ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ផលិត​បន្លែ​សុវត្ថិភាព​ឱ្យ​បាន​6​ម៉ឺន​តោន​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា កម្ពុជា​គ្រោង​ផលិត​បន្លែ​សុវត្ថិភាព​ឲ្យ​បាន​ដល់​៦​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩ ដោយ​អនុវត្ត​នៅ​ខេត្ត​ចំនួន​៨ ត្រូវការ​កសិករ​សរុប​ជាង​២​ពាន់​គ្រួសារ និង​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា កម្ពុជា​គ្រោង​ផលិត​បន្លែ​សុវត្ថិភាព​ឲ្យ​បាន​ដល់​៦​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩ ដោយ​អនុវត្ត​នៅ​ខេត្ត​ចំនួន​៨ ត្រូវការ​កសិករ​សរុប​ជាង​២​ពាន់​គ្រួសារ និង​គ្រោង​ប្រើប្រាស់​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក គៀន សុភា នាយក​ប្រតិបត្តិ​គម្រោង​នេះ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ៖« ការ​ផលិត​បន្លែ​សុវត្ថិភាព ឬ​ហៅ​ថា ការ​អនុវត្ត​កសិកម្ម​ល្អ យើង​ចាប់ផ្តើម​អនុ​វត្ត​នៅ​ឆ្នាំ​២០១៧ ហើយ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ យើង​អនុវត្ត​ការ​ដាំ​ដុះ​នៅ​តាម​ខេត្ត​ចំនួន​៨ ក្នុង​នោះ​មាន​ខេត្តពោធិ៍សាត់​, បាត់ដំបង​, សៀមរាប​, កំពង់ធំ​, កំពង់ចាម​, ត្បូង​ឃ្មុំ​, ព្រៃវែង និង​ខេត្តកណ្តាល ។ ក្នុង​ដំណាក់កាល​ទី​១​នៃ​គម្រោង​នេះ យើង​ជ្រើស​រើស​កសិករ​ប្រមាណ​៨២០​គ្រួសារ​ផលិត​បន្លែ​បាន​ជិត​១​ម៉ឺន​តោន បើ​ធៀប​នឹង​ការ​ព្យាករ​កាលពី​ឆ្នាំ​២០១៦ មុន​យើង​ចាប់ផ្តើម កើនឡើង​២៥% » ។

ការ​ផលិត​បន្លែ​សុវត្ថិភាព ឬ​ហៅ​ថា ស្តង់ដា GAP គឺ​គ្រោង​ផលិត​ឱ្យ​បាន​៦​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩ ហើយ​ត្រូវការ​កសិករ​ចំនួន​២.០៦០​គ្រួសារ ក្នុង​នោះ​ការ​ដាំ​ដុះ​ខ្នាត​មធ្យម​មាន​២.០០០​គ្រួសារ និង​ខ្នាត​ធំ​៦០​គ្រួសារ ។
លោក គៀន សុភា បន្ត​ថា ៖« នៅ​ឆ្នាំ​២០១៨ យើង​អត់​មាន​គម្រោង​ពង្រីក​ការ​ផលិត​បន្លែ​នៅ​តាម​ខេត្ត​ទាំង​៨​ខាងលើ​ទេ ដោយសារ​នៅ​តាម​ខេត្ត​ដែល​សិក្សា​នេះ ចាប់ផ្តើម​មាន​សក្តានុពល​ហើយ អីចឹង យើង​មាន​តែ​ពង្រីក​ចំនួន​កសិករ​ឱ្យ​ដល់​២.០៦០​គ្រួសារ (កសិករ​បាន​ដាំ​បន្លែ​ស្រាប់​) ដើម្បី​ឱ្យ​គាត់​មាន​លទ្ធភាព​ផលិត​បន្លែ​ពេញ​១​ឆ្នាំ » ។

លោក​បន្ថែម​ថា ៖« ក្នុង​ឆ្នាំ​២០១៨​នេះ​រំពឹង​ថា ការ​ផលិត​បន្លែ​សុវត្ថិភាព​នឹង​កើនឡើង​ពី​២​ម៉ឺន ទៅ​៣​ម៉ឺន​តោន ហើយ​ដល់​ឆ្នាំ​២០១៩ អាច​ផលិត​បាន​រហូត​ដល់​៦​ម៉ឺន​តោន ដោយ​សារ​យើង​បាន​បញ្ចូល​បច្ចេកទេស​ទំនើប​ក្នុង​ការ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព និង​បណ្តុះ​បណ្តាល​​បន្ថែម​ដល់​កសិករ​ឱ្យ​ចេះ​ផលិត​បន្លែ​ទទួល​បាន​ទិន្នផល​ខ្ពស់ » ។

លោក​លើក​ឡើង​ថា នៅ​ពេល​កម្ពុជា​អាច​ផលិត​បន្លែ​សុវត្ថិភាព​បាន​ច្រើន គឺ​អាច​ចូលរួម​ជួយ​ឱ្យ​ពលរដ្ឋ​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ព្យាបាល ។

ម្យ៉ាងទៀត នឹង​ជួយ​ធ្វើ​ឱ្យ​បរិស្ថាន​រស់នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ។ បន្លែ​សុវត្ថិ​ភាព​នេះ គឺ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ​គីមី​កម្រិត​ស្រាល ហើយ​មុន​ពេល​ប្រមូល​ផល​ចាប់ពី​១០ ទៅ​១៥​ថ្ងៃ គឺ​ឈប់​ឱ្យ​ប្រើប្រាស់​ថ្នាំ​គីមី​ហើយ ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក​វេ​ង សា​ខុន ធ្លាប់​មាន​ប្រសាសន៍​ថា កន្លង​មក​យើង​ឃើញ​ថា សម្រាប់​ការ​ដាំ​ដុះ​បន្លែ នៅ​មិន​ទាន់​បាន​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ទេ អីចឹង​ហើយ​បានជា​ពលរដ្ឋ​នឿយណាយ​ក្នុង​ការ​ដាំ​ដុះ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« យើង​មាន​គម្រោង​គាំទ្រ​ដល់​ប្រជា​កសិករ​នា​ពេល​បច្ចុប្បន្ន ទទួល​បានការ​គាំទ្រ​ហិរញ្ញប្បទាន​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ យើង​មាន​ផែនការ​ផលិត​បន្លែ​នេះ​រហូត​ដល់​ឆ្នាំ​២០១៩ ចំនួន​៦០​ពាន់​តោន​ក្នុង​១​ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ យើង​កំពុង​ផុលផុស​ក្នុង​ការ​ដាំ​ដុះ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖« យើង​បាន​រៀបចំ​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ចាត់ចែង​ទីផ្សារ​លក់​ជូន​ពួក​គាត់​ហើយ ។ យើង​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រោច​ស្រព​​ងាយស្រួល គឺ​គ្រាន់តែ​នៅ​ពេល​ព្រឹក​ឡើង គាត់​ដើរ​តែ​បើក​រ៉ូ​ប៊ី​ណេ​ប្រព័ន្ធ​ស្រោច​ស្រព​ដំណាំ គាត់​មិន​ចាំបាច់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ធំដុំ​ទេ បញ្ចូល​បច្ចេកវិទ្យា​ការពារ​សំណើម​ដី ក៏​ដូច​ជា​ការពារ​ស្មៅ និង​មាន​វិធីសាស្ត្រ​កម្ចាត់​សត្វ​ចង្រៃ ។ យើង​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ជូន​គាត់​ជា​ច្រើន និង​ឧបត្ថម្ភ​ទុន​ក្នុង​ការ​ផលិត​ជាដើម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ