ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​កំពុង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ចូលរួម​ចំណែក​ការងារ​សង្គម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​សង្គម​មួយ​ប្រកបដោយ​សមធម៌ និង​ចីរភាព ទាមទារ​ឲ្យ​មានការ​ចូលរួម​របស់​ស្ត្រី​និង​បុរស ។ ការ​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី…

រាជធានី​ភ្នំពេញ ៖ ការ​អភិវឌ្ឍ​សង្គម​មួយ​ប្រកបដោយ​សមធម៌ និង​ចីរភាព ទាមទារ​ឲ្យ​មានការ​ចូលរួម​របស់​ស្ត្រី​និង​បុរស ។ ការ​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ភាព​អង់អាច​ដល់​ស្ត្រី ឲ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​ក្នុង​សង្គម ។ យ៉ាងនេះ​ក្ដី បើ​ទោះ​បច្ចេកវិទ្យា​បច្ចុប្បន្ន កំពុង​រីក​ចម្រើន​ជឿនលឿន​យ៉ាងណា​ក៏​ដោយ ក៏​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ​មាន​ចំនួន​តិច​ជាង​បុរស​នៅឡើយ ។

អ្នក​នាង សូត្រ ម៉ា​និ​ច ដែល​កំពុង​បម្រើ​ការងារ​នៅ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ បាន​បង្ហាញ​ពី​បរិបទ​ស្ត្រី​ក្នុង​សម័យ​បច្ចេកវិទ្យា​ថា បច្ចុប្បន្ន​នេះ វិស័យ​បច្ចេកវិទ្យា​បាន​ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន​ដល់​ស្ត្រី ឲ្យ​តែ​មានចំណេះ​ដឹង និង​ជំនាញ​ច្បាស់លាស់ ពួក​គាត់​នឹង​ទទួល​បានការ​ងារ​ដ៏​មួយ​ល្អ ។

អ្នក​នាង​និយាយ​ថា ៖« សព្វ​ថ្ងៃនេះ ស្ត្រី​យើង​មានឱកាស​ការងារ​ច្រើន​ណាស់​ក្នុង​វិស័យ​បច្ចេកវិទ្យា ព្រោះ​វា​ជា​ការងារ​ស្រាល មិន​ត្រូវការ​បញ្ចេញ​កម្លាំង​ច្រើន និង​ត្រូវការ​តែ​ចំណេះ​ដឹង និង​គំនិត​ច្នៃប្រឌិត​ប៉ុណ្ណោះ ។ ដូច្នេះ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ ពិតជា​បាន​ផ្ដល់​ឱកាស​ដល់​ស្ត្រី​យ៉ាងច្រើន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ » ។

ចំណែក​កញ្ញា ហ៊ាន សុ​គ​ន្ធា ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​មួយ បាន​ប្រាប់​កោះសន្តិភាព​ថា វា​មិន​ចម្លែក​ទេ ដែល​ពី​មុនគេ​ថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ដោយសារ​តែ​ពួក​គាត់​ជា​ស្ត្រី​មិន​ព្រម​ទទួលស្គាល់​នូវ​សមត្ថភាព​របស់​ខ្លួនឯង សុខចិត្ត​នៅ​កាន់គំនិត​មួយ​នេះ ប៉ុន្ដែ​បច្ចុប្បន្ន ទស្សនៈ​នេះ​បាន​រសាត់​ឆ្ងាយ​ពី​ផ្នត់គំនិត​យុវវ័យ​ទៅ​ហើយ ។

កញ្ញា​សុ​គ​ន្ធា និយាយ​ថា ៖« គ្មាន​រឿង​អ្វី​ដែល​ថា​ស្ត្រី​ធ្វើ​មិន​បាន​នោះ​ទេ ពិសេស​ពាក់ព័ន្ធ​នឹង​ជំនាញ​ប្រើប្រាស់​បច្ចេកវិទ្យា គឺ​យើង​អាច​ធ្វើ​បាន​ដូច​បុរស​ដែរ » ។ កញ្ញា​បាន​រំឭក​ពី​ពាក្យចាស់​ថា ៖« សម័យ​មុន ចាស់​ៗ​មិន​ឲ្យ​កូនស្រី​រៀន​ចេះ​ដឹង​ខ្ពស់​ពេក​ទេ ខ្លាច​សរសេរ​សំបុត្រ​ជូន​ប្រុស​ស្នេហ៍ តែ​សម័យ​ឥឡូវ មិន​ត្រឹមតែ​សំបុត្រ​ទេ គឺ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ស្ត្រី​ចេះ​ប្រើ​ស្ទើរ​គ្រប់​គ្នា រហូត​ដល់​កូនស្រី​របស់​ពួក​គាត់​មួយ​ចំនួន​បម្រើ​ការងារ​ខាង​វិស័យ​មួយ​នេះ​ទៀត​ផង ហើយ​មហាជន​ហៅ​ស្ត្រី​ទាំងនោះ​ថា «​ជា​ស្ត្រី​ក្នុង​សម័យ​បច្ចេក​វិទ្យា​» និង​គ្រប់​បណ្ដា​ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​ផ្ដល់​តម្លៃ​រវាង​ស្ត្រី និង​បុរស គឺ​មាន​សិទ្ធិ និង​សមត្ថភាព​ដូច​គ្នា​ទាំងអស់ » ។

គួរ​រំឭក​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រកាស​បើក​នូវ​កម្មវិធី​ដំបូង​គេ​មួយ​ឈ្មោះ​ថា «​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​» ដែល​កម្មវិធី​នេះ​ផ្ដោត​លើ​ប្រធានបទ «​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​តាម​រយៈ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​» ក្នុង​គោល​បំណង​លើកទឹកចិត្ត​ដល់​ស្ត្រី​ចូលរួម​ចំណែក​ការ​ពាំនាំ និង​កែប្រែ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​មួយ​មាន​សក្ដានុពល និង​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​បង្ហាញ​ពី​ការ​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល​ក្នុង​វិស័យ​យេ​ន​ឌ័​រ ។

លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា ៖« កន្លង​មក យើង​មើលឃើញ​ថា ស្ត្រី​កម្ពុជា​មាន​ចំនួន​តិចតួច​ណាស់​ដែល​បាន​ចាប់​យក​ជំនាញ និង​ធ្វើការ​ក្នុង​វិស័យ​នេះ ទោះជា​ពួក​គាត់​មាន​សមត្ថភាព និង​ការ​ច្នៃប្រឌិត​ប្លែក​ៗ​មិន​ចាញ់​បុរស​ក៏​ដោយ ។ ដើម្បី​ជំរុញ​ការ​ចូលរួម​បន្ថែម​ទៀត យើង​ចាំបាច់​ត្រូវ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​នានា ។ ជា​លទ្ធផល ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​បំផុសទឹកចិត្ត​ឱ្យ​ស្ត្រី​ដទៃ​ទៀត​ចាប់អារម្មណ៍ និង​ចូលរួម​ជា​បន្តបន្ទាប់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ