ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ឆ្នាំ​មុន ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​1,6​ប៊ី​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​បាន​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន​មាន​ចំនួន​១៣០​គម្រោង គិត​ជា​ទុន​វិនិយោគ​សរុប​ប្រមាណ​១,៦​ប៊ី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​CDC​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ។…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​បាន​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន​មាន​ចំនួន​១៣០​គម្រោង គិត​ជា​ទុន​វិនិយោគ​សរុប​ប្រមាណ​១,៦​ប៊ី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា​CDC​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ។

ប្រភព​ដដែល​បញ្ជាក់​ថា ៖« ក្នុង​ចំណោម​១៣០​គម្រោង​នេះ ជប៉ុន​បាន​វិនិយោគ​ទៅ​លើ​វិស័យ​មួយ​ចំនួន​មាន​ដូច​ជា ធនាគារ​, ឧស្សាហកម្ម​, ក​សិ​-​ឧស្សាហកម្ម​, សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ។ ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ជប៉ុន​មាន​គម្រោង​វិនិយោគ​ចំនួន​៩ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៦៣​លាន​ដុល្លារ ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន​៨ បាន​បោះទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​៥៩​លាន​ដុល្លារ » ។

ទាក់ទង​នឹង​គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញ​ថា ជប៉ុន​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​បាន​គោរព​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ម្សិលមិញ​ថា​៖ « ខ្ញុំ​មើលឃើញ​ថា ការ​វិនិយោគ​របស់​ជប៉ុន បាន​ចូលរួម​ចំណែក​ច្រើន​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយសារ​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ក្នុង​រោងចក្រ​ជប៉ុន​ល្អ មាន​ន័យ​ថា ក្រុមហ៊ុន​ជប៉ុន​បាន​គោរព​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន​, រោងចក្រ​ជប៉ុន​បាន​ជួយ​បង្រៀន​ផ្នែក​បច្ចេកទេស​ដល់​កម្មករ​កម្ពុជា ព្រោះ​រោងចក្រ​ជប៉ុន​ភាគច្រើន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក » ។

លោក​បន្ត​ថា ដើមទុន​វិនិយោគ​របស់​ជប៉ុន ប្រមាណ​១,៦​ប៊ី​លាន​ដុល្លារ​ខាងលើ​នេះ បាន​ជួយ​បង្កើត​ការងារ​ជា​ច្រើន ហើយ​ក្រុមហ៊ុន​របស់​ជប៉ុន​ច្រើន​ធ្វើ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មានការ​គ្រប់គ្រង​រដ្ឋបាល​បាន​ល្អ មិន​ធ្វើ​រោងចក្រ​នៅ​តាម​តំបន់​ដាច់​ដោយ​ឡែក​ទេ ព្រោះ​រោងចក្រ​ជប៉ុន​ត្រូវការ​មានការ​ធានា​នូវ​សុវត្ថិភាព និង​សង្វា​ក់​ផលិតកម្ម​ឱ្យ​បាន​ត្រឹមត្រូវ ។

លោក អ៊ុ​ច ពិសាល តំណាង​ក្រសួងពាណិជ្ជកម្ម ប្រចាំ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ប្រសាសន៍​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ក្រុមហ៊ុន​វិនិយោគ​ជាង​១០០ ក្នុង​នោះ​ក្រុមហ៊ុន​ជប៉ុន​ស្មើ​ប្រមាណ​៦០% ដែល​បាន​ផ្តល់​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ។ យើង​ចាត់​ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​តំបន់​គំរូ គេ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ទាំង​ការ​ស្នាក់​នៅ និង​ការ​ដឹក​ជញ្ជូន ហើយ​មាន​រោងចក្រ​ខ្លះ​ធ្វើ​ផ្ទះ​ឱ្យ​កម្មករ​ស្នាក់​នៅ​ថែម​ទៀត ។

លោក​បន្ត​ថា ៖« បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ល្អ ហើយ​វិនិយោគិន​ចូល​មក​កម្ពុជា​មាន​ចំនួន​កាន់តែ​ច្រើន ដោយសារ​គេ​គិត​ថា ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ល្អ ។

វិនិយោគិន​ជប៉ុន មុន​នឹង​គាត់​បោះទុន​វិនិយោគ​ទៅ​កន្លែង​ណាមួយ គឺ​គាត់​គិត​អំពី​ស្ថិរ​ភាព​នយោបាយ និង​សន្តិសុខ អីចឹង វិនិយោគិន​ជប៉ុន​នឹង​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត » ។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ លោក ច័ន្ទ សុផល បាន​ថ្លែង​ថា ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ជា​រឿង​ល្អ​ប្រសើរ​ណាស់ ព្រោះ​ពួក​គេ​សិក្សា​ពី​កត្តា​ច្បាប់​វិនិយោគ ច្បាប់​ពន្ធ និង​បទ​ប្បញ្ញត្តិ​ជា​ច្រើន​ទៀត ទើប​ពួក​គេ​មក​វិនិយោគ បើ​ពួក​គេ​រក​ឃើញ​ថា ច្បាប់​និង​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ ដែល​កម្ពុជា​ផ្តល់​ជូន​មាន​ភាព​អំណោយផល ពួក​គេ​នឹង​មក​វិនិយោគ ។

លោក​បន្ត​ថា ៖« ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​ក្នុង​វិស័យសេដ្ឋកិច្ច នយោបាយ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​» ។

យោង​តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO) ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន កាលពី​ឆ្នាំ​២០១៦ មាន​ជាង​១,៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ក្នុង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន មាន​ជាង​១,២​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​របស់​ជប៉ុន​មក​កម្ពុជា មាន​តែ​ជាង​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ