន់​​ក្នុង​តំបន់ និង​អន្តរជាតិ​ក្នុង​ទិដ្ឋភាព​ស្មើ​សិទ្ធិ និង​ស្មើភាព ។ ការ​ថ្លែង​របស់​ប្រធាន​វិទ្យាស្ថាន​បាន​ធ្វើ​ឡើង​បន្ទាប់​ពិធី​សម្ពោធ​អគារ​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​និង​អគារ​រដ្ឋបាល​នៃ​ក្រសួងការបរទេស​ដែល​ទើប​សាងសង់​រួច​ថ្មី​ៗ និង​ដាក់​ឲ្យ​ដំណើរការ​ចាប់​ពេល​នេះ​តទៅ ។

លោក ឈី​វ យី​ស៊ា​ង បាន​លើក​ឡើង​ថា «​យើង​ចង់បាន​អ្នកការទូត​របស់​យើង​ដែល​មាន​សមត្ថភាព​វិជ្ជាជីវៈ​និង​សមត្ថភាព​ខ្ពស់ ក្នុង​ការ​ការពារ​អត្ថប្រយោជន៍​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​ការពារ​ប្រជាពលរដ្ឋ​យើង​ដែល​ស្នាក់​នៅ​ឬ​ធ្វើការ​នៅ​ក្រៅប្រទេស​» ។ លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​វិទ្យាស្ថាន​កើត​ឡើងជា​លើក​ដំបូង​ក្រសួងការបរទេស​នឹង​រៀបចំ​ទាំង​ទិដ្ឋភាព​រឹង និង​ទិដ្ឋភាព​ទន់ ។ លោក​ថា ទិដ្ឋភាព​រឹង​មាន​មាន​អគារ និង​ទិដ្ឋភាព​ទន់​មាន​ក្របខ័ណ្ឌ​ច្បាប់ និង​ធនធានមនុស្ស​របស់​វិទ្យាស្ថាន ។

លោក​ថា «​វិទ្យាស្ថាន​នេះ​នឹង​បណ្តុះបណ្តាល​អ្នកការទូត​ប្រមាណ​៦០០​នាក់ ។ នៅ​ក្រសួងការបរទេស​ប្រមាណ​៤០០​នាក់ និង​មន្ត្រី​ការទូត​របស់​យើង​កំពុង​បំពេញការងារ​នៅ​ក្រៅប្រទេស​ប្រមាណ​២០០​នាក់​» ។ លោក​បាន​អះអាង​ថា ក្រៅពី​នេះ​វិទ្យាស្ថាន​ក៏​នឹង​មាន​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ដែល​មាន​ទំនាកទំនង​អន្តរជាតិ ឬ​ធ្វើ​ការងារ​ទំនាក់ទំនង​អន្តរជាតិ ។ ហើយ​ជា​ជំហាន​បន្ទាប់​នៅ​ពេល​ដែល​វិទ្យាស្ថាន​ដំណើរការ​បាន​ល្អ ទៅ​មុខ​មាន​លក្ខណៈ​គ្រប់គ្រាន់​នឹង​មានការ​បណ្តុះបណ្តាល​និស្សិត​នឹង​មានការ​ចេញ​នូវ​សញ្ញាបត្រ​ក្នុង​ជំនាញ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​វិទ្យាស្ថាន​ថ្មី​នេះ​ថា ក្នុង​ការ​ប្រកួតប្រជែង​ការទូត​សម័យ​ទំនើប​ដោយ​ឈរ​លើ​ភាព​ស្មើមុខ ស្មើ​មាត់ ស្មើ​សិទ្ធិ នៅ​លើ​ឆាក​អន្តរជាតិ ។ លោក​ថា វិទ្យាស្ថាន​នេះ​ជា​ស្ពាន​ទំនាក់ទំនង​សាធារណៈ​មាន​តួនាទី​ផ្លាស់​ប្តូរ​ជាមួយ​ស្ថាន​ប័ន​អន្តរជាតិ​នានា ។ វា​មាន​សារៈសំខាន់​ផង​ដែរ​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ក្នុង​វិស័យ​ការទូត​កម្ពុជា​ដែល​ឈាន​ដល់​ការ​បង្កើត​ស្ថាន​ម​យ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​អះអាង​ថា ក្នុង​ក្រប​ខណ្ឌ​ក្រសួងការបរទេស​វិទ្យាស្ថាន​នេះ​មាន​តួនាទី​តម្រង់​ទិស​សម្រាប់​មន្ត្រី​ការទូត ឬ​មន្ត្រី​ទើប​ចូល​បម្រើ​ការ​ថ្មី មាន​តួនាទី​សម្រាប់​ពង្រឹង និង​បង្កើន​សមត្ថភាព​មន្ត្រី​ការទូត​ដែល​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន ៕

កែសម្រួលដោយ