ទំនៀមលៀងមេមត់ជំនឿរបស់ប្រជាជនក្នុងតំបន់អង្គរ
- សៀមរាប
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ បានរៀបចំយ៉ាងគគ្រឹក គគ្រេង នាថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ…
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ បានរៀបចំយ៉ាងគគ្រឹក គគ្រេង នាថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ…
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ បានរៀបចំយ៉ាងគគ្រឹក គគ្រេង នាថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះអ្នកស្រីគង់ ជា គ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ។
ជារៀងរាល់ឆ្នាំ តាំងពីបុរាណមក ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿ និងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម ។
អ្នកស្រីគង់ ដែលជាគ្រូធំ ក្នុងភូមិនគរក្រៅឱ្យដឹងថា ឆ្នាំនេះមានមេមត់ក្មេងចាស់ ប្រុសស្រីជាង៣០នាក់ ដែលមកលៀង មេមត់នៅផ្ទះរបស់គាត់ ។ អ្នកខ្លះគេខ្មាសអៀនក្នុងការរាំរែក គេបានយកគ្រឿងរណា្តប់មកឱ្យគាត់ ចូលជំនួស ឬក៏បងប្អូនគេដែលមានរូបស្នងត្រូវមកលៀងមេមត់ដែរក៏មាន ។ ការរៀបចំលៀងមេមត់ នេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ឱ្យព្រលឹងដូចតាជាគ្រូកំណើត ជាឈ្នួរបានរាំរែកឱ្យសប្បាយមួយឆ្នាំម្តង និងឱ្យអ្នកស្នងរូប ជារូបជាអង្គពីជំងឺឈឺក្បាលវិលមុខ ផ្សេងៗផងដែរ ។
អ្នកស្រីគង់ ដែលមានគ្រូធំជាស្តេចស្វា ហៅថា «ព្រះរាជគ្រូ» ចូលសណ្ឋិតជាង១០ឆ្នាំមកហើយនោះ ដំបូងមិនបានជឿលើជំនឿនេះទេ រហូតឈឺត្រដាបត្រដួសស្ទើរស្លាប់ស្ទើររស់ រកពេទ្យបីបួនមើលមិនជា ដាក់ថ្នាំមិនត្រូវ ដល់ថ្នាក់ឈឺទាំងកូន ទាំងប្តី ទើបចាប់ផ្តើមរៀបចំអាសនៈ គ្រឿងរណ្តាប់សម្រាប់គ្រូដែលចង់នៅជាមួយ ហើយប្រតិបត្តិតាមដោយកាន់សីល កាន់ធម៌សច្ចៈ ក៏បានជាសះស្បើយ គ្រួសារក៏សុខសប្បាយ ជីវភាពក៏ធូរធារជាងមុន ។
អ្នកស្រីគង់ត្រូវអ្នកភូមិនិងក្រៅភូមិស្រុកផងឱ្យជួយព្យាបាលជំងឺ ដោះអំពើផ្លូវងងឹត ទស្សន៍ទាយ ស្រោចទឹក លើករាសីក្នុងការរកស៊ី កាត់គ្រោះជាហូរហែ ។ លើសពីនោះទៀត គាត់ក៏ជាអ្នកប្រោះព្រំបង្កក់រាសីដល់មេមត់ ផ្សេងៗទៀតនៅក្នុងស្រុក ក្រៅស្រុក តាមដែលគេជឿជាក់និងគោរពរាប់អាន រហូតដល់គេហៅថា ជា «គ្រូធំ» ។ ដូច្នេះហើយរៀងរាល់ឆ្នាំ គេតែងរៀបចំលៀងមេមត់នៅផ្ទះរបស់គាត់ ព្រោះគេជឿថាមានតែគ្រូធំទេ ដែលអាចការពារយឹតយោងមេមត់ ផ្សេងៗ និងការផ្ចាញ់ផ្ចាល់ពីសភាវៈអាក្រក់មកយាយីបៀតបៀនបាន ។
ក្នុងនាមជាគ្រូធំម្នាក់ អ្នកស្រីគង់ មានតួនាទីមើលថែ ការពារ និងយឹតយោងមេមត់ផ្សេងៗដែលមកលៀងពីពួកសភាវៈអាក្រក់កុំឱ្យបៀតបៀនតាមផ្លូវងងឹត រួមទាំងសម្របសម្រួលដល់មេមត់ខ្លះទៀតដែលទើបមកថ្មី ហើយក៏ជាអ្នកសួរនាំពីបំណង ឬតម្រូវការរបស់ព្រលឹងនៃរូបនោះផងដែរពេលរូបនោះនិយាយអ្វីប្រាប់។ ចំពោះអ្នកស្រី «មេមត់» គ្រាន់តែជាព្រលឹងដូនតាដែលបានស្លាប់ទៅក្លាយជាខ្មោចដែលមានឫទ្ធិអំណាចព្រោះធ្លាប់ជាអ្នករៀនមន្តវិជ្ជាការ ផ្សេងៗកាលនៅរស់ដែលខ្លះកាច ខ្លះស្លូត ក្រមិចក្រមើម រប៉ិលរប៉ូចតាមនិស្ស័យជាមនុស្សកាលនៅរស់ តែមិនមែនវិញ្ញាណអាក្រក់ ស្មោកគ្រោក ដើរធ្វើបាបកូនចៅ ឬអ្នកណាផ្សេងនោះទេ ។
ព្រលឹងទាំងនេះតែងតែនៅជាមួយកូនចៅណាម្នាក់ក្នុងគ្រួសារដែលមាននិស្ស័យជាមួយ ហើយទាមទារឱ្យយើងជាអ្នកកាន់ អ្នកស្នងរូបគោរព រំឭកនឹកគុណ មិនឱ្យធ្វើអ្វីដែលអាក្រក់ និងរៀបគ្រឿងរណ្តាប់តាមអ្វីដែលត្រូវការ ហើយចង់រាំរែកឱ្យសប្បាយរីករាយតែប៉ុណ្ណោះ ។ បើយើងធ្វើតាមបាន យើងក៏សុខសប្បាយ តែបើយើងល្មើស ធ្វើអាក្រក់ ខុសប្រពៃណី មិនអើពើនឹងធ្វើឱ្យអ្នកនោះ ឬកូនចៅមានជំងឺតម្កាត់ ឬរកស៊ីមិនសូវធូរធារ តែបើយើងដឹង ហើយកែខៃវិញ នោះនឹងបានល្អប្រសើរ ។
អ្នកស្រីគង់ រៀបរាប់ដោយអឹមអៀននិងអស់សំណើចថា ពេលចូលរូបអត់ខ្មាសទេ ឮតែភ្លេងពិណពាទ្យ គឺចង់តែរាំទ្រាំមិនបាន ទាំងតាមធម្មតាអ្នកស្រីជាមនុស្សអៀនច្រើន សុភាព មិនចេះរាំរែកសូម្បីបន្តិច ។ អ្នកស្រីនឹងបន្តជំនឿនេះរហូត ព្រោះជំនឿនេះធ្វើឱ្យអ្នកស្រី គ្រួសារ និងស្រុកភូមិមានក្ដីសុខ ហើយក៏មិនជឿដែរថា ជំនឿនេះនឹងបាត់បង់ពីទឹកដីអង្គរ ព្រោះមានកូនចៅច្រើនណាស់ចាំគោរពប្រតិបត្តិ និងជឿជាក់ ហើយវាជាផ្នែកមួយដ៏សំខាន់ដែលមិនអាចបោះបង់ចោលបានក្នុងការរស់នៅ ។
ចំណែកអ្នកស្រីប្រាក់ ដែលមានឈ្នួរកាន់យូរឆ្នាំហើយដែរនោះ ក៏មកលៀងរាល់ឆ្នាំដែរបានប្រាប់ថា យើងមានឈ្នួរ ឬគ្រូកំណើតកាន់ គឺយើងចេះតែឈឺនេះ ឈឺនោះ ទៅពេទ្យក៏មិនជា លេបថ្នាំក៏មិនត្រូវ ក៏ទៅឱ្យគ្រូដែលចេះទស្សន៍ទាយមើល ទើបដឹងថា យើងទាស់អី ខ្វះអីលុះពេលដឹងថា ជាគ្រូកំណើតឬឈ្នួរហើយ គេត្រូវការបែបម៉េច ត្រូវការអ្វីខ្លះ ក៏រៀបទៅតាមគេតម្រូវ មិនចេះតែធ្វើតាមចិត្តនោះទេ ។ ការរៀបជម និងគ្រឿងរណ្តាប់សម្រាប់គ្រូកំណើតនិងឈ្នួរ គឺខុសគ្នា ។ បើយើងរៀបត្រូវ ពេលរូបចូលមកក៏រាំរែកសប្បាយរីករាយ បង្អួតបង្ហាញគេ ហើយលើកមកថើបដោយក្តីស្រឡាញ់ ហើយរូបកាយអ្នកស្នងក៏ស្រឡះខ្លួន ជាសះស្បើយពីជំងឺ។
ផ្ទុយទៅវិញ បើរៀបចំគ្រឿងរណ្តាប់មិនត្រូវ ពិសេសជមគឺមេមត់មិនចូលរូបឡើយ ឬចូលតែយំ មិនរាំលេង បោកប្រាស់ ក្រញេក្រញូវ ដែលគេថា «មេមត់ង៉ក់» ហើយធ្វើឱ្យរូបកាយអ្នកស្នងមិនជាស្រួលខ្លួនដែរ ។
អ្នកស្រីទិត្យ ហៀម មានទាំងឈ្នួរយាយតាកាន់ផង គ្រូកំណើតកាន់ផងជាង២០ឆ្នាំមកហើយ ។ គាត់មិនដែលខកខានទេក្នុងការមកលៀងមេមត់ ដើម្បីឱ្យគ្រូកំណើត និងឈ្នួរបានរាំរែកសប្បាយពេលដល់ខែដល់រដូវ ។ អ្នកស្រី បញ្ជាក់ថា ឈ្នួរ គឺតមកពីម៉ែពីឪ យាយតា ហើយត្រូវរាំរែកជាប់រាល់ឆ្នាំ ឯគ្រូកំណើត គឺជាគ្រូដែលយើងបានទៅរៀនសូត្រធម៌មន្តវិជ្ជាការជាមួយ ឬទៅឱ្យកាត់មើលជំងឺឱ្យ លុះពេលគាត់ស្លាប់ទៅ គ្រូគាត់ក៏នឹងមកទុំ(នៅជាមួយ) យើង តែវាមិនទាំងអស់ទេ អាស្រ័យលើនិស្ស័យ ហើយគ្រូកំណើត គឺរាំ៣ឆ្នាំម្តង ។
បើទោះបីមានវ័យជាង៥០ឆ្នាំទៅហើយក៏ដោយ ក៏អ្នកស្រីប្រកាន់ជំហរយ៉ាងមុតមាំមិនបោះបង់ចោលការចូលរូប មិនបោះបង់ចោលព្រលឹងដូនតា ឬចងឈ្នួរចោលដែរ ព្រោះវាបាប វាធ្វើឱ្យយើងឈឺ វាដូចជាយើងបង្អត់បាយបង្អត់ទឹកដូនតា ម៉ែឪយើងឱ្យក្តៅក្រហាយ ណាមួយវាក៏មិនលំបាកអីផង មួយឆ្នាំរៀបចំពិធីតែម្តង ហើយកូនចៅក៏គាំទ្រនិងជួយជ្រោមជ្រែងក្នុងការមករៀបចំពិធីលៀងមេមត់នេះទៀត ! បើយើងគោរពតាម យើងក៏ស្រឡះរូបស្រឡះអង្គ កូនចៅសុខសប្បាយ និងជាទំនៀមទម្លាប់ពីបុរាណផង» ។
ពិធីលៀងមេមត់គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្នុងតំបន់អង្គរ ព្រោះវាជាផ្នែកមួយនៃការរស់នៅរបស់ពួកគាត់ទាក់ទងនឹងជំនឿដែលផ្តាច់មិនបាន បើទោះបីវិទ្យាសាស្ត្រនិងផ្នែកសុខាភិបាលមានការរីកចម្រើនខ្លាំងក្តី ។ លើសពីនោះទៀត ក៏បង្ហាញពីការដឹងគុណចំពោះបុព្វបុរសជាគ្រូបាចារ្យ ជាឪពុកម្តាយដែលបានចែកឋានទៅហើយផងដែរ មិនថាគាត់ទៅជាអ្វី ក៏នៅតែកូនចៅរាប់រកជានិច្ច ។
ការចូលរួម ភាពជឿជាក់ និងការឃើញរឿងហេតុអស្ចារ្យនៅក្នុងពិធី ជាអ្វីដែលធ្វើឱ្យពួកគាត់យល់ថា វត្ថុស័ក្ដិសិទ្ធិ និងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ មិនសាបសូន្យទៅណា ។ ការប្រតិបត្តិទាំងនេះជាការរួមចំណែកមួយក្នុងការថែរក្សាមរតកជំនឿឱ្យនៅតែមានជីវិតគ្រប់ជំនាន់ និងបញ្ជាក់ពីកំណើត អត្តសញ្ញាណរបស់ជាតិខ្មែរ ដែលមិនគួរឱ្យបាត់បង់តាមពេលវេលា ៕
ចែករំលែកព័តមាននេះ