ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​ភាគច្រើន​ក្រីក្រ​ខ្វះខាត ​តែ​មួយ​ចំនួន​​ធូរធារ​មិនធម្មតា​ ព្រោះ​អ្វី?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលណា​សំដៅ​ដល់កីឡាករ​-​កីឡាការិនី ទោះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ជីវភាព​ក៏​គេ​ដឹង​រួច​ទៅ​ហើយ​ភាគច្រើន​គឺ​ក្រីក្រ​ខ្វះខាត ដោយ​សូ​ម្បី​តែ​កីឡាករ​-​កីឡា​ការិនី​​ល្បី​ៗ​មួយ​ចំនួន​ក៏​ស្ថិត​ក្នុង​សភាព​ជួល​ផ្ទះ​គេ​នៅ​យ៉ាង​លំបាក​ផង​ដែរ ។ កីឡាករ​-​កីឡាការិនី​ភាគច្រើន ត្រូវ​គេ​ដឹង​ថា​ល្អមើល​តែ​ពេល​ចេញ​ប្រកួត ហើយ​ទទួល​បាន​មេ​ដាយ​កិត្តិយស​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ជីវភាព​ខាងក្រៅ​វិញ…

រាជធានី​ភ្នំពេញ ៖ កាលណា​សំដៅ​ដល់កីឡាករ​-​កីឡាការិនី ទោះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ជីវភាព​ក៏​គេ​ដឹង​រួច​ទៅ​ហើយ​ភាគច្រើន​គឺ​ក្រីក្រ​ខ្វះខាត ដោយ​សូ​ម្បី​តែ​កីឡាករ​-​កីឡា​ការិនី​​ល្បី​ៗ​មួយ​ចំនួន​ក៏​ស្ថិត​ក្នុង​សភាព​ជួល​ផ្ទះ​គេ​នៅ​យ៉ាង​លំបាក​ផង​ដែរ ។ កីឡាករ​-​កីឡាការិនី​ភាគច្រើន ត្រូវ​គេ​ដឹង​ថា​ល្អមើល​តែ​ពេល​ចេញ​ប្រកួត ហើយ​ទទួល​បាន​មេ​ដាយ​កិត្តិយស​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ជីវភាព​ខាងក្រៅ​វិញ គឺ​មិន​ខុស​ពី​ជន​សាមញ្ញ​នោះ​ទេ ។

ក្នុង​នោះ​បើ​សំដៅ​ដល់​កីឡាករ​ផ្នែក​ប្រដាល់​វិញ គឺ​រឹតតែ​ក្រីក្រ​ខ្វះខាត​ទៅ​ទៀត ដោយ​សារ​តែ​ប្រាក់​ចំណូល​របស់​ពួក​គេ​គឺ​មិន​គ្រប់​នឹង​តម្លៃ​ព្យាបាល​របួស​ដែល​គេ​បាន​ទទួល​រាល់ពេល​វាយ​ចប់​ម្ដង​ៗ​នោះ​ផង ក្នុង​ពេល​កីឡាករ​-​កីឡាការិនី​មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា តស៊ូ​ធ្វើ​ជា​កម្មករ​គេ​យ៉ាង​លំបាក​ដើម្បី​រស់​នោះ​ផង ។ យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ភាគច្រើន​ដែល​ត្រូវ​គេ​ដឹង​ជា​ទូទៅ​ថា​ក្រីក្រ​ខ្វះខាត និង​មានជីវិត​សឹង​មិន​គ្រប់ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​នោះ ក៏​មាន​កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ​មួយ​ចំនួន​បាន​ក្លាយជា​អ្នកមាន​ជីវ​ភាព​ធូរធារ​ព្រោះតែ​បាន​ប្រឡូក​ក្នុង​អាជីព​ជា​អ្នកកីឡា​នោះ​ដែរ ជា​ពិសេស​អ្នក​ដែល​ទទួល​បាន​មេដាយមាស មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធ​ពី​ក្រៅ​ប្រទេស ហើយ​បាន​យក​ថវិកា​ដែល​ខ្លួន​ទទួល​បាន​ទៅ​អភិវឌ្ឍ​ជីវភាព​រស់នៅ​ឱ្យ​ល្អ​ប្រសើរ​​ផង​ដែរ ។ កីឡាករ​-​កីឡាការិនី​ទាំងនោះ​រួម​មាន​៖

+ ចាន់ វឌ្ឍនាកា ៖ កីឡាករ​រូប​នេះ​ក្រៅពី​ល្បីឈ្មោះ​ក្នុង​ពិភព​បាល់ទាត់ ក៏​ជា​អ្នកមាន​ជីវ​ភាព​ស្ដុកស្ដម្ភ​ណាស់​ដែរ ដោយសារ​តែ​លោក​គឺជា​កូន​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ។ ប៉ុន្តែ​លោក​ក៏​មាន​ចំណូល​ផ្ទាល់ខ្លួន​មិនធម្មតា​នោះ​ដែរ ដោយសារ​តែ​លោក​គឺ​តារា​ផ្ដាច់​មុខ​តំណាង​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ធំ​មួយ ហើយ​ទទួល​បាន​ប្រាក់ខែ​ពី​ក្រុម​ជម្រើសជាតិ និង​ពី​ក្រុមបាល់ទាត់​មួយ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​េ​ស៊ី ក្រោយ​បញ្ចប់​ការងារ​នៅ​ជប៉ុន ។

លោក​គឺជា​កីឡាករ​ដែល​មាន​លុយ​ច្រើន​ក្នុង​ដៃ ដោយ​ក្រៅពី​ទ្រព្យ​ដែល​បែងចែក​ឱ្យ​ពី​គ្រួសារ លោក​ក៏​មាន​ចំណូល​ជា​ប្រចាំ​ផ្ទាល់ខ្លួន ហើយ​សល់​លុយកាក់​ក្នុង​ដៃ​មិនធម្មតា​នោះ​ដែរ ដ្បិតថា​កីឡាករ​ភាគច្រើន​ត្រូវ​គេ​ដឹង​ថា​នៅ​ក្រ​នៅឡើយ​ក្ដី ។ លោក​មិន​ទាន់​មានមុខ​របរ​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ​ចំណូល​របស់​លោក​គឺ​ខ្ពស់​ជាងគេ​បើ​សរុប​ទាំង​ប្រាក់ខែ​ជម្រើសជាតិ ពី​ការ​លេង​ជា​ប្រចាំ​ឱ្យ​ក្រុម​មួយ​នៅ​ក្រៅប្រទេស និង​ពី​ការ​ចេញ​ថត​ស្ព​ត​ម្ដង​ៗ​។

+ ស៊ន សៀវ​ម៉ី ៖ ក្រៅពី​ជា​កីឡាការិនី​ល្បីឈ្មោះ នាង​ក៏​មាន​ក្លិប​បង្ហាត់​តេ​ក្វា​ន់​ដូ​មួយ​ផ្ទាល់ខ្លួន ដែល​អាច​ស្រូប​ចំណូល​បាន​ច្រើន​ជា​ចំណែក​របស់​នាង ក្រោយ​ពី​បែងចែក​ជាមួយ​បងស្រី​គឺ​ស៊ន ដា​វី​ន និង​បងប្រុស​ស៊ន អេ​លី​ត ក្នុង​មួយ​ខែ​ៗ​រួចរាល់​ផង​ដែរ ។

នាង​ក៏​មានឱកាស​ចេញ​ហ្វឹកហាត់​និង​ប្រកួត​នៅ​ក្រៅប្រទេស​ញឹក​ញាប់​​ដែល​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជា​ប្រចាំ​បន្ថែម​ពីលើ​ប្រាក់ខែ​ជម្រើសជាតិ និង​ប្រាក់ខែ​ដែល​នាង​ធ្វើ​ជា​កង​អង្គរក្ស​ផង​ដែរ ទើប​ធ្វើ​ឱ្យ​កីឡាការិនី​រូប​នេះ​ឡើង​កាលី​ប​គួរសម​ក្រោយ​ពី​បាន​ល្បី​ឈ្មោះ ដោយ​នាង​មាន​រថយន្ត​ជិះ​យ៉ាង​សមរម្យ​ខុស​ពី​ជីវភាព​របស់​កីឡាករ​កីឡាការិនី​ល្បីឈ្មោះ​មួយ​ចំនួន ។ ក្នុង​មួយ​ខែ​ៗ​នាង​ត្រូវ​គេ​ដឹង​ថា​រក​ចំណូល​បាន​ច្រើន​បើ​ទោះជា​មិន​មានការ​ទម្លាយ​ថា​រកបាន​ច្រើន​ក្នុង​កម្រិត​ណា​នៅឡើយ​ក្ដី ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ចំណូល​ខាងក្រៅ​ដែល​នាង​ទទួល​បាន​ពី​ការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ជួយ​ជ្រោមជ្រែង​នាង និង​ពី​ការងារ​ថត​ស្ព​ត​មួយ​ចំនួន​ដែល​គេ​នៅ​ត្រូវការ​នាង​ផង​ដែរ​។

+ ប្រាក់ មុន្នី​ឧត្តម ៖ ក្នុង​ចំណោម​កីឡាករ​ជម្រើសជាតិ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង លោក​ក៏​ជា​កីឡាករ​ដែល​មានមុខ​របរ​ផ្ទាល់ខ្លួន ហើយ​ក៏​មាន​ភរិយា​ស្រស់​ស្អាត​ផង​ដែរ ។

លោក​គឺជា​ថៅកែ​ហាង​បោក​អ៊ុត​ធំ​មួយ​នៅ​ជិត​ផ្សារ​ចាស់ ដោយ​ហាង​របស់​លោក​មាន​ម៉ាស៊ីន​រហូត​ដល់​១០-២០​គ្រឿង​ឯណោះ ខណៈ​ដែល​ភរិយា​របស់​លោក​គឺជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រចាំ​ហាង ។

ជា​រឿយ​ៗ​លោក​ក៏​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​ដោយ​មិន​ប្រកាន់ខ្លួន​ផង​ដែរ ក្រោយ​ពី​លោក​ទំនេរ​ពី​ការ​ហាត់​បាល់ទាត់​នៅ​លើ​ទីលាន ។ ប្រាក់ មុន្នី​ឧត្តម គឺជា​កីឡាករ​ដែល​អាច​និយាយ​បាន​ថា​មាន​ជីវ​ភាពរឹងមាំ​ខាងក្រៅ​អាជីព​ជាងគេ បើ​ធៀប​នឹង​កីឡាករ​ជម្រើស​ជាតិ​ផ្សេង​ទៀត​ដែល​មិន​ទាន់​មាន​លទ្ធភាព​បើក​ជំនួញ និង​ពឹង​តែ​លើ​ឪពុក​ម្ដាយ​នៅឡើយ ។ បើ​ទោះជា​មុខរបរ​នេះ​បាន​កើតឡើង​ក្រោយ​ពី​លោក​រៀប​ការ​ជា​មួយ​កូន​ស្រី​​អ្នកជំនួញ​មានមុខមាត់ ប៉ុន្តែ​ក៏​ចាត់​ទុក​ថា​លោក​បាន​រួមចំណែក​បើក​ជំនួញ​ធំ​មួយ​បន្ថែម​ពីលើ​អាជីព​បាល់ទាត់​របស់​លោក​ផង​ដែរ​ក្នុង​ពេល​ដែល​លោក​ក៏​ជា​កីឡាករ​ដែល​មាន​ទីផ្សារ​ថត​រឿង និង​ថត​ស្ប៉ត​មិនធម្មតា​ដែរ ។

លោក​ក៏​ជា​កីឡាករ​ជម្រើសជាតិ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ប៉ុន្តែ​លោក​នៅ​តែ​សកម្ម​នឹង​មុខរបរ​បោក​អ៊ុត​រាល់ថ្ងៃ ដោយ​លោក​ធ្លាប់​បាន​ប្រកាស​ថា មុខរបរ​របស់​លោក​ទទួល​បាន​ចំណូល​មិន​ក្រោម​ពាន់​ដុល្លារ​នោះ​ទេ ដ្បិតថា​រាង​ហត់​បន្តិច​។

លោក​ក៏​មាន​ក្រុមហ៊ុន​ធំ​មួយ​ផ្ដល់​រថយន្ត​ឱ្យ​ប្រើប្រាស់​ក្នុង​នាម​ជា​អ្នកតំណាង​ប្រចាំឆ្នាំ​ផង​ដែរ ទើប​កីឡាករ​រូប​នេះ​កាន់តែ​កាលី​ប និង​មាន​ជីវភាព​ល្អ​ប្រសើរ​បើ​ធៀប​នឹង​កីឡា​ករ​ផ្សេង​ទៀត ដែល​មាន​ជីវភាព​រស់នៅ​ត្រដាបត្រដួស​។

+ ហែម​ថុ​ន វិ​ទិ​នី ៖ កីឡាការិនី​ហែល​ទឹក​រូប​នេះ ក៏​មានមុខ​ជំនួញ​ក្នុង​ដៃ​មិនធម្មតា​ផង​ដែរ បន្ថែម​ពីលើ​កេរ្តិ៍ឈ្មោះ​ជា​កីឡាការិនី​ជម្រើសជាតិ​ល្បីឈ្មោះ ។ នាង​ជា​គ្រូបង្វឹក​ហែល​ទឹក​​ដែល​មានកូន​សិស្ស​ច្រើន​ក្នុង​ដៃ​អាច​ឱ្យ​នាង​រក​ចំណូល​បាន​ច្រើន​គួរ​សមជា​រៀង​រាល់​ខែ ហើយ​នាង​ក៏​មាន​មុខរបរ​លក់ដូរ​ផលិតផល​នៅ​តាម​អន​ឡាញ​ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​ដែរ ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នាង​គឺជា​កីឡាការិនី​ដែល​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​លក់ដូរ​ផលិតផល​ពាក់ព័ន្ធ​គ្រឿង

សម្អាង និង​ផលិតផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដែល​អាច​និយាយ​បាន​មិន​មាន​កីឡា​ការិនី​ជម្រើសជាតិ​រូប​ណា​មាន​ជំនួញ​ដូច​គ្នា​នឹង​នាង​នោះ​ទេ ។ មើល​មួយ​ភ្លែត​នាង​ស្ទើរ​តែ​ក្លាយជា​តារា​ស្រី​លេចធ្លោ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ទៅ​ហើយ ដោយសារ​តែ​នាង​ត្រូវ​ប្រើ​ពេល​ច្រើន​ក្នុង​ការ​ឆ្លើយ​សំណួរ​អ្នក​កុម្ម៉ង់ និង​ត្រូវ​ប្រើ​ពេល​យក​ទំនិញ​ទាំងនោះ​ទៅ​កាន់​គោល​ដៅ ។ នាង​ត្រូវ​គេ​ឃើញ​លេងខ្លួន​ហ៊ឺហារ​ឡូយឆាយ មិន​ចាញ់​តារា​សិល្បៈ​ប៉ុន្មាន​ទេ មិន​ថា​សម្លៀក​បំពាក់ និង​ការ​តុបតែង​ខ្លួន ដោយ​នាង​ក៏​មាន​រថយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផង​ដែរ ទើប​គេ​ឃើញ​ថា​នាង​ជា​កីឡាការិនី​ល្បីឈ្មោះ​ម្នាក់​ហើយ តែ​ក៏​មាន​ជីវភាព​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​នាង ដែល​ខុស​ពី​កីឡាករ​-​កីឡាការិនី​ខ្លះ​ក្រ​នៅ​ខាងក្រៅ​ពិបាក​ភ្នែក​មើល​។

+ វ៉​ន វី​វ៉ា ៖ ក្រោយ​ប្រកាស​លាឈប់​ពី​ការ​ប្រដាល់ លោក​បាន​ចាប់​អាជីព​ជា​អ្នក​រត់​តាក់​ស៊ី​គិត​ជា​គីឡូ ដោយ​មានការ​អះអាង​ថា ក្រៅពី​មាន​រថយន្ត​រត់​ផ្ទាល់ខ្លួន លោក​ក៏​មាន​រថយន្ត​ជួល​ឱ្យ​អ្នក​រកស៊ី​ដូច​ខ្លួន ដើម្បី​ទទួល​បាន​ចំណូល​បន្ថែម​ផង​ដែរ ។ លោក​ត្រូវ​គេ​ដឹង​ថា​ទទួល​បាន​ចំណូល​មិន​តិច​នោះ​ទេពី​មុខរបរ​រត់​តាក់ស៊ី​ខ្លួនឯង និង​ជួល​រថយន្ត​ឱ្យ​ក្រុមហ៊ុន ទើប​លោក​លែង​ខ្វល់​ពី​ការ​ប្រដាល់ ឬ​រត់​មក​ធ្វើ​ជា​គណៈកម្មការ​ប្រដាល់ ឬ​បើក​​ក្លិប​បង្ហាត់​ប្រដាល់​ដូច​កីឡាករ​ដែល​ខ្វះ​លទ្ធភាព​ក្រោយ​បោះបង់​ការ​ប្រដាល់​មួយ​ចំនួន ។ លោក​ក៏​ត្រូវ​គេ​ដឹង​ថា មានផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​កិន្ន ជិត​វត្ត​ក្រាំងធ្នុង​ផង​ដែរ ទើប​អ្នក​ណា​ៗ​ក៏​សរសើរ​ថា លោក​ជា​កីឡាករ​ដែល​មាន​ជីវភាព​ធូរធារ​ក្រោយ​ពេល​បោះ​បង់​ការ​ប្រដាល់​លើ​រេញ​។

+ ចូ​វ សុធា​រ៉ា ៖ អតីត​កីឡាការិនី​ល្បីឈ្មោះ​ខាង​ផ្នែក​ចំបាប់​រូប​នេះ ក៏​កាលី​ប​ណាស់​ដែរ ដោយសារ​តែ​នាង​បាន​ប្រឡង​ជាប់​ជា​គ្រូ​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ ហើយ​បាន​បង្រៀន​មុខ​វិជ្ជា​កីឡា​​នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ។ ថ្វី​ដ្បិតថា​មុខរបរ​របស់​នាង​នៅ​តែ​ពាក់ព័ន្ធ​នឹង​ការ​ងារ​កីឡា​កន្លង​មក ប៉ុន្តែ​គេ​ចាត់​ទុក​ថា​ជា​មុខរបរ​ដែល​ដាច់​ចេញពី​ជំនាញ​ផ្នែក​ចំបាប់​របស់​​នាង​បាត់​ទៅ​ហើយ ក្នុង​ពេល​ដែល​នាង​បាន​សម្រេច​លាឈប់​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​ពី​បាន​ប្រឡង​ចូល​គ្រូ​ក្របខ័ណ្ឌ​ខាង​ផ្នែក​កីឡា​ហើយ​ក៏​បាន​ជាប់​ជា​ស្ថាពរ ដោយ​នាង​ក៏​បាន​ហ្វឹកហាត់ និង​ទទួល​បណ្ដុះបណ្ដាល​ខាង​ផ្នែក​ផ្សេង​ក្នុង​ការ​បង្រៀន​ដល់​សិស្ស ដែល​មិនមែន​ជា​ការ​បង្រៀន​ខាង​ផ្នែក​ចំបាប់​ដូចដែល​នាង​មាន​ជំនាញ​កន្លង​មក។

នាង​ក៏​ចាត់​ទុក​ថា​ជា​កីឡាការិនី​ដែល​ជោគជ័យ​ម្នាក់​ក្រោយ​បាត់បង់​សមត្ថភាព​ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ដោយសារ​តែ​នាង​មានការ​ងារ​ជា​គ្រូបង្រៀន​នៅ​ក្នុង​វិទ្យាល័យ ហើយ​ធ្វើ​ឱ្យ​ជីវភាព​របស់​នាង​ល្អ​ប្រសើរ​មិន​ដូច​កីឡាការិនី​មួយ​ចំនួន​ដែល​ក្រោយ​បោះបង់​កីឡា​ក៏​ធ្លាក់ខ្លួន​លំបាក ឬ​ក្រីក្រ​នោះ ។ នាង​ក៏​បាន​រៀប​ការ​កសាង​សុភមង្គល​ក្រោយ​ចេញ​ធ្វើ​គ្រូ​ផង​ដែរ ទើប​កាន់តែ​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​ជោគជ័យ​ទ្វេ​ដង បើ​ទោះជា​ស្នាដៃ​ក្នុង​ពិភព​ចំបាប់​ដែល​នាង​ធ្លាប់​សាង​ហាក់​ត្រូវ​បាន​គេ​បំភ្លេច​បន្តិច​ម្ដង​ៗ​ក្ដី​។

ក្រៅពី​កីឡាករ​-​កីឡាការិនី​ខាងលើ កីឡាករ​កីឡាការិនី​ផ្សេង​ទៀត​ក៏​ត្រូវ​គេ​ឃើញ​មាន​រថយន្ត​ប្រើប្រាស់​ខ្លះ​ៗ​ផង​ដែរ ដោយ​គ្រាន់តែ​រថយន្ត​របស់​ពួក​គេ​មិន​ទំនើប ហើយ​នៅ​ពីក្រោយ​ការ​មាន​រថយន្ត​ប្រើ​របស់​ពួក​គេ​គឺ​ពួក​គេ​ខ្ចីបុល​គេ​ និង​ជួល​ផ្ទះ​គេ​នៅ​នៅឡើយ​ដែល​ផ្ទុយ​ពី​អ្នក​ខាងលើ​ដែល​មាន​រថយន្ត មានទ្រព្យ និង​មាន​ជីវភាព​ល្អ​ប្រសើរ​ដោយ​ឯករាជ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ