ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ជើង​គ្នា​ចេញពី​វត្ត ដោយ​អ្នកស្រុក​បះបោរ​ប្រឆាំង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​បាន​ស្ទុះ​ក្រោកឈរ ស្រែក​តវ៉ា​ប្រឆាំង​នឹង​ការ​អាន​សេចក្តីសម្រេច​របស់​គណៈនាយក​សង្ឃ ដែល​បាន​សម្រេច​ព្យួរ​តួនាទី និង​ភារកិច្ច​របស់​លោក​ចៅអធិការ​វត្ត​អារញ្ញ​រង្សី ហៅ​វត្ត​ព្រែក​រាំង ឲ្យ​ទៅ​ជា​ភិក្ខុ​បរិស័ទ​ធម្មតា ក្នុង​រឿង​ទំនាស់​ដោយ​ក្រុម​ជាង​ធ្វើ​វិហារ​វត្ត​ចោទប្រកាន់​ថា លោក​ចៅអធិការ​វត្ត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​បាន​ស្ទុះ​ក្រោកឈរ ស្រែក​តវ៉ា​ប្រឆាំង​នឹង​ការ​អាន​សេចក្តីសម្រេច​របស់​គណៈនាយក​សង្ឃ ដែល​បាន​សម្រេច​ព្យួរ​តួនាទី និង​ភារកិច្ច​របស់​លោក​ចៅអធិការ​វត្ត​អារញ្ញ​រង្សី ហៅ​វត្ត​ព្រែក​រាំង ឲ្យ​ទៅ​ជា​ភិក្ខុ​បរិស័ទ​ធម្មតា ក្នុង​រឿង​ទំនាស់​ដោយ​ក្រុម​ជាង​ធ្វើ​វិហារ​វត្ត​ចោទប្រកាន់​ថា លោក​ចៅអធិការ​វត្ត មិន​ព្រម​ប្រគល់​លុយ​ថ្លៃ​ធ្វើ​វត្ត​ឲ្យ​ពួក​គេ ។ កិច្ចប្រជុំ​ដែល​មាន​ព្រះ​វិន័យធរ​ខេត្ត និង​មន្ត្រី​ជំនាញ​បាន​រំសាយ​ភ្លាម​ៗ បន្ទាប់​ការ​តវ៉ា​យ៉ាង​ពុះ​ក​ញ្ច្រោ​ល​របស់​ប្រជាពលរដ្ឋ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកុម្ភៈ នៅ​ក្នុង​កម្មវិធី​ប្រជុំ​មួយ​ក្នុង​សាលាឆាន់​វត្ត​អារញ្ញ​រង្សី ហៅ​វត្ត​ព្រែក​រាំង ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅ​ក្នុង​រឿង​ខាងលើ​នេះ ប្រជាពលរដ្ឋ​៣​ទៅ​៤​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ ដែល​ចូលរួម​ប្រជុំ នឹង​ជា​អ្នកគាំទ្រ​លោក​ចៅអធិការ​វត្ត​ព្រែក​រាំង ព្រះ​នាម អ៊ុ​ក ចាន់​ថន បាន​និយាយ​តវ៉ា​ថា លោក​ចៅអធិការ​វត្ត ព្រះ​នាម អ៊ុ​ក ចាន់​ថន បាន​មក​គង់នៅ​ក្នុង​វត្ត​តាំងពី​វត្ត​មិន​ទាន់​មាន​អ្វី​ទាំងអស់ រហូត​លោក​ចៅអធិការ​បាន​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​កសាង​បាន​សាលាឆាន់ ចាក់​ដី​រាប់​ម៉ឺន​ឡាន និង​កសាង​ព្រះ​វិហារ​ថ្មី អស់ប្រាក់​រាប់​សែន​ដុល្លារ តែ​លទ្ធផល​ចុង​ក្រោយ នៃ​ការ​ខិតខំ​របស់​លោក បែរជា​ត្រូវ​គណៈសង្ឃ​នាយក​ជឿ​តែ​ភាគី​ម្ខាង​បាន​ចេញ​សេចក្តី​ប្រកាស​គ្មាន​ហេតុផល ដោយ​មិន​បាន​ចុះ​មក​ស្រាវជ្រាវ​រករឿង​ហេតុ​ច្បាស់លាស់ និង​ការ​ពិត​ផង បែរជា​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ នេះ ស្រាប់តែ​លោក​ប្រធាន​មន្ទី​ធម្មការ និង​សាសនា​ខេត្ត និង​មន្ត្រី​សង្ឃ​ខេត្ត មក​ប្រកាសសេចក្តី​ប្រកាស​របស់​សង្ឃនាយក ដក​លោក​ចេញពី​តួនាទី​ចៅអធិការ​វត្ត​ឲ្យ​ទៅ​ជា​ភិក្ខុសង្ឃ​ធម្មតា​ទៅ​វិញ រឿង​នេះ​ពួក​គាត់​ទាំងអស់​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត មិន​សុខចិត្ត​ឡើយ ។

លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ក្រោយ​ពី​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​លោក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រឿង​នេះ លោក​ក៏​បាន​ធ្វើ​របាយការណ៍​រាយ​ការ​ទៅ​លោក​អភិបាលខេត្ត សុំ​ឲ្យ​បង្កើត​គណៈ​ក​ម្មា​ការ​ថ្មី​មួយ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ជា​បន្ទាន់ និង​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​វិវាទ​ខាងលើ​នេះ​ឲ្យ​បាន​ឆាប់​ៗ និង​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ព្រះសង្ឃ និង​ជាង​ធ្វើ​វិហារ​ផង​ដែរ ។ ហើយ​ការ​រៀបចំ​បង្កើត​គណៈកម្មការ ចុះ​ស្រាវជ្រាវ​រឿង​នេះ គឺ​នឹង​ធ្វើ​ឆាប់​ៗ​នេះ មិន​ទុក​យូរ​ឡើយ ។

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹក​ហូត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​វិវាទ​ខាងលើ​នេះ កាលពី​កន្លង​ទៅ លោក ប៊ុ​ន សាន ជាង​មេជាង​ទី​៤ និង​ប្រពន្ធ​ឈ្មោះ សឹម ឡេ​ង ដែល​ចោទ​លោក​ថា បាន​ជំពាក់​ថ្លៃ​ជាង​មិន​ព្រម​សង បាន​កាន់​កាំបិត​នាំ​គ្នា​មក​កាប់​លោក​ដល់​លើ​វត្ត ដែល​ពេល​នោះ​លោក​មេ​ភូមិ​ក៏​បាន​ឃាត់ និង​បាន​ដក​កាំបិត​ទុក​ទៀត​ផង ។ ក្រោយមក​លោក​គណៈកម្មការ​វត្ត បាន​ប្តឹង​ទៅ​តុលាការ​ពី​បទ «​ប៉ុនប៉ង​ធ្វើឃាត​» ត្រូវ​នគរបាល​ខេត្ត​មក​ចាប់ លោក ប៊ុ​ន សាន និង​ប្រពន្ធ តាម​ដីកា​បញ្ជូន​ទៅ​តុលាការខេត្ត តែ​ពេល​ទៅ​ដល់​តុលាការខេត្ត​បាន​តែ​៣​ម៉ោង មិនដឹង​ហេតុ​អ្វី​ទេ​ក៏​ត្រូវ​តុលាការ​ដោះ​លែង​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ហើយ​ក៏​កើត​មានរឿង​ប្តឹងផ្តល់​នេះ​កាន់តែ​ធំ​ដូច​ពេល​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ