ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមពីខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀលថ្ងៃទី១៨ កុម្ភៈ នេះបានឲ្យដឹងថា មានករណីឃាតកម្មមួយកើតបានឡើង នៅចំណុចចម្ការដំឡូងក្នុងព្រៃចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អំពើឃាតកម្មនោះគឺប្តីជាឃាតករវាយ និងអារកសម្លាប់ប្រពន្ធ កំពុងដកដំឡូងនៅក្នុងចម្ការទាំងពីរនាក់។ ជនសង្ស័យឈ្មោះ លាវ សាមី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជនរងគ្រោះជាប្រពន្ធឈ្មោះ ស៊ីន ឆេន អាយុ៤៣ឆ្នាំ មានកូនចំនួន៥នាក់ ស្រី្ត២នាក់ ក្រោយកើតហេតុបុរសជាប្តីត្រូវបានសមត្តកិច្ច ចាប់ខ្លួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នៅពេលទៅដកដំឡូងពីរនាក់ប្រពន្ធ ខ្លួនក៏បានឈប់សម្រាកបន្តិច បានអង្គុយផឹកស្រារហូតដល់ស្រវឹងធ្វើការលែងកើត។ ពេលនោះប្រពន្ធបានស្តីបន្ទោស និងជេរប្រមាថខ្លាំងៗ (ជេរគ្នាទៅវិញទៅមក) ខ្លួនក៏ខឹង និងទ្រាំលែងបាន ទើបយកដំបងឈើវាយទៅលើក្បាលប្រពន្ធផ្នែកខាងក្រោយចំនួន៣ដំបង បណ្តាលឲ្យប្រពន្ធដេកដួលលើដី។ បន្ទាប់មកខ្លួនក៏បានស្ទុះទៅយកកាំបិតខ្វែវអារកប្រពន្ធឈាមហូរ ជាថ្លុក រហូតដល់ស្លាប់នៅនឹងកន្លែង។ ជនសង្ស័យបន្តថា មូលហេតុគ្មានរឿងអី្វធំដុំទេ តែដោយសារខ្លួនស្រវឹងស្រា ហើយខឹងប្រពន្ធជេរស្តីបន្ទោសឲ្យផង ក៏ជ្រុលដៃវាយ និងអារកប្រពន្ធរហូតដល់ស្លាប់។
ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនកាន់ សាលាដំបូងខេត្តតាមនីតិវិធី ក្រោមការចោទប្រកាន់ពីបទឃាតកម្ម។ សាកសពស្ត្រីជាប្រពន្ធត្រូវបានកូនចៅ និងសាច់ញាតិធ្វើបុណ្យបូជាតាមប្រពៃណី៕
ចែករំលែកព័តមាននេះ