ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគ ៖ តើ​ចិន​កំពុង​តែ​វាតទី​ខាង​សេដ្ឋកិច្ច​លើ​ពិភពលោក​ឬ?

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន​ពង្រឹង​ឥត​ឈប់​ឈរ​វត្តមាន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​គ្រប់​ទិស​ទី​នៃ​ពិភពលោក ។ ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ត្រូវ​បាន​ចិន​កសាង​នៅ​អា​មេ​រិ​ក​ខាងត្បូង រោងចក្រ SILICE មួយ​បង្កើត​នៅ​បារាំង បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​មហាសាល​មួយ​កសាង​នៅ​អាហ្វ្រិក…

ប្រទេស​ចិន ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ចិន​ពង្រឹង​ឥត​ឈប់​ឈរ​វត្តមាន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​គ្រប់​ទិស​ទី​នៃ​ពិភពលោក ។

ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ត្រូវ​បាន​ចិន​កសាង​នៅ​អា​មេ​រិ​ក​ខាងត្បូង រោងចក្រ SILICE មួយ​បង្កើត​នៅ​បារាំង បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​មហាសាល​មួយ​កសាង​នៅ​អាហ្វ្រិក ។ នេះ​គ្រាន់​ជា​ឧទាហរណ៍​មួយ​ចំនួន​ប៉ុណ្ណោះ ។ តើ​ចិន​កំពុង​តែ​បោះ​ជំហាន​យ៉ាង​វែង​មួយ រួច​ហើយ​មែន​ទេ?

ពី​អាស៊ី​ដល់​អា​មេ​រិ​ក​ខាងត្បូង ពី​អាហ្វ្រិក​ទៅអឺរ៉ុប អាជ្ញាធរ​ចិន​បាន​បោះទុន​វិនិយោគ​ច្រើន​ពាន់​លាន​ដុល្លារ សំដៅ​អនុវត្ត​បណ្តា​គម្រោងធំ​ៗ​ជុំវិញ​ពិភពលោក ។

ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​យ៉ាង​ធំ​កសាង​ផ្លូវ​សូត​ថ្មី​ចិន​មាន​បំណង​ចំណាយ​ប្រាក់​១០​ពាន់​លាន​ដុល្លារ សម្រាប់​កសាង​បណ្តាញ​ផ្លូវដែក​មួយ​មាន​ប្រវែង​ដល់​ជាង​៥.០០០​គីឡូម៉ែត្រ ដែល​ភ្ជាប់​ប្រទេស​ប្រេ​ស៊ី​ល​ទៅ​កាន់​ឆ្នេរសមុទ្រ​ប៉េ​រូ​ដោយ​ឆ្លងកាត់​ព្រៃ​អា​ម៉ា​ហ្សូ​ន ។
សរុប​ដូច​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ចិន កាលពី​ខែមករា ឆ្នាំ​២០១៥ ក្រុង​ប៉េ​កាំ​ង​មាន​បំណង​វិនិយោគ​ទឹកប្រាក់​ដល់​២៥០​ពាន់​លាន​ដុល្លារ ក្នុង​ប្រទេស​នោះ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។

ម្យ៉ាងវិញទៀត មហាសេដ្ឋី​ចិន លោក​វ៉ាង ជី​ញ បាន​ស្នើ​កសាង​ព្រែកជីក​មួយ​មាន​ប្រវែង​២៧០​គីឡូម៉ែត្រ​កាត់​ប្រទេស​នី​កា​រ៉ា​ហ្គា ។

ទ្វីបអាហ្វ្រិក​ជា​ចំណុច​មួយទៀត​ដែល​រដ្ឋាភិបាល​ចិន​ផ្តោត​ខ្លាំង ។ កាលពី​ខែមករា ឆ្នាំ​២០១៥ ក្រុង​ប៉េ​កាំ​ង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ជាមួយ​សហភាព​អាហ្វ្រិក​សំដៅ​កសាង​បណ្តាញ​ដឹក​ជញ្ជូន​មួយ​រវាង​ប្រទេស​ទាំង​៥៤​នៃ​ទ្វីបអាហ្វ្រិក ។ បណ្តាញ​នេះ​នឹង​រួម​មាន​បណ្តា​ផ្លូវដែក ក្នុង​នោះ​មាន​បណ្តាញ​ផ្លូវដែក​សម្រាប់​រថភ្លើង​លឿន បណ្តា​​ព្រ​លាន​យន្តហោះ ព្រមទាំង​ផ្លូវថ្នល់​ទាំងឡាយ ។ គម្រោង​ទាំងនេះ​កំពុង​តែ​អនុវត្ត​ដោយ​បណ្តា​កុងត្រា​មាន​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ចុះហត្ថលេខា ដើម្បី​កសាង​បណ្តាញ​ផ្លូវដែក​នៅ​នី​ហ្សេ​រី​យ៉ា កេ​ន​យ៉ា អេ​ត្យូ​ពី និង​នៅ​ឆា​ដ ។ លើស​ពី​នេះ ចិន​មាន​បំណង​កសាង​កំពង់​ផែ​ទំនើប​នៅ​ទីក្រុង​ដា​អេស​សា​ឡឹម​ប្រទេស​តង់​សានី ក្រុង​ម៉ា​ពូ​តូ​ម៉ូហ្សំ​ប៊ិក ក្រុង​លី​ប្រឺ​វី​ល​ប្រទេស​ហ្គា​បុ​ង ក្រុង​តឺ​ម៉ា​ប្រទេស​ហ្គា​ណា និង​ក្រុង​ដា​កា ប្រទេសសេ​ណេ​ហ្គា​ល់ ។

នៅ​អាស៊ី​អាគ្នេយ៍​ក៏​រដ្ឋាភិបាល​ចិន​ក៏​ផ្តោត​ខ្លាំង​ដែរ ។ ក្រុង​ប៉េ​កាំ​ង​បាន​ប្តេជ្ញា​ជីក​ព្រែកជីក​មួយ​កាត់​តំបន់ ISTHME DE KRA ប្រទេស​ថៃ ។ គម្រោង​នេះ​អាច​ឱ្យ​ចំណេញ​ផ្លូវ​ដឹក​ជញ្ជូន​បាន​ដល់​ទៅ​១.០០០​គីឡូម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លូវទឹក​ធ្វើ​ពាណិជ្ជកម្ម​បច្ចុ​ប្បន្ន​ដែល​ឆ្លងកាត់​តាម​ច្រក​ម៉ា​ឡា​កា ជា​កន្លែង​មាន​សកម្មភាព​ពួក​ចោរ​សមុទ្រ ។

ម្យ៉ាងវិញទៀត ចិន​មាន​បំណង​កសាង​កំពង់​ផែ​ទឹក​ជ្រៅ​មួយ​នៅ KUANTAN ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ពង្រីក​កំពង់​ផែ MALE នៅ​ប្រទេស​ម៉ា​ល់​ឌី​វ ។ ទុន​វិនិយោគ​នឹង​មាន​ដល់​៥១១​ពាន់​លាន​ដុល្លារ ។

នៅ​ប្រទេស​ហ្វ៊ី​ដ​ជី អាជ្ញាធរ​ចិន​ផ្តោត​លើគម្រោង​ធំ​មួយទៀត​គឺ​បង្កើត​មជ្ឈមណ្ឌល​វា​រី
អគ្គិសនី​មួយ​មាន​តម្លៃ​១៥៨​លាន​ដុល្លារ ។ នៅប្រជុំ​កោះ​សា​ម៉ា​វ​ចិន​នឹង​កសាង​មន្ទីរពេទ្យ​ធំ​មួយមាន​ទឹកប្រាក់​ប្រមាណ​១០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ