ចម្ការ​ឈូករ័ត្ន​​បង្ហាញ​សម្រស់​​ផ្អើល​អស់​សង្គម​ហ្វេសប៊ុក​ភ្លូក​ទឹក​ភ្លូក​ដី​មកកម្សាន្ដ


ខេត្ត​ត្បូងឃ្មុំ ៖ ថ្មី​ៗ​នេះ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​បង្ហោះ​ត​ៗ​គ្នា​ពី​ចម្ការ​ផ្កាឈូករ័ត្ន​មួយ​កន្លែង​កំពុង​បង្អួត​សម្រស់​ស្រស់​ឆើតឆាយ ធ្វើ​ឲ្យ​អ្នក​បានឃើញ​កើតទុក្ខ​មិន​សុខចិត្ត ក៏​បាន​សួរនាំ​មិត្តភក្តិ​ត​ៗ​គ្នា ទីបំផុត​ទើប​ដឹង​ថា ចម្ការ​ឈូករ័ត្ន​នេះ​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​កំពង់ចាម​ប៉ុន្មាន​ទេ ។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ជី​រោទ៍​ក្រោម​ទី​២ ឃុំ​ជី​រោទ៍​ក្រោម​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ លោក​អ្នក​នឹង​ឃើញ​ចម្ការ​ផ្កាឈូករ័ត្ន​មួយ​ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​អង្គការ «OBT» ជាប់​នឹង​ដង​ទន្លេមេគង្គ ដែល​កំពុង​តែ​ទាក់ទាញ​អ្នកដំណើរ​មក​លេង​កម្សាន្ត​រាល់ថ្ងៃ​មិន​ដាច់ តាំងពី​ព្រឹក​ដល់​ល្ងាច ។

អ្នកគ្រូ​បង្រៀន​ម្នាក់​ដែល​បាន​មក​ដល់​ចម្ការ​នេះ បាន​រៀបរាប់​ទាំង​មុខ​ញញឹម កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​មាន​គេ​បង្ហោះ​ចែកចាយ​ត​គ្នា​នៅ​ក្នុង​ចម្ការ​ផ្កាឈូករ័ត្ន ដែល​មើលទៅ​ពិត​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់ និង​ចង់​មក​លេង​នឹង​គេ តែ​មិនដឹង​ថា​នៅ​កន្លែង​ណា ។

អ្នកគ្រូ​បន្ដ​ថា ៖« ដោយសារ​មិន​អស់ចិត្ត ក៏​Comment​សួរនាំ ទើប​ដឹង​ថា ចម្ការ​ឈូករ័ត្ន នេះ​ស្ថិត​នៅ​ក្នុង​អង្គការ​«OBT» ហើយ​ក៏​នាំ​គ្នា​មក​លេង​។ ពេល​មក​ដល់ ឃើញ​ថា​ពិតជា​សប្បាយ និង​ស្រស់ស្រាយ​ណាស់ ហើយ​នេះ​ជា​លើក​ទី​១​ក្នុង​ជីវិត ដែល​ទើបតែ​បាន​ឃើញ​​ផ្កា​រីក​ស្រស់​បែប​នេះ » ។

អ្នកគ្រូ​ថា លើក​ក្រោយ នឹង​នាំ​មិត្តភក្តិ​ជា​ច្រើន​មក​លេង ហើយ​ក៏​ចង់​ឲ្យ​នាយក​អង្គការ​«OBT» ពង្រីក​ការ​ដាំ​ដុះ​ឲ្យ​កាន់តែ​ច្រើន​ជាង​នេះ​បន្ថែម​ទៀត​ដែរ ។

ចំណែក​យុវ​សិស្ស ប៉ុន នី​តា រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​កំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ឃើញ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ចម្ការ​ឈូករ័ត្ន​នោះ គេ​ពិតជា​រំភើប​សប្បាយ​រីករាយ ហើយ​ក៏​បាន​នាំ​មិត្តភក្តិ​ជា​ច្រើន​មក​មើល​ជាក់ស្តែង​តែ​ម្ដង ។

យុវ​សិស្ស ប៉ុន នី​តា និយាយ​ថា ៖« កន្លង​មក ខ្ញុំ​ធ្លាប់តែ​ឃើញ​គេ​បង្ហោះ​នៅ​ខេត្ត​ឆ្ងាយ​ៗ តែ​ពេល​នេះ​ដឹង​ច្បាស់​ថា ចម្ការ​នេះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​កំពង់ចាម ទើប​នាំ​គ្នា​មក​លេង និង​ថតរូប​ទុកជា​អនុស្សាវរីយ៍ ដើម្បី​ចែកចាយ​បន្ត​ដល់​មិត្តភក្តិ​ដែល​មិន​បានដឹង និង​មិន​ទាន់​មក​លេង ឲ្យ​ពួក​គេ​បានដឹង » ។

អ្នកស្រុក​តំបែរ​ម្នាក់ ឈ្មោះ មិត្ត វិច្ឆិកា បាន​ប្រាប់​ថា លោក​បាន​មក​ទិញ​សម្លៀក​បំពាក់​នៅ​ក្រុង​កំពង់ចាម លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​បាន​នាំ​ក្មួយ​ស្រី​ចូល​លេង​ចម្ការ​ឈូក​រ័ត្ន​នេះ ។

លោក​បន្ដ​ថា ៖« ពេល​មក​ឃើញ​ពិតជា​សប្បាយ​រីករាយ ហាក់ដូចជា​បំបាត់​នូវ​ទុក្ខ​ព្រួយ​កង្វល់​ក្នុង​ខ្លួន​ទាំង​ប៉ុន្មាន ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បានឃើញ​ផ្កា​រីក​ច្រើន​យ៉ាង​ដូច្នេះ​។ ពេល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ខ្ញុំ​នឹង​ចែករំលែក​រូបថត​តាម​បណ្ដាញ​សង្គម ដើម្បី​ឲ្យ​អ្នក​ស្គាល់​បានដឹង​នាំ​គ្នា​មក​លេង​ម្ដង ។ ពិសេស​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ខ្ញុំ​នឹង​ទាក់ទាញ​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស​មក​លេង​ឲ្យ​បាន​ច្រើន » ។

លោក ប៉​ត សុផល នាយក​អង្គការ (OBT)​ជា​អង្គការ​បណ្តុះបណ្តាល​ថ្នាក់​មូលដ្ឋាន បាន​ឲ្យ​ដឹង​ដែរ​ថា ចម្ការ​ឈូករ័ត្ន​នេះ​បាន​ដាំ​ជាង​៤​ខែ​ហើយ និង​មាន​ច្រើន​កន្លែង​កំពុង​រីក​បន្តបន្ទាប់​គ្នា ។

លោក​ថា ៖« ចម្ការ​ឈូករ័ត្ន​នេះ យើង​ដាំ​សម្រាប់​ចិញ្ចឹម​ឃ្មុំ​ជា​ចំណុច​សំខាន់​ទី​១ និង​ទី​២ គ្រាប់​របស់​វា យើង​កិន​ជា​ប្រេង​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ទ្រទ្រង់​រាង​កាយ​ឲ្យ​រឹង​មាំ មិន​ប៉ះពាល់​សុខភាព និង​លក់​ក្នុង​តម្លៃ​១​ម៉ឺន​៥​ពាន់​រៀល​ក្នុង​១​លី​ត្រ ហើយ​ក៏​មាន​គេ​មក​កុម្ម​ង់​ទិញ​ជា​បណ្តើរ​ៗ​ផង​ដែរ » ។

លោក​បន្ដ​ថា ក្នុង​រយៈពេល​១​ខែ​ខាង​មុខ ចម្ការ​ផ្កាឈូករ័ត្ន​មួយទៀត នឹង​រីក​ស្រស់បំព្រង​កាន់តែ​ធំ​ឡើង​លើ​ផ្ទៃដី​៣​ហិ​កតា នៅ​តាម​ដង​ទន្លេមេគង្គ​នេះ ។ ចំពោះ​ទិស​ដៅ​ក្នុង​ពេល​អនាគត គឺ​ចង់​ឲ្យ​អ្នក​ភូមិ​នៅ​តំបន់​ជុំវិញ​ចេះ​ចិញ្ចឹម​ឃ្មុំ ព្រោះថា ទឹកឃ្មុំ​១​លី​ត្រលក់​បាន​៨​ម៉ឺន​រៀល ហើយ​លោក​នឹង​ពង្រីក​ការ​ដាំ​ដុះ​ផ្កាឈូករ័ត្ន​ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ពាសពេញ​ភូមិ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​ក្រុម​គ្រួសារ​នីមួយ​ៗ ហើយ​រំពឹង​ថា នឹង​មាន​អ្នក​មក​កម្សាន្ដ​កាន់តែ​ច្រើន​ឡើង​ៗ​ជា​លំដាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ