ទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៣៩នាក់ បានស្លាប់បាត់បង់ជីវិត និង៧នាក់ទៀតរងរបួសនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍២ករណីដាច់ដោយឡែកពីគ្នានៅក្នុងស្រុក Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី២ មីនា និងព្រឹកថ្ងៃទី៣ មីនា។ ទីភ្នាក់ងារព័ត៌មាន Press Trust របស់ឥណ្ឌារាយការណ៍ឱ្យដឹងថា រថយន្តមួយគ្រឿងដែលដឹកអ្នកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយបានក្រឡាប់ធ្លាក់ជ្រលងភ្នំជម្រៅ៣០០ហ្វ៊ូត កាលពីព្រឹកថ្ងៃទី៣ មីនា បណ្តាលឱ្យស្លាប់មនុស្ស៣២នាក់ ក្នុងនោះ៣០នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ភាគច្រើននៃអ្នកស្លាប់ទាំងនោះជាបុរស ។ ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀតមនុស្ស៧នាក់បានស្លាប់បាត់បង់ជីវិតនៅពេលរថយន្តរបស់ពួកគេបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ៕
ចែករំលែកព័តមាននេះ