ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូតុកតុក​​ត្រឡប់​មក​ពីមើលល្ខោន​ពន្លះ​​​ជាមួយ​រថយន្ត​​ស្លាប់​​៧​នាក់ និង​របួស​​១១នាក់

15 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដ៏​​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ៦​ចំណុច​ភូមិស្រឡៅ ​ឃុំបល័ង្ក ​ស្រុក​បា​រាយណ៍​​ ខេត្តកំពង់ធំ ​រវាង​រ៉ឺ​ម៉ក​​ម៉ូតូ ​និង​រថ​យន្ត​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ចំណុះ​២តោន​កន្លះ​​កាល​​ពី​វេលា​​ម៉ោង​១១ ​និង​៣៨​នាទី​យប់​​ថ្ងៃ​ទី២៦​ មីនា​ ជា​ហេតុ​បណ្តាល​ឱ្យ​អ្នក​ជិះ​លើ​​ម៉ូតូ​កង់​៣​​បាន​ផ្លោង​ខ្ទាត​ចេញ​មក​លើ​ផ្លូ​វ​ដួល​​​ដេក​​រ​ដូក​​រណែល​ស្លាប់​ចំនួន​៧​នាក់​មាន​ក្មេង​ចាស់​ប្រុស ​ស្រី ​និង​រង​របួស​ចំនួន​១១នាក់​ ​ត្រូវ​បាន​​គេ​​នាំ​មកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកចំការ​លើ និងនាំបន្តមកសង្រ្គោះនៅមន្ទីរពេទ្យ​ខេត្ត​កំពង់​ចាម ។

តាមសេចក្តីរាយការណ៍ពីលោកសន តាល់ ប្រធាន​នគរ​បាល​សណ្តាប់ធ្នាប់នៃអធិការដ្ឋាន​នគរបាលស្រុកបារាយណ៍បានមានប្រសាសន៍ថា នៅវត្ត​បារាយណ៍ជាន់ដែក ឃុំបល័ង្ក ស្រុកបា​រាយណ៍ ធ្វើ​បុណ្យបញ្ចុះសីមា ហើយមានល្ខោន​បា​សាក់​សំដែងជូនទស្សនានៅយប់ថ្ងៃទី២៦ មីនា ធ្វើ​ឱ្យប្រជាពលរដ្ឋគ្រប់ទិសទី​នាំគ្នា​ទៅ​ទស្សនាកកកុញពេញវត្ត ។ លោក​ប្រធាននគរ​បាលសណ្តាប់ធ្នាប់ស្រុក​បានបន្តថា ក្នុងពេល​ដែលល្ខោនសំដែង​មិន​ទាន់​ចប់​នៅ​ឡើយនោះ ប្រជាពលរដ្ឋដែលមានគ្នា១៩នាក់ នាំ​គ្នា​ជិះ​រ៉ឺម៉កម៉ូតូកង់៣ចេញពីវត្ត​ត្រឡប់​មកផ្ទះវិញ​តាមផ្លូវជាតិក្នុងទិសដៅពីជើងមកត្បូង។ ស្រប​ពេលដែលបើកឡើងផ្លូវចំណោត​ត្រង់ភូមិស្រ​ឡៅទោង ឃុំបល័ង្ក ក៏បើក​គេច​មែក​ឈើ​ដែល​គេកាប់ដួលមកខាងផ្លូវ ក៏វាក់​ជាមួយ​នឹង​រថ​យន្ត​ដែលបើកបញ្ច្រាសទិសគ្នាបុកពីចំហៀងរ៉ឺមក​កង់៣យ៉ាងពេញទំហឹងតែម្តង ជា​ហេតុ​បណ្តាល​ឱ្យ​អ្នកជិះផ្លោងខ្ទាតចេញ​ ដេក​​ដួល​រដូក​រណែលនៅលើផ្លូវស្លាប់រហូតដល់ទៅ​៧នាក់​យ៉ាង​អាណោចអាធម៌។ ក្រៅពីនេះ ​បានរង​របួសដល់​ទៅ១១នាក់​មានក្មេង​ចាស់​ប្រុសស្រីត្រូវបាន​ដឹក​តាម​រថ​យន្ត​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ចំការ​លើ ។

នារីរងគ្រោះឈ្មោះអុល ស្រីណា អាយុ២៤​ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុក​ចំការ​លើបានប្រាប់ថា នៅវេលាម៉ោងជាង៧យប់​ថ្ងៃ​ទី២៦ មីនា នាងនិងក្រុមសាច់ញាតិបានជិះ​រ៉ឺ​ម៉ក​​ម៉ូតូកង់​៣ដែលមានគ្នាជិត២០នាក់​ចេញពីភូមិ​ទៅ​មើលល្ខោនបាសាក់ដែលសំដែងនៅវត្តបារាយណ៍ជាន់ដែក ស្រុកបារាយណ៍ ខេត្តកំពង់​ធំ ។ រហូតដល់ម៉ោងប្រហែលជា១១យប់ បាន​នាំគ្នា​​ត្រឡប់មកផ្ទះវិញ ។ ស្របពេលដែលជិះ​មកដល់​ត្រង់​ចំណុចវត្តស្រឡៅទោងត្រូវរថ​យន្ត​បុកយ៉ាងពេញទំហឹងតែម្តង ជា​ហេតុ​បណ្តាល​ឱ្យរូបនាងផ្លោងចេញមកលើ​ផ្លូវ​រង​របួសធ្ងន់ ហើយ​កូនដែលជិះទៅជាមួយ​៣​នាក់​រួមមាន ១-ឈ្មោះសេក ចាន់ទី ភេទស្រី អាយុ​៦ឆ្នាំ រង​របួស​ធ្ងន់ ២-ឈ្មោះសេក ស្រីណេ អាយុ​៧ឆ្នាំស្លាប់ និងកូនប្រុសតូចអាយុ២ខួប ត្រូវបាននាង​អោប​ជាប់នឹងដៃ សំណាងល្អ​រង​របួស​បន្តិច​បន្តួច ។

លោកអនុសេនីយ៍ឯកអ៊ិត ដារ៉ា អធិការ​នគរ​បាលស្រុកចំការលើបានប្រាប់ឱ្យដឹងដែរថា អ្នក​រងគ្រោះដែលស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើរួមមាន១-ឈ្មោះអ៊ុយ រ៉េន ភេទស្រី អាយុ៤៨ឆ្នាំ ២-ឈ្មោះអ៊ុយ ណាំង ភេទស្រី អាយុ៣២ឆ្នាំ ៣-ឈ្មោះអ៊ុយ សុខណា ភេទស្រី អាយុ៣០ឆ្នាំ ៤-ឈ្មោះណៃ ណាង ភេទ​ស្រី អាយុ៧ឆ្នាំ ៥-ឈ្មោះអុល ស្រីណាង ភេទ​ស្រី អាយុ៧ឆ្នាំ ៦-ឈ្មោះអ៊ែល រដ្ឋា ភេទ​ស្រី អាយុ១ខួប ៧-ឈ្មោះអ៊ែល ម៉ៃ ភេទស្រី អាយុ១២ឆ្នាំ ទាំងអស់គ្នារស់នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ត្រូវបានរៀបចំយក​ទៅធ្វើបុណ្យតាមប្រពៃណីហើយ ។

ចំណែកគ្រូពេទ្យខេត្ត​បានប្រាប់ថា អ្នក​ដែល​ត្រូវ​បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​មានចំនួន៦នាក់ តែដោយស្ថានភាពមាន​លក្ខណៈ​​ធ្ងន់ធ្ងរពេក៤នាក់ រួមមាន ១-ឈ្មោះប្រុស នេត ភេទស្រី អាយុ៣ឆ្នាំ ២-ឈ្មោះគីម ចាន់ណា ភេទ​ស្រី​ អាយុ២៤ឆ្នាំ ៣-ឈ្មោះគីម ចាន់ណាន ភេទស្រី អាយុ១២ឆ្នាំ ៤-ឈ្មោះអុល សំអឿន ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការ​លើទាំងអស់គ្នា ត្រូវ​បានបញ្ជូនបន្តទៅសង្គ្រោះ​នៅរាជធានីភ្នំពេញ​ទាំងយប់​ ។លោកប្រធាននគរបាលសណ្តាប់ធ្នាប់ស្រុក​បារាយណ៍បានបញ្ជាក់ថា អ្នកបើកបររថយន្ត​បានរត់គេចខ្លួនបាត់ តែនៅក្នុងរថយន្តមាន​បន្សល់​ប័ណ្ណបើកបរ១ ដែលសង្ស័យជារបស់​អ្នក​បើក​បរឈ្មោះចេង សុខធន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ ៕