ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​រដ្ឋសភា​អង់គ្លេស​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​នៃ​ចក្រភព​អង់គ្លេស លោក អែ​ដ វៃ​ហ្សី (Edward Vaizey) បាន​កោតសរសើរ​អំពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ដោយ​លោក​មិន​បាន​គិត​ថា…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​នៃ​ចក្រភព​អង់គ្លេស លោក អែ​ដ វៃ​ហ្សី (Edward Vaizey) បាន​កោតសរសើរ​អំពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ដោយ​លោក​មិន​បាន​គិត​ថា មានការ​អភិវឌ្ឍ​ដល់​កម្រិត​នេះ ។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ពាណិជ្ជកម្ម​ជាមួយ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក អែ​ដ វៃ​ហ្សី និង​បាន​ជម្រាប​ជូន​ត្រួស​ៗ​ពី​ស្ថានភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ផ្ដោត​លើ​ការ​វិនិយោគ​មួយ​ចំនួន​ក្នុង​វិស័យ​សំណង់ សម្លៀក​បំពាក់ ជា​ពិសេស​ក្រុមហ៊ុន Marks and Spencer ដែល​បាន​បញ្ជា​ទិញ​ក្នុង​កម្រិត​ធំ​មួយ​ផង​ដែរ​ពី​រោងចក្រ​នៅ​កម្ពុជា។

លោក អែ​ដ វៃ​ហ្សី បាន​ជម្រាប​ជូន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា ហើយ​បាន​កោតសរសើរ​អំពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា ដោយ​លោក​មិន​បាន​គិត​ថា មានការ​អភិវឌ្ឍ​ដល់​កម្រិត​នេះ ។ លើស​ពី​នេះ​ទៀត លោក​ក៏​បាន​យល់​ច្បាស់​បន្ថែម​ទៀត​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ជួប​ជាមួយ​វិនិយោគិន​អង់​គ្លេស​មួយ​ចំនួន ។

ក្រៅពី​នេះ លោក​បាន​កត់សម្គាល់​លើ​វិស័យ​មួយ​ចំនួន​ដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​​ទាក់ទាញ​វិនិយោគិន​បន្ថែម​ទៀត​រួម​មាន សុខាភិបាល កសិកម្ម ជា​ពិសេស​ម្រេច បច្ចេកវិទ្យា ទេសចរណ៍ និង​សំណង់ ។

ក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្ដិ ក៏​បាន​លើក​ឡើង​អំពី​គោលបំណង​មួយ​ចំនួន​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹតតែ​ប្រសើរ​ថែម​ទៀត តាម​រយៈ​ការ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចក្រភព​អង់គ្លេស កិច្ចសហការ​បច្ចេកទេស និង​ការ​ជំរុញ​ឲ្យ​មាន​វិនិយោគិន​មក​ពី​ចក្រភព​អង់គ្លេស​បន្ថែម​ទៀត ។

ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ជា​ការ​ចង់​បាន​របស់​កម្ពុជា ដោយ​យោង​លើ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប ដើម្បី​ធានា​បានការ​អនុគ្រោះ​ពន្ធគយ​នានា​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)» របស់​សហគមន៍​អឺរ៉ុប ។

សម្រាប់​​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​វិស័យ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក អប់រំ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។ ចំពោះ​ការ​វិនិ​យោគ​វិញ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ទីតាំង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ស្ថិត​នៅ​ចំ​កណ្ដាល​អាស៊ាន ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អាស៊ាន និង​ដៃគូ​ដទៃ​ទៀត​ក្នុង​តំបន់ និង​ពិភពលោក ។ លើស​ពី​នេះ បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា ជា​ពិសេស ការ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​កាន់កាប់​ក្រុមហ៊ុន​១០០% ជា​ចំណុច​ទាក់ទាញ​ផង​ដែរ ។ ម្យ៉ាងវិញទៀត ដោយ​ក្រុមហ៊ុន​មក​ពី​ចក្រភព​អង់គ្លេស​មាន​ជំនាញ ស្ដង់ដា និង​បច្ចេកវិទ្យា​ខ្ពស់ នោះ​នឹង​ផ្ដល់​ជូន​នូវ​ផល​ចំណេញ​បន្ថែម​ទៀត​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ក្នុងស្រុក​។ ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​កម្មន្ដសាល​កម្ម​ធុន​ស្រាល និង​ការ​ដំឡើងរថយន្ត​នៅ​កម្ពុជា​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោក អែ​ដ វៃ​ហ្សី បាន​ទទួលយក​នូវ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី ហើយ​សន្យា​ថា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​បន្ត​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ