ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន អេ​លី​ត មាន​គម្រោង​បើក​ក្លិប​ប្រដាល់​មិន​ផ្ដោត​លើ​ផលប្រយោជន៍​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាប្រដាល់​សាកល​ជម្រើសជាតិ និង​ជា​គ្រូបង្ហាត់​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ WTF ស៊ន អេ​លី​ត បងប្រុសកញ្ញា​ស៊ន សៀវ​ម៊ី បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាប្រដាល់​សាកល​ជម្រើសជាតិ និង​ជា​គ្រូបង្ហាត់​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ WTF ស៊ន អេ​លី​ត បងប្រុសកញ្ញា​ស៊ន សៀវ​ម៊ី បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា លោក​មាន​គម្រោង​បើក​ក្លិប​ប្រដាល់​មួយ​ដោយ​ដាក់​ឈ្មោះ
ខ្លួន​ឯង​ថា «​អេ​លី​ត​គុន​ខ្មែរ​» ដោយ​មិន​ផ្ដោត​លើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។

ការ​បើក​ក្លិប​ប្រដាល់​នេះ​ឡើង ត្រូវ​បានលោក ស៊ន អេ​លី​ត បញ្ជាក់​ថា ដោយសារ​តែ​លោក​​មានចិត្ត​ស្រឡាញ់​វិស័យ​កីឡាប្រដាល់នេះ​តាំងពី​យូរណាស់​មក​ហើយ ។ ម្យ៉ាង​រូប​លោក​ក៏​ជា​អតីត​កីឡាករ​ប្រដាល់​សាកល​មួយ​រូប​ដែល​ធ្លាប់​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប្រដាល់​អស់​រយៈពេល​ជាង​២​ឆ្នាំ​ដែរ មុន​នឹង​លោក​ចាប់​យក​អាជីព​ជា​កីឡាករ​តេ​ក្វា​ន់​ដូ។ លោក​បាន​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​សាកល​នៅ​ឆ្នាំ​២០០៥ និង​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​នៅ​ឆ្នាំ​២០០៦ ។

លុះដល់​ចុងឆ្នាំ​២០០៧ លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​កីឡាប្រដាល់​សាកល​មក​ហាត់​​កីឡា​តេ​ក្វា​ន់​ដូ​វិញ ។ សព្វថ្ងៃ​លោក​បាន​ក្លាយជា​គ្រូបង្ហាត់​កីឡា​តេ​ក្វា​ន់​ដូ​ដែល​មាន
ខ្សែក្រវាត់​ខ្មៅ​២​ដាន់ និង​មាន​សិស្ស​កំពុង​តែ​ហ្វឹកហាត់​ជា​ប្រចាំ​ជាង​២០​នាក់​នៅ​ទីតាំង​ជាប់​របង​វិទ្យាល័យ​ឫស្សី​កែវ សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ មក​ដល់​ពេល​នេះ​លោក​​មាន​បំណង​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយទៀត ដើម្បី​ជួយ​ដល់​យុវជន​ខ្មែរ​ដែល​ស្រឡាញ់​ចូល​ចិត្ត​កីឡា​ប្រដាល់​ឱ្យ​ពួក​គេ​មក​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​របស់​លោក​ដែល​អាច​រក​ចំណូល​​ពី​ការ​ប្រកួត​យក​ទៅ​ជួយ​ដោះស្រាយ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​និង​ឱ្យ​ពួក​គេ​ចៀស​ផុត​ពី​អំពើ​មិនល្អ​ផ្សេង​ៗ​ដូច​ជា​ការ​សេព​គ្រឿងញៀន​ជាដើម​។

ពាក់ព័ន្ធ​នឹង​ការ​បើក​ក្លិប​ប្រដាល់​នេះ​ដែរ​លោក ស៊ន អេ​លី​ត បានឱ្យ​ដឹង​ថា សព្វថ្ងៃ​ក្លិប​របស់​លោក​មាន​ស្រាប់​មិនបាច់​ចំណាយ​ប្រាក់​ជួល​ទីតាំង​គេ​នោះ​ទេ សម្ភារ​ហ្វឹកហាត់​ក៏​មាន​ស្រាប់ ខ្វះខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

លោក​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ដូច​ជា​ខេត្តបាត់ដំបង​ដែល​មាន​កីឡាករ​ក្មេង​ៗ​ល្អ​ៗ​ធ្លាប់​ប្រកួត​នៅ​តាម​វត្ត​ពេល​មានបុណ្យ​ទាន ដើម្បី​ប្រមូល​ពួក​គេ​ឱ្យ​បាន​យ៉ាងតិច​ពី​៥​នាក់​ទៅ​១០​នាក់​យក​មក​ស្នាក់​នៅ​ហ្វឹកហាត់​លត់​ដំ​ខ្លួន ដោយ​ចំណាយពេល​យ៉ាងច្រើន​៥​ទៅ​៦​ខែ​អាច​ឡើង​ប្រកួត​បាន​ហើយ ។ ការ​បើក​ក្លិប​ប្រដាល់​នេះ​ឡើង លោក​មិន​មាន​បំណង​ចង់បាន​លុយ​ពី​កីឡាករ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ចង់​ជួយ​ឱ្យ​ពួក​គេ​មានការ​ងារ​ធ្វើ និង​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់ ហើយ​ចង់​ជំរុញ​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​ល្បី​ឈ្មោះ​ទៅ​ថ្ងៃក្រោយ ។ លោក​ក៏​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ ក្លិប​ប្រដាល់​មាន​ច្រើន​ដោយ​រីក​ដុះដាល​ដូច​ផ្សិត តែ​ធនធាន​កីឡាករ​នៅ​មាន​កម្រិត​នៅឡើយ ។ និយាយ​រួម​កីឡាករ​ល្អៗ ខ្លាំង​ៗ​នៅ​មាន​តិច​ណាស់ ដូច្នេះ​ការ​បង្កើត​ក្លិប​ប្រដាល់​បើសិនជា​យើង​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន មានគំនិត​កេងប្រវ័ញ្ច​កីឡាករ ពិតជា​មិន​អាច​ស្វែងរក​កីឡាករ​ល្អ​ៗ​បាន​ឡើយ ។

លោក​បាន​គិត​រួច​ហើយ​ថា កីឡាករ​ដែល​មក​ហាត់​នៅ​ក្នុង​ក្លិប​លោក ត្រូវ​តែ​ផ្ដល់​ការ​អប់រំ ទីកន្លែង​ហ្វឹកហាត់ ហូប​ចុក​និង​ស្នាក់​នៅ​ដល់​ពួក​គេ​ឱ្យ​បាន​ត្រឹមត្រូវ ។ យើង​ដឹង​ហើយ​ថា សព្វ​ថ្ងៃនេះ យុវជន​ខ្មែរ​យើង​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ដើរ​ផ្លូវ​មិនល្អ ដូច​ជា​ការ​សេព​គ្រឿង​ញៀន​ជាដើម ។ ដូច្នេះ​គោលបំណង​សំខាន់​របស់​លោក​ក្នុង​ការ​បើក​ក្លិប​ប្រដាល់​នេះ​ឡើង​គឺ​ចង់ឱ្យ​ពួក​គេ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ការ​សេព​គ្រឿងញៀន និង​ដើរ​លើ​ផ្លូវ​មិនល្អ​មក​លេង​កីឡា​វិញ​។

គួរ​រំលឹក​ផង​ដែរ​ថា គ្រួសារ​ស៊ន អេ​លី​ត​ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​ពុំ​មាន
ឈាមជ័រ​ជា​អ្នកកីឡា​អី​ដែរ ជា​ពិសេស​ឪពុក​របស់​លោក​មិន​ចូល​ចិត្ត​ហាត់​កីឡា​ទេ និង​បាន​ស្លាប់​ចោល​លោក​តាំងពី​លោក​នៅ​ក្មេង ។ ស៊ន អេ​លី​ត និយាយ​ថា លោក​មាន​បង​ប្អូន​៦​នាក់​ប្រុស​៣​នាក់ ស្រី​៣​នាក់ ហើយ​លោក​ជា​កូន​ទី​៣​នៅ​ក្នុង​គ្រួសារ​ដែល​សព្វថ្ងៃ​លោក​មាន​អាយុ​៣២​ឆ្នាំ​និង​បាន​រៀប​ការ​ប្រពន្ធ​នៅ​ឆ្នាំ​២០១៦ ព្រមទាំង​មានកូន​ប្រុស​ម្នាក់​អាយុ​ទើបតែ​បាន​៥​ខែ​ប៉ុណ្ណោះ ។ ចំពោះ​ប្អូនស្រី​៣​នាក់​ទៀត​មាន​២​នាក់​ជា​អ្នក​ហាត់​កីឡា​តេ​ក្វា​ន់​ដូ​ដូច​គ្នា​មាន ស៊ន ដា​វី​ន ត្រូវជា​ប្រពន្ធ​កីឡាករ​ប្រដាល់​វ៉​ន វី​វ៉ា និង​ស៊ន សៀវម៉ី ជាម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ