ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​កែប​លែង​អនុញ្ញាត​ឱ្យ​អាជីវករ​យក​ដើមឈើ​ធ្វើ​អាជីវកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កែប ៖ បន្ទាប់​ពី​មានការ​រិះគន់​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ​ក្រាលកន្ទេល លក់​ម្ហូបអាហារ និង​ចង​អង្រឹង​ក្រោម​ដើមឈើ​គិតលុយ​ពី​ភ្ញៀវ​ទេសចរ​នោះ ពេល​នេះ អាជ្ញាធរ​ខេត្ត​កែប​បាន​ប្រកាស​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​បែប​នេះ​ទៀត​ទេ ចាប់ពី​ឆ្នេរ​រូបសំណាក​ស្រី​ស ដល់​រូបសំណាក​ព្រះ​នាង​លក្ខណ៍​ស្មី…

ខេត្ត​កែប ៖ បន្ទាប់​ពី​មានការ​រិះគន់​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឲ្យ​បងប្អូន​អាជីវករ​ក្រាលកន្ទេល លក់​ម្ហូបអាហារ និង​ចង​អង្រឹង​ក្រោម​ដើមឈើ​គិតលុយ​ពី​ភ្ញៀវ​ទេសចរ​នោះ ពេល​នេះ អាជ្ញាធរ​ខេត្ត​កែប​បាន​ប្រកាស​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​បែប​នេះ​ទៀត​ទេ ចាប់ពី​ឆ្នេរ​រូបសំណាក​ស្រី​ស ដល់​រូបសំណាក​ព្រះ​នាង​លក្ខណ៍​ស្មី លេង​ពិណ ។ នេះ​បើ​យោង​តាម​មន្ត្រី​អាជ្ញាធរ ខេត្ត ។

លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ តាម​ទូរស័ព្ទ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ អាជីវករ​មិន​អាច​ក្រាលកន្ទេល​លក់​ចំណីអាហារ ចង​តង់ និង​អង្រឹង​ក្រោម​ដើមឈើ​ជួល ឬ​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ទៀត​ទេ ចាប់ពី​ឆ្នេរ​រូបសំណាក​ស្រី​ស រហូត​ដល់​រូបសំណាក​ព្រះ​នាង​លក្ខណ៍​ស្មី លេង​ពិណ​។ ប៉ុន្តែ​ចាប់ពី​ផ្សារ​ក្ដាម មក​ដល់​រូបសំណាក​ស្រី​ស គឺ​អាជ្ញាធរ​អនុគ្រោះ តែ​មិនមែន​អនុញ្ញាត​ឡើយ ។

លោក​ថ្លែង​ថា ៖« តាម​ពិត​ទៅ ខេត្ត​មិន​ឲ្យ​មានការ​ក្រាលកន្ទេល ឬ​យក​ដើមឈើ​ជា​កម្ម​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឯកជន​ឡើយ គឺ​ពួក​គាត់​ឆ្លៀតឱកាស​ពេល​គ្មាន​សមត្ថកិច្ច​នៅ​ឈរ​យាម ប៉ុន្តែ​យើង​ពិបាក​ណាស់ មួយ​ចោរ មួយ​ប៉ូលិស ពេល​យើង​ប្រមូល​នៅ​មុខ គាត់​ទៅ​ដាក់​នៅ​ក្រោយ ពេល​ប្រមូល​ពីក្រោយ គាត់​យក​ទៅ​ដាក់​នៅ​មុខ​។ កន្លង​មក យើង​ហាម​គាត់​រហូត​រឿង​យក​កន្លែង​សាធារណៈ​ធ្វើ​ជា​របស់​ឯកជន តែ​យើង​មិន​ដាច់​ចិត្ត ។ ឥឡូវ យើង​សាក​គិត​បែប​នេះ​វិញ​ថា កំពុង​តែ​ហូប​បាយ ហើយ​មាន​អ្នក​យក​ចាន​បាយ​យើង​ទៅ​បោះចោល តើ​គិត​យ៉ាងម៉េច​វិញ​ទៅ​ចឹ​ង ? » ។

ទោះបី​យ៉ាងនេះ​ក្ដី លោក​ថា ដោយសារ​ការ​អនុគ្រោះ​ដល់​បងប្អូន​អាជីវករ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​ឆ្នេរកែប​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​មាន​អ្នកលក់​ច្រើន​ទៅ​ៗ និង​កាន់តែ​ធ្វើ​ឲ្យ​ខូច​សោភ័ណ​ភាព​ខ្លាំង​ឡើង ជា​ពិសេស ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ដែល​គាត់​មក​លំហែ​កម្សាន្ត ស្ទើរតែ​គ្មាន​កន្លែង​សម្រាប់​ឲ្យ​គាត់​អង្គុយ​លេង​ផង ។

លោក​បន្ដ​ថា ៖« បើ​នៅ​តែ​បន្តសកម្មភាព​បែប​នេះ​ទៀត ច្បាស់​ជា​ភ្ញៀវ​ទេសចរ​មិន​អាច​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ និង​ទស្សនា​សម្រស់​ឆ្នេរកែប​បាន​ទៀត​ទេ ព្រោះ​ក្រឡេក​ទៅ​ណា​ឃើញ​តែ​អ្នកលក់ និង​ក្លិន​ម្ហូបអាហារ ។ ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​ខេត្ត​នឹង​មិន​អនុ​ញ្ញាត​ឲ្យ​ក្រាលកន្ទេល​លក់​អាហារ​ចំណី ចង​តង់ និង​អង្រឹង​ក្រោម​ដើមឈើ ចាប់ពី​ឆ្នេរ​រូបសំណាក​ស្រី​ស ដល់​រូបសំណាក​ព្រះ​នាង​លក្ខណ៍​ស្មី លេង​ពិណ ជា​ដាច់ខាត ! » ។
ចំណាត់ការ​នេះ មន្ត្រី​ពាក់ព័ន្ធ និង​ក្រុមការងារ​បាន​ចុះ​ទៅ​សម្រួល និង​មានការ​ដក​ចេញ​ជា​បណ្ដើរ​ៗ​ហើយ ប៉ុន្តែ​មិន​ប្រាកដ​ថា អាច​ទប់ស្កាត់​បាន​ប៉ុន្មាន​ភាគរយ​នោះទេ ។

លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នា​ពេល​ថ្មី​ៗ​ថា បញ្ហា​ការ​ជួល​កន្ទេល ឬ​អង្រឹង​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ឆ្នេរកែប គឺ​ខេត្ត​មិន​មាន​គោល​ការណ៍ ឬ​តម្រូវ​ឲ្យ​ធ្វើ​ឡើយ ។

លោក ប៉ុក ទាំង ថ្លែង​ដូច្នេះ​ថា ៖« តាម​ពិត ខេត្ត​កែប​សម្រាប់​ថ្ងៃ​ធម្មតា គឺ​មិន​ឲ្យ​អ្នក​ណា​ក្រាលកន្ទេល​នៅ​ក្រោម​ម្លប់ឈើ ឬ​នៅ​តាម​មាត់​ឆ្នេរ​ទេ ។ នេះ​ជា​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត តែ​ត្រង់​ថា អ្នក​ដែល​ឆ្លៀត​លួច​ក្រាលកន្ទេល​ហ្នឹង​គឺ​មាន​ពេល​លួច ភាគ​ច្រើន​ពេល​ល្ងាច ឬ​ជិត​យប់ ហើយ​ខេត្ត​បាន​ដាក់​វិធានការ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ តែ​នៅ​មិន​អាច​ទប់​ឈ្នះ​បាន » ។

លោក​បញ្ជាក់​ថា ៖« រហូត​មក​ដល់​ឥឡូវនេះ ពេល​ដែល​ខេត្ត​បាន​បំពាក់​ភ្លើង​នៅ​តាម​ផ្លូវ​ភ្លឺ​ស្អាត​អស់ហើយ ពួក​គាត់​ឆ្លៀត​មក​ដាក់​កន្ទេល​ជួល​ពេល​យប់​ទៀត ដែល​ពី​មុន​មិន​ធ្លាប់​មាន​សោះ ហើយ​ខាង​ខេត្ត ក៏​មិន​ដែល​បាន​ទទួល​ថវិកា​ពី​ពួក​គាត់​ឡើយ ប៉ុន្តែ​សំខាន់ គឺ​នៅ​លើ​ឆ្នេរ ដាច់ខាត​មិន​ឲ្យ​មានការ​ជួល​កន្ទេល​ឡើយ » ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទីតាំង​ក្រាលកន្ទេល ឬ​អង្រឹង និង​តម្លៃ​ម្ហូបអាហារ មន្ទីរ​ជំនាញ​បាន​ចេញ​ជា​សេចក្តី​ប្រកាស​រួម​មួយ​រវាង​ក្រសួងទេសចរណ៍ និង​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​ការ​កំណត់​តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​នៅ​មាន​អាជីវករ​មួយ​ចំនួន​ឆ្លៀតឱកាស​ធ្វើ​ខុស​ពី​ការ​ណែនាំ​របស់​មន្ទីរ​ជំនាញ​ដដែល ។

លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​បញ្ជាក់​បន្ថែម​ថា ៖« យើង​បាន​ណែនាំ​រហូត​ឲ្យ​មន្ទីរ​ជំនាញ​ចេញ​ជា​សេចក្តី​ប្រកាស​រួម​មួយ​រវាង​ក្រសួងទេសចរណ៍ និង​ក្រសួង​ហិរញ្ញ​វត្ថុ ឲ្យ​កំណត់​តម្លៃ​ត្រឹមត្រូវ ហើយ​កន្លង​មក នៅ​ពេល​អាជ្ញាធរ និង​សមត្ថកិច្ច​មាន​ជំនាញ​ចុះ​ទៅ​ឆែក ក្រុម​អាជីវករ​ទាំងនោះ​យក​បញ្ជី​មក​បង្ហាញ​មែន តែ​ពេល​ភ្ញៀវ​ទៅ​ហូប គាត់​យក​បញ្ជី​ផ្សេង​ដែល​មិនមែន​ជា​តម្លៃ​ខាង​ជំនាញ​បាន​កំណត់​ទៅ​វិញ » ។

ជាមួយ​គ្នា​នេះ លោក សោម ពិសិដ្ឋ ក៏ បាន​អំពាវនាវ​ដល់​អាជីវករ​ក្នុង​ផ្សារ​ក្ដាម​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ និង​វេច​ខ្ចប់​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ក្រុម​អនាម័យ​របស់​ខេត្ត​ងាយស្រួល​ក្នុង​ការ​ប្រមូល ហើយ​សូមកុំ​បន្ត​យក​តម្លៃ​ហួស​នូវ​អ្វី​ដែល​យើង​បាន​កំណត់ ជា​ពិសេស កុំ​ស៊ី​ភ្នែកជញ្ជីង​របស់​ភ្ញៀវ បើ​១​គីឡូក្រាម សូម​ឲ្យ​បាន​១០
ខាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ