ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិ​បាល​ខណ្ឌ​ដង្កោ​ព្រមាន​ដល់​មន្ត្រី​សង្កាត់​នានា​ដែល​យក​ លុយ​ពី​ឡាន​ដឹក​ដី​ធ្វើ​ម៉ុង​ខ្មោច​ និង​យក​លុយ​ពី​ពល​រដ្ឋ​ក្រី​ក្រ​ត្រូវ​បញ្ឈប់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​គិត​ សុផា អភិ​បាល​ខណ្ឌ​ដង្កោ​ បាន​ព្រមាន​ខ្លាំងៗ​ដល់​លោក​មេ​ភូមិ​ និង​អាជ្ញា​ធរ​សង្កាត់​មួយ​ដែល​តែង​តែ​យក​លុយ​ពី​រថ​យន្ត​ដឹក​ដី​ដោយ​​គ្រាន់​តែ​ដឹក​​៤​ទៅ​៥​ឡាន​សំរាប់​ពូន​ផ្នូរ​ប៉ុណ្ណោះ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​អ្នក​ដែល​យក​លុយ​ពី​ប្រជា​ពល​រដ្ឋ​​ក្រី​ក្រ​ដែល​មាន​លុយ​បន្តិច​បន្តួច​សាង​សង់​របង​ផ្ទះ ឬ​សំណង់​តូច​តាច​នោះ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ ព្រោះ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ច្រឡំ​ដល់​គណៈ​អភិ​បាល​ខណ្ឌ​​ថា ជា​អ្នក​ប្រើ​ឱ្យ​ទៅ​យក​ តែ​កន្លង​មក​គណៈ​អភិ​បាល​ខណ្ឌ​​មិន​ដែល​បាន​ប្រើ​ឱ្យ​ធ្វើ​បែប​នេះ​ឡើយ​។

លោក​បន្ត​ថា លោក​មេ​ភូមិ​ លោក​ចៅ​សង្កាត់​គ្រប់​រូប​ត្រូវ​ពិនិត្យ​មើ​ល​ឱ្យ​បាន​ច្បាស់​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ពិត​ប្រាកដ​ពេល​ពួក​គាត់​សាង​សង់​របង​ផ្ទះ ឬ​សំណង់​តូច​តាច​គួរ​សំរួល​ឱ្យ​ពួក​គាត់​ធ្វើ​ទៅ ឱ្យ​តែ​ពួក​គាត់​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​ដូច​ជា​ការ​ទុក​គំលាត​ ឬ​ចំណី​ផ្លូវ​តាម​ច្បាប់​កំណត់​របស់​ភូមិ​បាន​ហើយ​។ ជាង​នេះ​ទៅ​ទៀត​ចំពោះ​​ច្បាប់​សាង​សង់​លោក​មេ​ភូមិ​ត្រូវ​កាន់​​ទៅ​ជួប​លោក​ឱ្យ​តែ​អ្នក​ក្រី​ក្រ​ពិត​ប្រាកដ​លោក​​នឹង​ចុះ​ហត្ថ​លេខា​ ដោយ​មិន​​ឱ្យបង់​ប្រាក់​ឡើយ​។ ដោយ​ឡែក​ការ​ផ្ទេរ​សិទ្ធិ​ដី​ធ្លី​វិញ​ក៏​ត្រូវ​​តែ​ជួយ​សំរួល​ដល់​ប្រជា​ពល​រដ្ឋ​ក្រី ក្រ​ដែរ។​ លោក​មេ​ភូមិ​ ឬ​ចៅ​សង្កាត់​ត្រូវ​ជួយ​​ពន្យល់​​ណែ​នាំ​ដល់​ប្រជា​ពល​រដ្ឋ​កុំ​ឱ្យ​ពួក​គាត់​ប្រគល់​ឯក​សារ​ដល់​អ្នក​ផ្សេង​រត់​ការ​ដែល​នាំ​ឱ្យ​គេ​ទារថ្លៃ​​រត់​ការខ្ពស់​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​បង់​ថវិកា​ច្រើន​​ ហើយ​លោក​មេ​ភូមិ​​ឬ​លោក​ចៅ​សង្កាត់​គួរ​តែ​ជួយ​កាន់​ឯក​សារ​ទៅ​សាលា​ខណ្ឌ​ជូន​ពួក​គាត់។

លោក​អភិ​បាល​ខណ្ឌ​ដង្កោ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពេល​​លោកសំណេះ​សំណាល​ជាមួយ​​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ សង្កាត់​ កន្ទោក​ និង​សង្កាត់​បឹង​ធំ​ដែល​សង្កាត់​ទាំង​ពីរ​នេះ​ទើប​ចាត់​បញ្ចូល​មក​ក្រោម​ការ​គ្រប់​គ្រង​របស់​ខណ្ឌ​ដង្កោ​ កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​​។ ពិធី​សំណេះ​សំណាល​នោះបាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ នៅ​ក្នុង​វត្ត​ស្ងួន​ពេជ្រ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។​
អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី នោះ​មាន​លោក​ហែម ដារិទ្ធិ លោក​សេង គន្ធ អភិ​បាល​រង​ខណ្ឌ​ សមា​ជិក​ សមា​ជិកា​គណ​បក្ស​ខណ្ឌ និង​សមា​ជិក សមា​ជិកា​គណ​បក្ស​សង្កាត់​​បឹង​ធំ​ និង​សង្កាត់​កន្ទោក​ជាង​២០០​នាក់​។

លោក​គិត សុផា ​បាន​ផ្តាំ​ផ្ញើ​ឱ្យ​សមា​ជិក​ សមា​ជិកា​ទាំង​អស់​នោះ​សាមគ្គី​ភាព​គ្នា ​ត្រូវ​មើ​ល​សមា​ជិក​ដែល​បាត់​បង់​សមត្ថ​ភាព​កុំ​បោះ​បង់​ចោល​ពួកគេ និង​មិន​ត្រូវ​រើស​អើង​ជាមួយ​​ពួក​គេ​​ទេ​។ ជាង​នេះ​ទៅ​ទៀត​ត្រូវ​ចេះ​អូស​ទាញ​សមា​ជិក​​ពី​ខាង​ក្រៅ​ និង​ចេះ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​របស់​គណ​បក្ស​ ជា​ពិសេស​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​ការ​ងារ​ ការ​កសាងហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ផ្សព្វ​ផ្សាយ​ពី​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​។ លោកបាន​ស្នើ​សុំ​ឱ្យ​សមា​ជិក​ទាំង​អស់​ត្រូវ​តែ​ស្មោះ​ត្រង់​នឹង​គណ​បក្ស​ និង​ត្រូវ​តែ​រាយ​ការណ៍​ជា​បន្ទាន់​ បើ​ដឹង​ថា កន្លែង​ណា​មាន​ការ​លេង​ល្បែង​ស៊ីសង​ ឬ​សេព​គ្រឿង​ញៀន​។ សមា​ជិក​ សមា​ជិកា​ទាំង​អស់​​ប្តេជ្ញា​ចិត្ត​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​​កម្ពុជា និង​គាំ​ទ្រ​សម្តេច​អគ្គ មហា​សេនា​បតី​តេជោ​ហ៊ុន សែន ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ជា​រៀង​រហូត​។ ក្នុង​ពិធី​នោះក៏​បាន​ផ្តល់​ឱ្យ​សមា​ជិក​ សមា​ជិកា​ដែល​ចូល​រួម​ក្នុង​​ម្នាក់​សារុង​១​ និង​​ប្រគល់​ថវិកា​ដល់​​​គណ​បក្ស​សង្កាត់​នីមួយៗ២០​ម៉ឺន​រៀល​ ដែល​អំណោយ​នេះ​ឧបត្ថម្ភ​ដោយ​លោក​កែប ជុតិមា​៕