ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន និង​ស្ត្រី​វ័យក្មេង នឹង​ទទួល​​ឱកាស​ការងារ​សមរម្យ​ប្រកបដោយ​ផលិតភាព​ខ្ពស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​«​រួម​គ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» ដែល​ជា​កម្មវិធី​របស់​អង្គការសហប្រជាជាតិ នឹង​ជួយ​ឱ្យ​យុវជន និង​ស្ត្រី​វ័យក្មេង ទទួល​បាន​ឱកាស​ការងារ​សមរម្យ​ប្រកបដោយ​ផលិតភាព​ខ្ពស់​កាន់តែ​ច្រើន​ឡើង ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​«​រួម​គ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» ដែល​ជា​កម្មវិធី​របស់​អង្គការសហប្រជាជាតិ នឹង​ជួយ​ឱ្យ​យុវជន និង​ស្ត្រី​វ័យក្មេង ទទួល​បាន​ឱកាស​ការងារ​សមរម្យ​ប្រកបដោយ​ផលិតភាព​ខ្ពស់​កាន់តែ​ច្រើន​ឡើង ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​សហ​ប្រធាន​ជាមួយ​លោកស្រី​ក្លែ វ៉ា​ន់​ដឺ វែ​រ៉ែ​ន (Claire Vander Vaeren) ក្នុង​កិច្ចប្រជុំ​លើក​ទី​១​នៃ​ក្រុមប្រឹក្សា​យោបល់​នៃ​កម្មវិធី​រួម​គ្នា​របស់​អង្គ​ការសហប្រជាជាតិ «​រួម​គ្នា​ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» នៅ​សណ្ឋា​គារ​រ៉ា​ហ្វ៊​ល ឡឺ​រ៉ូ​យ៉ា​ល់​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ និង​បាន​ដាក់​សម្ពោធ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​ដំណាក់កាល​ដំបូង​រយៈពេល​២​ឆ្នាំ ក្រោម​កិច្ច​សហការ​រួម​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភ្នាក់ងារ​ចំនួន​៥ របស់​អង្គការសហប្រជាជាតិ​ដែល​ជា​ដៃគូ​ដ៏​សំខាន់​ផ្សេង​ទៀត រួម​មាន អង្គការ​ILO, អង្គការ​UNDP, អង្គការ UNICEF, អង្គការ​UNESCO និង​អង្គការ UNV។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា កម្មវិធី​រួម​គ្នា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ឱ្យ​យុវជន និង​ស្ត្រី​វ័យក្មេង​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​ប្រកបដោយ​ផលិតភាព​ខ្ពស់​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ហើយ​អ្វី​ដែល​ជា​លទ្ធផល​រំពឹង​នោះ​គឺ ៖

១-​យុវជន និង​ស្ត្រី​វ័យក្មេង នឹង​ទទួល​បានការ​អប់រំ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ប្រកបដោយ​គុណភាព និង​តាម​ការ​ស្ម័គ្រចិត្ត ដើម្បី​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវ​: និង​បច្ចេកទេស ។

២-​យុវជន និង​ស្ត្រី​វ័យក្មេង​ទាំង​ក្នុង និង​ក្រៅ​សាលា​បាន​ទទួល​ជំនាញ​អាជីវកម្ម និង​សហគ្រាស​គ្រប់គ្រាន់ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ប្រកបដោយ​និរន្តរភាព ។

៣-​យុវជន និង​ស្ត្រី​វ័យក្មេង បាន​ទទួល​អត្ថប្រយោជន៍​ដែល​កើត​ចេញពី​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន និង​ការ​រើសអើង​នៅ​កន្លែង​ការងារ ។

លោក​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ថា ៖« តាម​រយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​យោបល់​លើក​​ទី​១​នា​ថ្ងៃនេះ ជា​ការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ក្នុង​ការ​ពិភាក្សា​ឱ្យ​បាន​ផុសផុល សំដៅ​ស្វែងរក​វិធីសាស្ត្រ​ល្អ​ៗ និង​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​កម្មវិធី​នេះ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ពោល​គឺ​ដើម្បី​ពង្រឹង​យុវជន និង​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា​យើង ឱ្យ​កាន់តែ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ដ៏​សម្បូរ​បែប» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ