ខេត្តកណ្ដាល ៖ កម្លាំនគរបាលបានធ្វើការចាប់ខ្លួនយុវជន២នាក់ ដែលសង្ស័យថា ជាមុខចោរលួចមិនរើសមុខដែលប្រទះអ្វីលួចនឹង ហើយពួកគេត្រូវឃាត់ខ្លួនបាននៅខណៈពេលដែលកំពុងធ្វើសកម្មភាពលួចកាច់យកស្លាកចរាចរណ៍នៅតាមផ្លូវជាតិ ហើយនៅពេលធ្វើការឆែកឆេរ នគរបាលបានប្រទះឃើញមានឧបករណ៍សម្រាប់ធ្វើសកម្មភាពលួចជាច្រើនទៀត ។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះម្នាក់ឈ្មោះ ម៉ង ឆៃយ៉ា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និងម្នាក់ទៀតឈ្មោះ ឈឹម សុធា អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបូរី កម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
កម្លាំងបានដកហូតនៅវត្ថុតាងមួយចំនួនមានដូចជា ដែកគាស់១ដើម ,ដាវចំនួន២ដើម , សោខ្សៀរចំនួន០២ដើម,ដង្កាប់អូតូ១ដើម ,ដង្កាប់មុខស្រួច១ ,ដង្កាប់មុខទាល១ , កាំបិតតាំងតោ១ ,សោចិញ្ចៀនចំនួន១៧ដើម,ពូថៅ១,ដែកលួសពត់ជារាងលេខ៩ សម្រាប់ឆ្កិះសោរ១ ,ទូរសព្ទដៃចំនួន០២គ្រឿង ,ដែកបំពង់ទីបមូលមុខកាត់១តឹក ដាក់ស្លាកចរារចរមួយដើម ,កន្ទុយរ៉ឺម៉ក១ ម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿង ។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពើកបានល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់ស្លាកចរចរដាក់ក្នុងកន្ទុយរ៉ឺម៉កអូសតាមផ្លូវ ក៏បានធ្វើការឃាត់ត្រួតពិនិត្យ រកឃើញវត្ថុតាងខាងលើ ទើបចាប់ខ្លួនតែម្ដង ។
ពេលនោះជនសង្ស័យឈ្មោះ ម៉ង់ ឆៃយ៉ា បានសារភាពថាខ្លួន បានឃើញបង្គោលស្លាកចរាចរនៅចិញ្ចើមផ្លូវជាតិលេខ០៤ នេះទ្រេត ទើបកាច់បំបាក់តែម្នាក់ឯងទេ ហើយដោយលើកមិនរួចក៏បានហៅឈ្មោះ ឈឹម សុធា ឲ្យជួយលើកដាក់លើរ៉ឺម៉ក រួចជិះចេញស្រាប់តែត្រូវនគរបាលចាប់ខ្លួនបានតែម្ដង ៕
ចែករំលែកព័តមាននេះ