ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីវ័យក្មេង​​ម្នាក់ ហ៊ានប្តឹង​ប្រពន្ធ​លោក​អធិការ​​ស្រុក​

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​វ័យក្មេង​ម្នាក់ បាន​ជិះរថយន្តក្រុង​ពី​ស្រុក​សូទ្រនិគម ​មក​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត ដើម្បី​ប្តឹង​ភរិយា​លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ពី​ករណី​គំរាមកំហែង​វ៉ៃ​ខ្នោះ ប្រមាថ​ចាប់​ដាក់គុក និង​ចាក់សោ​មិន​ឱ្យ​ចូល​ផ្ទះ ដោយ​គ្រាន់តែ​រឿង​ជំពាក់​លុយ​២​លាន​រៀល​ប៉ុណ្ណោះ…

ខេត្តសៀមរាប ៖ ស្ត្រី​វ័យក្មេង​ម្នាក់ បាន​ជិះរថយន្តក្រុង​ពី​ស្រុក​សូទ្រនិគម ​មក​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត ដើម្បី​ប្តឹង​ភរិយា​លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ពី​ករណី​គំរាមកំហែង​វ៉ៃ​ខ្នោះ ប្រមាថ​ចាប់​ដាក់គុក និង​ចាក់សោ​មិន​ឱ្យ​ចូល​ផ្ទះ ដោយ​គ្រាន់តែ​រឿង​ជំពាក់​លុយ​២​លាន​រៀល​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​មុខ​ស្នងការដ្ឋាន​ខេត្ត កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ។ ស្ត្រី​ដែល​មក​ប្តឹង​ប្រពន្ធ​អធិ ការ​នគរបាល​ស្រុក​សូទ្រនិគម​នេះ​ឈ្មោះ ម៉ៅ ណែ​ត អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រ និគម ។

ស្ត្រី​រូប​នេះ​និយាយ​ថា កាលពី​រសៀល​ថ្ងៃ​ទី១៥ ​ កុម្ភៈ​ ថា អ្នកស្រី​ពៅ ប្រពន្ធ​លោក ណុ​បសា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម បានហៅ​កម្លាំង​នគរបាល​មួយ​ក្រុម​មក​ផ្ទះ​ជួល​របស់​នាង និង​យក​រថយន្ត​មក​បិទមុខ​ផ្ទះ ព្រមទាំង​យក​សោ​ថ្មី​មក​ចាក់​មិន​ឱ្យ​នាង​ចូល​ផ្ទះ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​គំរាម​ចាប់​នាង​ដាក់​ខ្នោះទៀត​ផង ដោយ​គ្រាន់តែ​រឿង​នាង​ជំពាក់​លុយ​ចំនួន​២​លាន​រៀល​ប៉ុណ្ណោះ ។ ស្ត្រី​វ័យក្មេង​រូប​នេះ​រៀប​រាប់​ទៀត​ថា រឿង​ជំពាក់​លុយ​នោះ​នាង​ព្រម​សង​ហើយ ប៉ុន្តែ​អ្នកស្រី ប្រពន្ធ​លោក​អធិការ​នោះ​វិញ គឺ​ទារ​ទៅ​តាម​អ្វី​ដែល​គាត់​បាន​កំណត់ ក្នុង​មួយ​ថ្ងៃ​ត្រូវ​បង់​ឱ្យ​គាត់​២​ម៉ឺន​រៀល​។ ពេល​នោះ នាង​ក៏​ព្រម​សង​ទៅ​តាម​ការ​កំណត់​នោះ ប៉ុន្តែ​បែរជា​ប្រពន្ធ​លោក​អធិការ​នៅ​តែ​មិន​ព្រម​ទៀត ដោយ​ចង់​ចាក់សោ​មិន​ឱ្យ​នាង​ចូល​ផ្ទះ​និង​គំរាម​ចាប់​វ៉ៃ​ខ្នោះ​ទៀត​បើ​មិន​ព្រម​សង​លុយ ។

ស្ត្រី​រូប​នេះ​និយាយ​ថា ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​រូប​នាង​កើតទុក្ខ​មិន​សុខចិត្ត និង​សម្រេចចិត្ត​មក​ប្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពី​បទ​គំរាមកំហែង​វ៉ៃ​ខ្នោះ​និង​មិន​ឱ្យ​នាង​ចូល​ផ្ទះ ។ ចំពោះ​ករណី​នេះ នាង​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​ដុល្លារ ព្រមទាំង​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ចំណែក​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​សូទ្រនិគម​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ករណី​រឿង​ជំពាក់​លុយ​គឺ​ត្រូវ​សង​លុយ មិនមែនចេះ​តែ​ដើរ​ជេរ ឬ​ប្រមាថ​ចាប់​វ៉ៃ​ខ្នោះ ចាក់សោ​ផ្ទះគេ​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួន​នោះ​ទេ ។ បើ​តាម​ច្បាប់​វិញ ជំពាក់​លុយ​គឺជា​រឿង​រដ្ឋប្បវេណី​មិនមែន​ព្រហ្មទណ្ឌ​ទេ គ្រាន់តែ​រឿង​លុយ​២​លាន​រៀល
សោះ​ធ្វើ​ឱ្យ​ប្តី​ខ្មាស​គេ​ពេញ​ស្រុក​តែ​ម្តង ហេតុតែ​មាន​លុយ​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ។

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​។ ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក ហង្ស សុ​ផាត​ភារ​ម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត
បានឱ្យ​ដឹង​ថា លោក​បាន​ទទួលបញ្ជា​ពី​លោកស្នងការ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ដល់​ស្រុក​សូទ្រនិគម​ឱ្យ​បាន​ជាក់ស្តែង ដើម្បី​ជួយ​រក​ភាព​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ ។ លោក​បន្ត​ថា រឿង​នោះ​ពិតជា​មានករណី​អុ​ី​ចឹ​ង​មែន ហើយ​លោក​​កំពុង​ស្រាវជ្រាវឱ្យ​ច្បាស់​សិន ​ទើប​ចាត់ការ ។

មិន​នឹក​ស្មានថា ជំពាក់​លុយ​ត្រឹម​២​លាន​រៀល​សោះ ហេតុ​អ្វី​ក៏​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​រំលោភ​បំពានបែប​​នេះ ។ បើ​និយាយ​ឲ្យ​ចំ​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​មុខមាត់​ប្តី​ដែល​ជា​អធិការ​នគរបាល និង​ជាអ្នក​​អនុវត្ត​ច្បាប់​។ ពិត ជា​មានការ​សោកស្តាយ​ដែលការ​ស្វែងរក​ការ​បំភ្លឺ​ពី​សំណាក់​លោក​អធិការ ឬ​ភរិយា​របស់​​លោក​មិន​អាច​ទាក់​ទង​បាន ៕​

អត្ថបទសរសេរ ដោយ