ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ស៊ី​ម៉ាក់ និង​អតីត​បុគ្គលិក CBDបាន​ទទួល​ការ​បណ្តុះបណ្តាល

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់​មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព មិន​ទាន់​បាន​២០​ឆ្នាំ​ពេញលេញ​នៅឡើយ​ទេ…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ី​ម៉ាក់​មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព មិន​ទាន់​បាន​២០​ឆ្នាំ​ពេញលេញ​នៅឡើយ​ទេ បើ​យើង​គិត​ពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ដែល​ជា​ថ្ងៃ​បាន​កំណត់​ថា កម្ពុជា​មាន​សុខ​សន្តិភាព ។

បើ​យើង​ប្រៀបធៀប ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ភ្នក់ភ្លើងសង្គ្រាម រយៈពេល ៣៥​ឆ្នាំ គឺ​នៅ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ លោក​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​បើក​វគ្គ បណ្តុះបណ្តាល មូលដ្ឋាន​គ្រិះ​បច្ចេកទេស​បោសសំអាត​មីន ជំនាន់​ទី​១៣៤ និង​១៣៥ នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ឯកឧត្តម​បាន​បន្ត​ថា ប្រទេស​កម្ពុជា​បាន​ផ្ទុះ​សង្គ្រាម​ពេញទំហឹង​នៅ​ឆ្នាំ​១៩៧០ បន្ទាប់​ពី​មានការ​ធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​សង្គ្រាមស៊ីវិល​បាន​កើត​តាំង​មុន​ពេល​នោះ​មក​ម្លេះ ។ ពេល​នោះ​ហើយ​ដែល​កម្ពុជា​បាន​រង​ការ​ទម្លាក់​គ្រាប់បែក និង​នាំ​ចូល​អាវុធ​យុទ្ធ​ភ័​ណ្ឌ​យ៉ាងច្រើន​ពី​កងទ័ព​អា​មេ​រិ​ក ដែល​គាំទ្រ​ទាហាន​លន់ ណុ​ល ។ សព្វ​ថ្ងៃនេះ គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ រួម និង​គ្រាប់បែក​ដែល​ទម្លាក់​ពី​យន្តហោះ កប់​ក្នុង​ដី​រាយ​ប៉ាយ​ទូ​ទាំង​ប្រទេស​កម្ពុជា នៅ​តែ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះជា​បន្តបន្ទាប់ ។

ចំណែក​ថ្មី​ៗ​នេះ យើង​បាន​រក​ឃើញ​គ្រាប់បែក​ទម្លាក់​ពី​យន្ត​ដែល​មាន​សារធាតុ​គីមី របស់​សហរដ្ឋអាមេរិក​ទៀត​ផង ។ ឯកឧត្តម​បាន​បញ្ជាក់​ថា ថ្ងៃនេះ ប្អូន​ៗ ដែល​ជា​កូន​របស់​បុគ្គលិក​ស៊ី​ម៉ាក និង​អតីត​បុគ្គលិក CBD បាន​ចូល​មក​ទទួល​ការ​បណ្តុះបណ្តាល មូលដ្ឋាន​គ្រឹះ​បច្ចេកទេស​បោសសំអាត​មីន សូម​យកចិត្តទុកដាក់​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ល្អ ព្រោះថា បើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​សូត្រ​ទេ​នឹង​ធ្លាក់​ពី​ការ​សិក្សា មិន​ទទួល​បានជា​បុគ្គលិក ស៊ី​ម៉ាក់​ពេញ​សិទ្ធ​ឡើយ ។ ម្យ៉ាងវិញទៀត បើ​យើង​ប្រ​ហេ​ស យើង​នឹង​ទទួល​គ្រោះថ្នាក់​ក្នុង​ពេល​បំពេញភារកិច្ច​ដែរ ។ រយៈពេល​២​ខែ​នៃ​ការ​សិក្សា​នៅ​ពេល​នេះ​គ្រាន់តែ​ជា​ជំហាន បូ​ង​តែ​ប៉ុណ្ណោះ ក្រោយ​ពី​បញ្ចប់​វិទ្យាស្ថាន​នេះ​ទៅ​ប្អូន​ៗ​ត្រូវ​ដើរ​តាម​ក្រោយ​អ្នកជំនាញ ដើម្បី​សិក្សា​ជាក់ស្តែង​បន្ថែម​ទៀត រយៈពេល​ជាង​១​ឆ្នាំ ទើប​មាន​ជំនាញ​គ្រប់គ្រាន់ ដែល​អាច​បណ្តោយ​ឲ្យ​ធ្វើ​ការងារ​នេះ​តែ​ម្នាក់ឯង​បាន ។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ហេង រតនា ក៏​បាន​ផ្តាំផ្ញើ​ដាច់ខាត មិន​ត្រូវ​យក​ប្រាក់​ទៅ​សូក​គ្រូបង្ហាត់ ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ ឬ​ដើម្បី​ជាប់​ក្នុង​ក្រប​ខណ្ឌ ស៊ី​ម៉ាក់​ជា​ដាច់ខាត ។

យោង​របាយ​ការ​ដែល​អាន​ដោយ​លោក អ៊ុំ សុ​ជាតិ ប្រធាន​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា សិក្ខាកាម​ដែល​មក​ទទួល​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​បោសសំអាត​មីន ជំនាន់​ទី ១៣៤-១៣៥ នៅ​ពេល​នេះ​មាន​ចំនួន ៨១​នាក់ ក្នុង​នោះ ជា​កូន​បុគ្គលិក​ស៊ី​ម៉ាក ចំនួន​៧៤​នាក់ ស្រី​១៨​នាក់ និង​អតីត​បុគ្គលិក CBD ចំនួន​៩​នាក់ ដោយ​សិក្សា​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ទី ១៩ ខែកុម្ភៈ​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ