ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ខាងកើត​ក្លាយជា​ឋាននរក​លើ​ភព​ផែនដី 4​ថ្ងៃ​ស្លា.ប់​ជាង​320​នាក់

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ប្រហែលជា​ត្រូវ​អនុម័ត​នា​ថ្ងៃ​ទី​២២ កុម្ភៈ គម្រោង​ដំណោះស្រាយ​មួយ​ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣០​ថ្ងៃ​នៅ​ស៊ី​រី ដើម្បី​ឱ្យ​ជំនួយ​មនុស្សធម៌​អាច​បញ្ជូន​ទៅ​កាន់​តំបន់ GHOUTA ខាងកើត​ជាទី​តាំង​ពួក​ឧទ្ទាម​មួយ​ស្ថិត​នៅ​ក្បែរ​ក្រុង​ដា​ម៉ាស់​កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​បំផុត​គឺ​សំណាក់​របប​ស៊ី​រី​ដែល​ក្នុង​រយៈពេល​៤​ថ្ងៃ…

ប្រទេស​ស៊ី​រី ៖ ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ប្រហែលជា​ត្រូវ​អនុម័ត​នា​ថ្ងៃ​ទី​២២ កុម្ភៈ គម្រោង​ដំណោះស្រាយ​មួយ​ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣០​ថ្ងៃ​នៅ​ស៊ី​រី ដើម្បី​ឱ្យ​ជំនួយ​មនុស្សធម៌​អាច​បញ្ជូន​ទៅ​កាន់​តំបន់ GHOUTA ខាងកើត​ជាទី​តាំង​ពួក​ឧទ្ទាម​មួយ​ស្ថិត​នៅ​ក្បែរ​ក្រុង​ដា​ម៉ាស់​កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​បំផុត​គឺ​សំណាក់​របប​ស៊ី​រី​ដែល​ក្នុង​រយៈពេល​៤​ថ្ងៃ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣២០​នាក់ ក្នុង​នោះ​មាន​កុមារ​៧៦​នាក់ ។

ប្រទេស​ស៊ុ​យ​អែ​ត និង​គុយ​វ៉ែត ដែល​រៀបរៀង​សំណើ​នេះ​បាន​ទាមទារ​ឱ្យ​មានការ​បោះ​ឆ្នោត​អនុម័ត​ដោយ​ឆាប់រហ័ស​បំផុត​ដោយ​បេសកកម្ម​ការទូត​ស៊ុ​យ​អែ​ត​ប្រចាំ អ​.​ស​.​ប ថា អាច​នា​ថ្ងៃ​ទី​២២ កុម្ភៈ ។ ទោះបី​យ៉ាងណា គេ​ពុំ​ដឹង​ថា​តើ​រុ​ស្ស៊ី​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អំពី​រឿង​នោះ​មាន​បំណង​ប្រើ​សិទ្ធិ​វេតូ​រាំង​ខ្ទប់​គម្រោង​ដំណោះស្រាយ​នេះ ឬ​យ៉ាងណា​ឡើយ ។ ពួក​អ្នកការទូត​សង្ឃឹមថា ក្រុង​មូ​ស្គូ​អាច​បោះ​ឆ្នោត​អនុប្បវាទ ។

នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អគ្គលេខាធិការ អ​.​ស​.​ប លោក ANTONIO GUTERRES ស្នើ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់ការ​ប្រយុទ្ធ​ក្នុង​តំបន់​នេះ​ដែល​លោក​បរិហារ​ថា​ជា​ឋាននរក​មួយ​នៅ​លើ​ផែនដី ។

គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ CICR កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ទាមទារ​ឱ្យ​មានការ​អនុញ្ញាត​ចូល​ទៅ​កាន់​តំបន់​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង​ដែល​នា​ថ្ងៃ​ទី​២១ កុម្ភៈ សម្លាប់​មនុស្ស​៥០​នាក់ ក្នុង​នោះ​មាន​កុមារ​៨​នាក់ ។ នេះ​បើ​តាម​តុល្យការ​ចុង​ក្រោយ​របស់​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ។ បណ្តា​ក្រុម​ជួយ​សង្គ្រោះ នា​ពេល​យប់​រក​ឃើញ​សាកសព​ជន​ស៊ី​វិល​៨​នាក់ ក្នុង​នោះ​មាន​កុមារ​៤​នាក់ ប្រហែល​ស្ថិត​ក្នុង​គ្រួសារ​តែ​មួយ​នៅ​ទីក្រុង HAZEH ។

យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ថ្មី​នេះ​ដែល​បំផ្លិចបំផ្លាញ​បំផុត​ប្រឆាំង​តំបន់​នោះ​តាំងពី​ចាប់ផ្តើម​សង្គ្រាម​រយៈពេល​ជិត​៧​ឆ្នាំ​មក​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ មុន​ពេល​មានការ​វាយលុក​ខាង​ជើង​គោក​របស់​របប​ស៊ី​រី ។

យោង​តាម​តុល្យការ​ចុង​ក្រោយ​មួយ​របស់ OSDH ថា យុទ្ធនាការ​នេះ​បណ្តាល​ឱ្យ​ជន
ស៊ី​វិល​ស្លាប់​ជាង​៣២០​នាក់ ក្នុង​នោះ​មាន​កុមារ​៧៦​នាក់ ។ នារី​យ៉ាងតិច​៤៥​នាក់​ស្លាប់ ហើយ​មនុស្ស​ជាង​១.៦៥០​នាក់​រង​របួស ។

ការ​បំផ្លិចបំផ្លាញ​ពិតជា​ធំធេង​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​ប្រមាណ​៤០០.០០០​នាក់ រស់នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​របប​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។

ប្រជាជន​តំបន់ GHOUTA ខាងកើត​និយាយ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ប្រាប់​សារព័ត៌មាន​ថា ពួក​គេ​រង់ចាំ​វេន​នៃ​សេចក្តីស្លាប់ ខណៈ​ការ​វាយប្រហារ​តាម​អាកាស​បង្កើន​យ៉ាង​ខ្លាំង​ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្តើម​សង្គ្រាម​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ